ព្រះសីហនុៈ នៅ​តំបន់​ឆ្នេរ​សមុទ្រ​ខេត្តព្រះ​សីហនុ ​ពិសេស​ឆ្នេរ​ឯករាជ្យ​ គេ​កត់​សម្គាល់​ឃើញ​មានដើម​ឈើ​ចម្រុះ​ប្រភេទ​ ដុះនៅ​ប្រប​តាម​បណ្ដោយ​ឆ្នេរ​ខ្សាច់​ពណ៌​មាស ជាមួយនឹងហ្វូង​ស្វា​រាប់សិប​ក្បាល​ដែលបានរស់នៅ​លើ​ដើម​ឈើ​ទាំងនោះ ​​ដោយ​លោត​តោងពី​មែក​ឈើ​ម្ខាង​ទៅមែក​ឈើ​ម្ខាង​យ៉ាង​រហ័ស​រហួន។ ក្រៅពី​ការលម្ហែកាយ​ និង​ងូតទឹក​សមុទ្រ​កម្សាន្ត​សប្បាយ​ ភ្ញៀវទេសចរ​ក៏អាច​គយ​គន់​ទស្សនា​អំពី​ភាពក្រមិច​ក្រមើម​របស់​សត្វស្វា​ដ៏គួរឲ្យ​ចាប់​អារម្មណ៍​ទាំង​នោះ​ផង​ដែរ។

ប៉ុន្តែ​ កាលពី​ពេលថ្មីៗ​នេះ ​សត្វស្វា ​ដែលតែងតែ​លោត​ចុះ​លោត​ឡើង ​និង​រត់​លេង​នៅ​ទីនោះ ​ត្រូវបាន​គេចាប់​យក​ទៅ​ដាក់​នៅកន្លែង​ផ្សេង​អស់​ជាច្រើន​ក្បាល​​ហើយ។ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះ​សីហនុ ​និង​ភ្ញៀវទេសចរ​ ដែលធ្លាប់​ទៅ​កម្សាន្ត​នៅក្នុង​តំបន់​ឆ្នេរ​ខាងលើ​នោះ ​បាននិយាយថា ​ទស្សនីយភាព​ទាំងនោះ ​បាន​ក្លាយជា​រឿង​អតីតកាល​ទៅ​ហើយ។

លោក​ ឆាំ សាវុធ ​អាយុ​ ៤៥ ឆ្នាំ ​ជាអ្នករស់​នៅក្នុង​សង្កាត់​លេខ ៤ ​ក្រុងខេត្ត​ព្រះសីហនុ ​បាននិយាយថា ​សត្វស្វា​ជាច្រើន​ក្បាលត្រូវបាន​គេចាប់​យក​​ចេញពី​តំបន់​នោះ​ស្ទើរ​អស់​ទៅហើយ ​ក្រោម​ហេតុផល​ថា​សត្វស្វា​ទាំង​នោះ ​បាន «រំខាន»​ ដល់​មហាជន​ទូទៅ ​រួមទាំង​ទេសចរ​ផងដែរ​ ពិសេស​បានធ្វើ​ឲ្យប៉ះ​ពាល់​ដល់​សណ្ដាប់​ធ្នាប់​ និង​របៀប​រៀប​រយ​​សាធារណៈ។

លោក​ សាវុធ ​ថ្លែងថា​៖ «កាលពី​មួយ​សប្ដាហ៍​មុននេះ ​មានមនុស្ស​មួយក្រុម​ បានមក​ចាប់​សត្វស្វា​ជាច្រើន​ក្បាល ​ពីក្នុង​តំបន់​នេះ ​ដោយប្រើ​ថ្នាំ​សណ្ដំ​បាញ់​ទៅលើ​ពួកវា​ ប៉ុន្តែ​ពួកគេ​មិនបានប្រាប់​ឲ្យដឹង​អំពី​មូលហេតុ​នៃការ​បរបាញ់​ចាប់​យកស្វា​ទាំង​នោះ​ឡើយ»។

ចំណែក ​លោក ​អឿ វិបុល ​ប្រធាន​ការិយាល័យ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ប្រចាំតំបន់ឆ្នេរ ​បាន​លើក​ឡើង​ស្រដៀង​គ្នានេះថា ​សត្វ​ស្វា​ធំៗ ដែលធ្លាប់​បង្អួត​ខ្លួនដល់​ភ្ញៀវ​ទេសចរ​ជាតិ ​និងអន្តរជាតិ ​នាពេល​កន្លងមក​នោះ ​បានបាត់​វត្តមាន​ពីតំបន់​នោះ​ហើយ។

លោក​ថ្លែងថា​៖ «យើង​ពិតជា​មានការ​សោកស្ដាយ​ផងដែរ​ នៅពេល​ដែល​ដឹងថា​ពួកវា​ត្រូវបាន​គេចាប់​យកទៅ​កន្លែង​ផ្សេង។ ក្នុង​វិស័យ​ទេសចរណ៍ ​យើង​ចាត់ទុក​សត្វស្វា​គឺ​ជាផ្នែក​មួយ​នៃ​ផលិតផល​ទេសចរណ៍ ​ភាពរប៉ិល​រប៉ូច​របស់​វា​ ធ្វើ​ឲ្យ​ទេសចរ​ខ្នក់​ខ្នាញ់​ និង​ចង់​គយគន់​ទស្សនា ​ព្រមទាំង​ថត​រូប​របស់​វា​ទុក​ជា​អនុស្សាវរីយ៍»។

