ភ្នំពេញៈ ក្នុងរយៈពេល ១០ ថ្ងៃដើមខែមេសានេះ មានមនុស្ស ៦៧ នាក់បានស្លាប់ និង ១៦៩ នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាលដោយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីម្សិលមិញ។
ក្នុងរបាយការណ៍បានបញ្ជាក់ថា នៅថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១៤ លើក បណ្ដាលឲ្យមនុស្ស ១០ នាក់ស្លាប់ និង ២៦ នាក់ទៀត បានរងរបួសធ្ងន់ និងស្រាល។
តួលេខនេះមានការកើនឡើងជាងទ្វេដង បើធៀបនឹងគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងកាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០១៩ ដែលមានមនុស្ស៥នាក់ស្លាប់ និង ១២ នាក់ទៀតបានរងរបួសធ្ងន់ និងស្រាល។
របាយការណ៍បានបង្ហាញថា រាជធានី-ខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានជនរងគ្រោះស្លាប់ និងរបួសច្រើនជាងគេ ក្នុងរយៈពេល ១០ ថ្ងៃកន្លងមកនេះ គឺខេត្តកំពង់ស្ពឺ បន្ទាប់មករាជធានីភ្នំពេញ ខេត្តស្វាយរៀង ស្ទឹងត្រែង ព្រះសីហនុ និងខេត្តកណ្ដាល ហើយមូលហេតុដែលបង្កនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន បណ្ដាលមកពីការបើកបរលើសល្បឿនកំណត់ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ មិនគោរពសិទ្ធិជាអាទិភាព មិនប្រកាន់ស្ដាំ បត់ខ្វះការប្រុងប្រយ័ត្ន និង បើកបរក្នុងស្ថានភាពស្រវឹង។
លោក គង់ សុវណ្ណ អ្នកប្រឹក្សាឯករាជ្យនៃការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានសម្ដែងនូវក្ដីបារម្ភថា កំណើននៃអត្រាស្លាប់ និងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ន នឹងធ្វើឲ្យប្រទេសកម្ពុជាមិនអាចសម្រេចបានដោយជោគជ័យ នៅក្នុងការងារបង្ការ និងទប់ស្កាត់អត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យមកនៅ ០ នាក់តាមផែនការ ដែលបានគ្រោងទុកនាឆ្នាំ ២០២៥ ខាងមុខនេះបានទេ។
លោក សុវណ្ណ បានបញ្ជាក់ថា៖ «បច្ចុប្បន្ន យើងបានពិនិត្យឃើញសមត្ថកិច្ចពាក់ព័ន្ធបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងការចុះពង្រឹងការងារផ្សព្វផ្សាយអប់រំ លើកកម្ពស់ការយល់ដឹងពីច្បាប់ចរាចរណ៍ និងការប្រើប្រាស់មធ្យោបាយនៅលើដងផ្លូវប្រកបដោយសុវត្ថិភាព ប៉ុន្តែប្រជាពលរដ្ឋភាគច្រើននៅមិនទាន់ផ្លាស់ប្ដូរឥរិយាបថ ដែលមិនប្រពៃរបស់ខ្លួននោះទេ»។
លោកបានបន្ថែមថា ទោះជាបែបណាក្ដីការផ្លាស់ប្ដូរឥរិយាបថរបស់មនុស្សមិនអាចធ្វើឡើងក្នុងរយៈពេល ១ ថ្ងៃ ឬ ១ សប្ដាហ៍បានទេ វាទាមទារពេលវេលា និងការផ្សព្វផ្សាយអប់រំជាប្រចាំ ដូចជាករណីប្រទេសអូស្ត្រាលី និង ប្រទេសជប៉ុន មុនពេលទទួលបានជោគជ័យនៅក្នុងការងារតម្រង់ទិសប្រជាជនរបស់ពួកគេឲ្យយល់ដឹងអំពីច្បាប់ចរាចរណ៍ និងការប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាពនោះ រដ្ឋាភិបាលរបស់ប្រទេសទាំង ២ នេះ គេបានចំណាយពេលអស់រាប់សិបឆ្នាំ ក្នុងនោះប្រទេសជប៉ុនបានចំណាយពេល ៧០ ឆ្នាំ និងអូស្ត្រាលីចំណាយពេល ជិត ៤០ ឆ្នាំ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០១៩ បានជំរុញឲ្យក្រសួងអប់រំបង្កើនម៉ោង និងថ្នាក់ពិសេស សម្រាប់ការសិក្សាអប់រំអំពីច្បាប់ និងស្លាកសញ្ញាចរាចរណ៍ដល់សិស្សថ្នាក់បឋមសិក្សា និងមធ្យមសិក្សាបន្ថែមទៀត។
លោកបានបញ្ជាក់ថា៖ «មានតែបញ្ជ្រាបការអប់រំអំពីច្បាប់ចរាចរណ៍ និងគ្រឿងញៀនដល់សិស្សចាប់តាំងពីកម្រិតបឋម និងមធ្យមសិក្សាទេ ទើបយើងអាចឈានទៅរកភាពជោគជ័យបាននាពេលអនាគត»។
លោកបានជំរុញឲ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បង្កើនការយកចិត្តទុកដាក់ អំពីការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខាងមុខ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវប្រុងប្រយ័ត្ន ដោយត្រូវគោរពច្បាប់ចរាចរណ៍ និងពាក់មួក និងខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវមុនពេលបើកបរយានជំនិះ កុំបើកបរលើសល្បឿនកំណត់ កុំបើកបរក្នុងពេលស្រវឹង ត្រូវមានការគោរពសិទ្ធិ និងមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក៕