
ពលរដ្ឋនៅស្រុកព្រៃនប់ ពេលត្រូវបានជម្លៀសទៅកន្លែងមានសុវត្ថិភាព កាលពីថ្ងៃទី ១៨ និងថ្ងៃទី ១៩ កញ្ញា។ រូបថត រដ្ឋបាលខេត្តព្រះសីហនុ
ព្រះសីហនុៈ មនុស្សចំនួន ៦ នាក់នៅខេត្តព្រះសីហនុ និងខេត្តកោះកុងបានលង់ទឹកស្លាប់ ខណៈពលរដ្ឋជិត ៥០០ នាក់ នៅស្រុកព្រៃនប់ត្រូវបានជម្លៀសទៅកន្លែងមានសុវត្ថិភាពគិតចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែកញ្ញា ក្រោយពីផ្ទះរបស់ពួកគេត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀង។
ខេត្តព្រះសីហនុបានរងការជន់លិចផ្ទះសំបែងពលរដ្ឋដោយសារភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃទី ១៧ កញ្ញា ដោយសារតែរងឥទ្ធិពលពីព្យុះទី ១១ ឈ្មោះ នូល ដែលបានកើតឡើងនៅសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃទី ១៥ ហើយបានធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលីពីន វៀតណាម ថៃ និងឡាវ។
ក្មេងស្រី ២ នាក់ បានស្លាប់ដោយលង់ទឹកកាលពីថ្ងៃត្រង់ទី ២០ ខែកញ្ញា ម្សិលមិញនៅក្នុងរោងចក្រអគ្គិសនី ធ្យូងថ្ម តំបន់សេដ្ឋកិច្ចពិសេសក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។ នេះបើតាមការចុះផ្សាយដោយអង្គភាពប្រតិកម្មរហ័សរបស់ខេត្តព្រះសីហនុ។
ក្មេងស្រីរងគ្រោះទាំង ២ នាក់គឺមានអាយុ ៤ ឆ្នាំដូចគ្នាម្នាក់មានស្រុកកំណើតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងម្នាក់ទៀតមានស្រុកកំណើតនៅភូមិជំរំសៀម ក្រុងខេត្តពោធិ៍សាត់។ ឪពុកម្ដាយរបស់កុមារីរងគ្រោះទាំង ២ នាក់បាននិយាយថា នៅវេលាម៉ោង ៨ ព្រឹកថ្ងៃទី ២០ ខែកញ្ញា ពួកគេបាននាំគ្នាទៅធ្វើការដោយទុកកូនឱ្យនៅក្នុងរោងស្នាក់នៅ ហើយនៅម៉ោងប្រមាណ ១១ ថ្ងៃត្រង់ពេលចេញពីធ្វើការវិញក៏បាត់កូនមិនឃើញ ហើយបាននាំគ្នាដើររក និងឃើញកូនលង់ទឹកក្នុងថ្លុកទឹកក្បែរកន្លែងស្នាក់នៅ។

សមត្ថកិច្ចជួយជម្លៀសពលរដ្ឋត្រូវទឹកជន់លិចចេញពីផ្ទះ។ រូបថត រដ្ឋបាលខេត្តព្រះសីហនុ
រដ្ឋបាលខេត្តព្រះសីហនុបានរាយការណ៍កាលពីថ្ងៃទី ១៩ កញ្ញាថា ស្ដ្រីអាយុ ៣៥ ឆ្នាំម្នាក់រស់នៅក្នុងសង្កាត់លេខ ១ បានលង់ទឹកស្លាប់ ក្រោយពីបាត់ខ្លួន ១ ថ្ងៃ តាំងពីរសៀលថ្ងៃទី ១៨ កញ្ញា បន្ទាប់ពីធ្វើដំណើរទៅរកប្តីដោយបានដើរឆ្លងកាត់ប្រឡាយជីកមួយហើយបានរអិលធ្លាក់ចូលក្នុងទឹកដែលកំពុងហូរខ្លាំង។
កាលពីថ្ងៃទី ១៧ កញ្ញា កុមារីអាយុ ១ ឆ្នាំ ៨ ខែម្នាក់ក៏បានរអិលធ្លាក់ចេញពីដៃឪពុកចូលក្នុងទឹកហូរកួចខ្លាំងអណ្តែតទៅបាត់ នៅពេលទឹកភ្លៀងបានហូរកាត់លិចលំនៅឋានជាច្រើនខ្នងនៅស្រុកព្រៃនប់ ហើយត្រូវបានសមត្ថកិច្ចបានរកឃើញសពនៅម៉ោង ៧ ព្រឹកថ្ងៃទី ១៨ កញ្ញាដែលអណ្តែតទើរលើដើមឈើចម្ងាយពីផ្ទះប្រមាណជាង ៣០០ ម៉ែត្រ។
