កំពង់ស្ពឺ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស ​៨ ​នាក់​ ក្នុង​នោះ​មាន​ទាំង​ស្ត្រី​មាន​ផ្ទៃ​ពោះ​ និង​កុមារី​អាយុ ​៤ ​ឆ្នាំ​ផង​​ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ ៩ ​នាក់​ផ្សេង​ទៀត​​​បាន​រង​របួស ​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​ស៊ីម៉ងត៍​បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​អ្នក​ដំណើរ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ ​៤១ ក្នុង​ភូមិ​អណ្ដូង​ច្រុះ ​ឃុំ​ស្នំ​ក្រពើ ស្រុក​គង​ពិសី ខេត្ត​កំពង់ស្ពឺ។

លោក​ ទូច​ ភារិទ្ធ អធិការ​រង​ស្រុក​គងពិសី​ទទួល​បន្ទុក​ផ្នែក​ចរាចរណ៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង ​២៣​:៤២ ​នាទី​ យប់​ថ្ងៃ ​៣១ ធ្នូ ឆ្នាំ ​២០១៩ ​ជិត​ឆ្លង​ចូល​ឆ្នាំ ​២០២០​ បណ្ដាល​មនុស្ស ​៨ ​នាក់​ស្លាប់​ ក្នុង​នោះ​រួម​មាន​ឈ្មោះ​ ហួន ​វណ្ណី​ អាយុ ​៣៩ ​ឆ្នាំ​ ជា​អ្នក​បើកបរ​រថយន្ត​ដឹក​អ្នក​ដំណើរ, ផាន ​រ័ត្ន​ ភេទ​ប្រុស អាយុ ​៤១ ​ឆ្នាំ, ប្រាក់ សុមន ភេទ​ស្រី អាយុ ​២៦ ​ឆ្នាំ, កែម​ ហៀង​ ភេទ​ស្រី​ អាយុ ​៦៤ ឆ្នាំ, សៀង​ អឿន​ ភេទ​ស្រី អាយុ​ ២៧ ​ឆ្នាំ (មាន​ផ្ទៃ​ពោះ ៤ ​ខែ) និង​កូន​ស្រី​គាត់​អាយុ ​៤ ឆ្នាំ ​ឈ្មោះ​ ស្រី ​និច ​(អ្នក​ទាំង ​៦​ មាន​​លំនៅ​ក្នុង​ស្រុក​បសេដ្ឋ​ ខេត្ត​កំពង់ស្ពឺ)។ ចំណែក​អ្នក​ស្លាប់ ២ នាក់​ទៀត ឈ្មោះ​ ស៊ឹម សុភ័ណ្ឌ​ ភេទ​ស្រី​ អាយុ ​២៥ ​ឆ្នាំ ​និង​ឈ្មោះ ​គឹមហុង ​ភេទ​ប្រុស​ អាយុ ​២៥ ឆ្នាំ​ មាន​លំនៅ​ក្នុង​ភូមិ​តាប្រឹម ​ឃុំ​សំបូរ ​ស្រុក​ទ្រាំង ខេត្ត​តាកែវ។ រីឯ ៩ នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់ ក្នុង​នោះ​មាន​ស្រី​មា្នក់​ផង​ដែរ។

លោក​បាន​បញ្ជាក់​ថា៖ ​«ឆ្លង​តាម​ការ​ត្រួត​ពិនិត្យ ​វាស់​វែង និង​សាក្សី​នៅ​កន្លែង​កើត​ហេតុ គ្រោះ​ថ្នាក់​​ចរាចរណ៍​គួរ​ឲ្យ​រន្ធត់​​ខាង​លើ​នេះ គឺ​បណ្ដាល​មក​ពី​ភាព​ធ្វេស​ប្រហែស ​របស់​អ្នក​បើក​បរ​រថយន្ត​​​ដឹក​អ្នក​ដំណើរ​ដែល​បើក​រំលោភ​ចូល​ទៅ​ក្នុង​គន្លង​ផ្លូវ​របស់​រថយន្ត​ដឹក​ស៊ីម៉ងត៍ ដែល​បើក​បញ្ច្រាស​ទិស​គ្នា»​។

