The Phnom Penh Post Search

Search form

ស ខេង​៖ ផ្ទេរ​អំណាច​នៅ​យឺត​ ​ក្រសួង​មួយ​ចំនួន​ស្ទាក់ស្ទើរ​ផ្ទេរ​អំណាច​រដ្ឋបាល​ទៅ​ថ្នាក់​ក្រោម

លោក ស ខេង ដឹកនាំ​ប្រជុំ​កំណែទម្រង់​ថ្នាក់​ក្រោម​ជាតិ​នៅ​ក្រសួង​មហាផ្ទៃ។
លោក ស ខេង ដឹកនាំ​ប្រជុំ​កំណែទម្រង់​ថ្នាក់​ក្រោម​ជាតិ​នៅ​ក្រសួង​មហាផ្ទៃ។ រូបថត ក្រសួង​មហាផ្ទៃ

ស ខេង​៖ ផ្ទេរ​អំណាច​នៅ​យឺត​ ​ក្រសួង​មួយ​ចំនួន​ស្ទាក់ស្ទើរ​ផ្ទេរ​អំណាច​រដ្ឋបាល​ទៅ​ថ្នាក់​ក្រោម

ភ្នំពេញ: មន្រ្តី​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ប្រមាណ​ ៥០ ​នាក់​បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​ម្សិលមិញ​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ក្នុង​ការ​បន្ថែម​ល្បឿន​ក្នុង​ការ​ផ្ទេរ​អំណាច​ទៅ​កាន់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ខណៈ​ដែល​ក្រសួង​មួយ​ចំនួន​នៅ​តែ​ស្ទាក់ស្ទើរ​ក្នុង​ការ​សម្រេចចិត្ត​ពី​កំណែទម្រង់​នេះ។

លោក​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​នេះ​បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ពី​ការ​កំណត់​នូវ​មុខងារ​ និង​ធនធាន​នានា​ដែល​ត្រូវ​​ផ្ទេរ​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​មាន​ភាព​យឺតយ៉ាវ​ដែល​នឹង​អាច​មិន​សម្រេច​បាន​តាម​កាលបរិច្ឆេទ​ដែល​បាន​កំណត់​ឲ្យ​ចប់​នៅ​ឆ្នាំ​ ២០១៩ ​ដែល​ជា​ផ្នែក​មួយ​នៃ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​នូវ​កម្មវិធី​ជាតិ​លោក ស ខេង ​បាន​ថ្លែ​ថា​៖ ​«​ដូច​ដែល​ខ្ញុំ​បាន​គូស​បញ្ជាក់​នៅ​ពេល​បើក​អង្គ​ប្រជុំ​ថា​យើង​បាន​ចំណាយ​ពេលវេលា​ច្រើន​ឆ្នាំ​ដើម្បី​ជំរុញ​ដំណើរការ​​នេះ​ដើម្បី​សម្របសម្រួល​ និង​ឲ្យ​មាន​ការ​យល់​ព្រម​ជា​ធ្លុង​មួយ​ដើម្បី​ឲ្យ​ក្រសួង​របស់​ខ្លួន​ផ្ទេរ​មុខងារ​ និង​ធនធាន​ជាក់លាក់​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ហើយ​យើង​បាន​ជំរុញ​ក្រសួង​​នីមួយៗ​ឲ្យ​ធ្វើការ​សម្រេច​ចិត្ត​របស់​ខ្លួន​ដើម្បី​ផ្ទេរ​មុខងារ​របស់​ខ្លួន​ឲ្យ​ថ្នាក់​រដ្ឋបាល​ក្រោម​ជាតិ​ហើយ​កន្លង​មក​យើង​ធ្វើ​យ៉ាង​​ដូច្នេះ​ប៉ុន្តែ​វា​ហាក់​ដូច​មិន​បាន​ជោគជ័យ​»​។