របាយការណ៍ពីមន្ត្រីខេត្តព្រះសីហនុ ដែលភ្នំពេញប៉ុស្ដិ៍ទទួលបានកាលពីម្សិលមិញបញ្ជាក់ថា ជំនន់ទឹកភ្លៀងដែលបានកើតឡើងនៅស្រុកព្រៃនប់ និងក្រុងព្រះសីហនុនៅថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ កញ្ញា គឺបានប៉ះពាល់ពលរដ្ឋចំនួន ១ ៩៥៨ គ្រួសារក្នុងឃុំ និងសង្កាត់សរុបចំនួន ១១ ហើយក្នុងនោះ ពលរដ្ឋចំនួន ៤៧៥ នាក់នៅស្រុកព្រៃនប់ត្រូវបានជម្លៀសចេញពីផ្ទះសំបែង។ ជំនន់ទឹកភ្លៀងនេះក៏បានធ្វើឱ្យផ្លូវលំជាច្រើនកន្លែងដែលមានប្រវែងសរុប ២ ១៧០ ម៉ែត្រ ខ្លះត្រូវលិច និងខ្លះទៀតខូចខាត។
លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុថ្លែងថា គិតត្រឹមថ្ងៃទី ២០ កញ្ញាតំបន់ដែលរងការជន់លិចដោយសារជំនន់ទឹកភ្លៀងគឺបានស្រកចុះវិញស្ទើរទាំងស្រុងហើយពលរដ្ឋមួយចំនួនដែលត្រូវបានជម្លៀសក៏ត្រូវត្រឡប់ទៅផ្ទះវិញបណ្ដើរៗដែរ។ លោកថា៖ «ស្រកអស់ហើយហើយទោះមានសភាពល្អវិញ ប៉ុន្តែកម្លាំងរបស់ខ្ញុំ និងគណៈបញ្ជាការឯកភាពខេត្ត នៅតែប្រចាំការនៅកន្លែងហ្នឹង (ជន់លិច) ទាំងអស់ដើម្បីរង់ចាំការពឹងពាក់ពីប្រជាពលរដ្ឋ»។
លោកបន្តថា ស្របពេលអាកាសធាតុហាក់វិលទៅរកភាពប្រក្រតីវិញ អាជ្ញាធរក៏បានចាប់ផ្ដើមជម្លៀសអ្នកទេសចរចំនួន ១ ០៩២ នាក់ ចេញពីតាមកោះមួយចំនួនដែលបានជាប់គាំងបន្ទាប់ពីមានខ្យល់ និងភ្លៀងខ្លាំងដោយសារព្យុះតាំងពីថ្ងៃទី ១៧ កញ្ញា មក។
ចំណែកនៅក្នុងខេត្តកោះកុងវិញ ព្យុះនេះក៏បានធ្វើឱ្យមានខ្យល់ បោកបក់ខ្លាំង នៅលើផ្ទៃសមុទ្រធ្វើឱ្យទឹកសមុទ្រមានរលកធំៗខុសពីធម្មតា ប៉ុន្តែខេត្តនេះពុំបានរាយការណ៍ករណីរងការជន់លិចផ្ទះពលរដ្ឋឡើយ។ រដ្ឋបាលខេត្តកោះកុងបានរាយការណ៍កាលពីថ្ងៃទី ១៩ កញ្ញា ដែរថា បងប្អូនបង្កើតប្រុសស្រី ២ នាក់ត្រូវបានរលកទឹកសមុទ្រទាញចូលទៅក្នុងសមុទ្រកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២០ នៅចំណុចឆ្នេរពយស្ងាវ ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ។ ប្អូនប្រុសអាយុ ១៥ ឆ្នាំត្រូវបានរកឃើញលង់ទឹកស្លាប់នៅថ្ងៃទី ១៨ កញ្ញា ខណៈបងស្រីដែលមានអាយុ ១៧ ឆ្នាំដែលបាត់ខ្លួន ត្រូវបានរកឃើញសាកសពដែលបានអណ្ដែតទៅក្បែរក្រុមហ៊ុនចិនយូញៀន។
ក្រសួងធនធានទឹកបានព្យាករថា ឥទ្ធិពលព្យុះនូលត្រូវបញ្ចប់នៅត្រឹមថ្ងៃទី ២០ កញ្ញា។
លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា លោកមិនទាន់មានរបាយការណ៍បូកសរុបអំពីផលប៉ះពាល់ដោយសារឥទ្ធិពលព្យុះនូលនេះទេ ប៉ុន្តែលោកថា ស្រុកព្រៃនប់គឺរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ លោកថា៖ «ខាងខេត្តមិនទាន់បានរាយការណ៍មកថ្នាក់ជាតិនៅឡើយទេ»៕