បើ​តាម​លោក ​ភារិទ្ធ​ នៅ​មុន​កើត​ហេតុ​គេ​បាន​ឃើញ​រថយន្ត​ដឹក​អ្នក​ដំណើរ ​(Van) ពាក់​ស្លាក​លេខភ្នំ​ពេញ​ 2AF-2506 បើកបរ​ពី​ទិស​ខាង​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន។​ លុះ​ដល់​ចំណុច​ចន្លោះ​បង្គោល​គីឡូ​ម៉ែត្រ​លេខ ​២៧-២៨ ក្នុង​ភូមិ​អណ្ដូង​ច្រុះ ​ឃុំ​ស្នំ​ក្រពើ ស្រុក​គង​ពិសី ខេត្ត​កំពង់ស្ពឺ រថយន្ត​នេះ បាន​បើក​ជែង​រថយន្ត​ដឹក​ទំនិញ ​១ ​គ្រឿង​ទៀត ​ដែល​ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​ស្រប​គ្នា។

ប៉ុន្តែ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ​រថយន្ត​ដឹក​អ្នក​ដំណើរ​នោះ​​​បាន​​​រេ​ចង្កូត​ទៅ​ចូល​ក្នុង​គន្លង​ផ្លូវ​ម្ខាង​ទៀត ដែល​នៅ​ខាង​ឆ្វេង​នៃ​គំនូស​ពណ៌​ស​ពុះ​ចែក​ទ្រូង​ផ្លូវ​ ខណៈ​រថយន្ត​ដឹក​ស៊ីម៉ងត៍​ម៉ាក HINO ពាក់​ស្លាក​លេខ​ ភ្នំពេញ ​3A-5849 បើកបរ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ដែរ​នោះ ​បាន​មក​ដល់​ ហើយ​ក៏​បាន​បុក​ជាមួយ​រថយន្ត​ដឹក​អ្នក​ដំណើរ​នោះ​ពេញ​មួយ​ទំហឹង​តែ​ម្ដង​។

លោក​ ភារិទ្ធ​ បាន​បន្ត​ថា ក្រោយ​ហេតុការណ៍​គ្រោះ​ថ្នាក់​ អ្នក​បើកបរ​រថយន្ត​ដឹក​ស៊ីម៉ងត៍​បាន​រត់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​។ ប៉ុន្តែ​លោក​ថា ពេល​នោះ​កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍​ដោយ​ដឹក​អ្នក​របួស​ទៅ​កាន់​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ស្ពឺ​ និង​មន្ទីរ​ពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ ​ដើម្បី​ពិនិត្យ​ព្យាបាល​របួស និង​បាន​ជួយ​ទាក់ទង​​រក​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ដែល​ស្លាប់ ​ដើម្បី​មក​ទទួល​យក​សាកសព​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។​ដោយ​ឡែក ​​រថយន្ត​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង ​២ ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​នាំយក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​​គង​ពិសី ​ដើម្បី​មាន​ចំណាត់​ការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់​។

តាម​ការ​បញ្ជាក់​ពី​លោក​ ភារិទ្ធ​ នៅ​ពេល​នេះ​ក្រុម​មន្ត្រី​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ ​អ្នក​បើកបរ​រថយន្ត​ដឹក​ស៊ីម៉ងត៍​ ដើម្បី​កោះ​អញ្ជើញ​មក​ឆ្លើយ​បំភ្លឺ​ជុំវិញ​ករណី​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ៕​

សមត្ថកិច្ច​ពេល​ជួយ​អ្នក​របួស​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​យប់​ថ្ងៃទី ៣១ ធ្នូ។ រូបថត ប៉ូលិស