លោក ស ខេង ​បាន​បញ្ជាក់​ថា​លោក​បាន​ណែនាំ​ឲ្យ​លេខាធិការដ្ឋាន គជអប ធ្វើ​បញ្ជី​នៃ​មុខងារ​ជាក់លាក់​នេះ​នឹង​ដាក់​ជូន​ដើម្បី​ពិនិត្យ​ និង​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​លើក​ទី​ ១៣ ​នឹង​ដាក់​ជូន​ទៅ​រដ្ឋាភិបាល​ដើម្បី​ពិនិត្យ​ និង​សម្រេច​។

លោក​ថ្លែង​ថា​៖ «​ការ​សម្រេច​ចិត្ត​ផ្នែក​នយោបាយ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ការ​កំណត់​នូវ​មុខងារ​ និង​ធនធាន​សមស្រប​នានា​ដែល​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ហើយ​វា​នៅ​សល់​ពេល​តិច​ណាស់​ពី​ពេល​នេះ​ទៅ​ដល់​ឆ្នាំ​ ២០១៩ ​ត្រូវ​ផ្ទេរ​ឲ្យ​បាន​ចប់​សព្វ​គ្រប់​តាម​កម្មវិធី​ជាតិ​»​។

លោក​ សុន ឆ័យ តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថា​មន្ត្រី​នៅក្នុង​ក្រសួង​មួយ​ចំនួន​មិន​មាន​បំណង​ចង់​ផ្ទេរ​មុខងារ​ និង​ធនធាន​របស់​ខ្លួន​ទៅ​ថ្នាក់​ក្រោម​ទេ​​ដោយសារ​តែ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ដែល​ពួកគេ​កំពុង​ទទួល​បាន​។

លោក​ថ្លែង​ថា​៖ ​«​យើង​បាន​មើល​ឃើញ​ថា​ក្រសួង​នីមួយៗ​ដែល​មិន​ចង់​ផ្ទេរ​មុខងារ​ និង​​ធនធាន​ទៅ​ឲ្យ​ថ្នាក់​ក្រោម​ក៏​ព្រោះ​តែ​លុយ​កាក់​ដូចជា​ក្រសួង​សាធារណការ​បើ​សិន​ជា​ប័ណ្ណ​បើកបរ​ទម្លាក់​ទៅ​ធ្វើ​នៅ​ខេត្ត​វា​ជួយ​ដល់​ប្រជាពលរដ្ឋ​តែ​ថ្នាក់​ក្រសួង​មិន​ចង់​ទេ​ព្រោះ​ពួកគេ​រក​លុយ​បាន​ហើយ​កន្លែង​ធ្វើ​លិខិត​ឆ្លងដែន​ក៏​ដូច​គ្នា​ផង​ដែរ​​»​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​គាំទ្រ​តែ​ត្រូវ​មាន​វិធានការ​បើ​សិន​ជា​មន្ត្រី​ណា​ម្នាក់​មិន​ព្រម​ផ្ទេរ​មុខងារ​ និង​ធនធាន​ទៅ​ថ្នាក់​ក្រោម​ត្រូវ​ដក​តំណែង​ និង​តួនាទី​ជា​ឧទាហរណ៍»​។

លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​រិះគន់​ថា​ការ​ផ្ទេរ​មុខងារ​ និង​ធនធាន​ទៅ​ថ្នាក់​ក្រោម​ជាតិ​នៅ​តែ​មាន​ភាព​ស្ទាក់ស្ទើរ​ព្រោះ​វា​ជា​ការ​លះបង់​នូវ​ប្រព័ន្ធ​រដ្ឋបាល​របស់​ពួកគេ​។

មន្រ្តី​រដ្ឋបាល​ជលផល​ខេត្ត​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា​ការ​ផ្ទេរ​មុខងារ​ និង​ធនធាន​មក​ថ្នាក់​ក្រោម​ជាតិ​នេះ​អាច​ធ្វើ​ឲ្យ​បាត់បង់​តួនាទី​​ និង​តំណែង​ និង​កិត្តិយស​ដែល​ក្រុម​ពួកគេ​កំពុង​តែ​កាន់​កាប់​។

លោក​ថ្លែង​ថា៖ ​«​មន្ត្រី​បារម្ភ​អំពី​ការ​បាត់បង់​តួនាទី​»៕

អត្ថបទគួរចាប់អារម្មណ៍