បើតាមលោក​វិបុល ​នៅតំបន់​ឆ្នេរ​ឯករាជ្យ ​នាពេល​បច្ចុប្បន្ន ​គេ​ស្ទើរតែ​ពុំឃើញ​មានវត្ត​មានសត្វ​ស្វា​បង្ហាញខ្លួន​តាមដើម​ឈើ​ដូច​មុន​ទៀត​ឡើយ។

ជុំវិញ​ករណីនេះ ​លោក​ នេន ចំរើន​ ប្រធាន​​មន្ទីរ​កសិកម្ម ​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត​ព្រះសីហនុ ​កាលពី​ថ្ងៃអង្គារ​បានចេញ​សេចក្ដី​ជូន​ដំណឹង​យ៉ាង​បន្ទាន់​មួយ ​ដើម្បី​ឆ្លើយ​បំភ្លឺ​ទៅនឹង​ចម្ងល់​របស់​មហាជន​​នៅក្នុង​ខេត្ត​នេះ។ នៅក្នុង​លិខិត​ជូន​ដំណឹង​នោះ ​លោក​បាន​បញ្ជាក់​ពី​មូលហេតុ​នៃការចាប់​សត្វស្វា​ចេញ​ពីតំបន់​ឆ្នេរ​ឯករាជ្យ​នោះ​ថា ​ដោយ​សារ​​ហ្វូង​សត្វ​ស្វា​ទាំងនោះ​បាន​បង្ក​ការរំខានដល់​មហាជន ​និងការធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ​រួមទាំង​ទេសចរ​ជាតិ​ និង​អន្តរជាតិ។

ជាមួយគ្នានេះ ​លោក ​ចំរើន​ បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា​៖ «មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មកពី​ឧទ្យានជាតិ​ភ្នំតា​ម៉ៅ ​បាន​ចុះ​ចាប់​សត្វស្វា​បង្ក​ការរំខាន​មួយចំនួន​ចេញ ​ដើម្បី​រក្សា​សុវត្ថិភាព​ និងសណ្ដាប់​ធ្នាប់​សាធារណៈ។ សត្វ​ស្វា​ដែល​ត្រូវ​បាន​ចាប់​ចេញពី​តំបន់​ខាងលើ​នេះ ​ត្រូវ​បាន​នាំយក​ទៅលែង​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សុវត្ថិភាព​ សហគមន៍​ព្រៃឈើ​វាល ស្ថិត​ក្នុង​ខេត្ត​ពោធិ៍សាត់»។

ទោះជា​យ៉ាងណា លោក​ចំរើន ​មិនបាន​ប្រាប់ឲ្យ​ដឹង​អំពី​ចំនួន​សត្វស្វា ​ដែល​ត្រូវ​បាន​ចាប់​ចេញពី​តំបន់​ខាងលើ​នោះទេ ​ប៉ុន្តែ លោក ​ព្រាប សុជាតិ ​មន្ត្រី​ជំនាញ​នៃ​ឧទ្យាន​សួន​សត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ ​ដែលបាន​ដឹក​នាំ​ក្រុមការ​ងារ​ចុះ​ចាប់​សត្វ​ស្វា​ទាំងនោះ ​បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅថ្ងៃម្សិលមិញថា​ សត្វស្វា​ដែលត្រូវបាន​ចាប់​ពីតំបន់​ខាងលើ​មាន​ចំនួន​សរុប​ ៣០ ក្បាល។

លោកថា​៖ «យើង​ចាប់​តែ​ស្វា​ណា​ដែល​កាចៗ​តែប៉ុណ្ណោះ ​ព្រោះ​វា​អាចបង្ក​បញ្ហា​ដល់​ប្រជាពលរដ្ឋ​ និងទេសចរ ​ពិសេស​កុមារ​តូចៗ។ នៅពេល​នេះ​ ពួកវា​ត្រូវបាន​ដោះ​លែង​ទៅក្នុង​ព្រៃ​ការពារ​របស់​សហគមន៍​ព្រៃឈើ​វាល​ ក្នុង​ខេត្ត​ពោធិ៍​សាត់ដោយ​សុវត្ថិភាព»។

ការចាប់​សត្វស្វា​ទាំង​នោះ​ លោក ​សុជាតិ ​បង្ហើប​ឲ្យដឹង​ដែរ​ថា ​គឺតាម​សំណើរ​បស់​ម្ចាស់​សណ្ឋាគារ​ឯករាជ្យ​ ដែលបានអះ​អាងថា​ ហ្វូង​ស្វាទាំង​នោះ​បាន​បង្ក​ការរំខាន​ដល់​ភ្ញៀវ​របស់​ពួកគេ ​និងបំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​ឯកជន​របស់​សណ្ឋា​គារ ​ដែលរួម​មាន​រុះរើ​ដំបូល ​និងអំពូល​ភ្លើង​របស់​សណ្ឋាគារ​ជាដើម៕