ភ្នំពេញៈ ក្រសួង​សុខាភិបាល​ប្រកាស​ហាម​ម្ចាស់​ផ្សារទំនើប ម៉ាត និង​បេប៊ីម៉ាត ​នៅ​ទូទាំង​ប្រទេស​ដាក់លក់​ផលិតផល​ឱសថ​គ្រប់​ប្រភេទ​នៅ​តាម​ផ្សារ​ទំនើប​ទាំងឡាយ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​បើ​ក្នុង​ករណី​មិន​គោរព​តាម​បម្រាម ក្រសួង​នឹង​ចាត់​វិធានការ​តឹងរ៉ឹង​ទៅ​តាម​ច្បាប់ ដែល​អាច​នឹងរង​ពិន័យ​ជា​ប្រាក់​ដល់​ទៅ​ ១០ ​លាន​រៀល​។

លិខិត​ជម្រាប​ជូនដំណឹង​ដល់​ម្ចាស់​ទីតាំង​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃ​ចន្ទ​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រសួង​សុខាភិបាល​សង្កេត​ឃើញ​មាន​ការតាំង​លក់​ឱសថ​សម័យ និង​ឱសថ​បុរាណ ផលិតផល​បំប៉ន សុខភាព ឧបករណ៍​បរិក្ខារ​ពេទ្យ នៅ​តាម​ផ្សារ​ទំនើប ម៉ាត និង​បេប៊ីម៉ាត ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​។

លិខិត​នោះ​បន្តថា ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ក្នុង​គោលបំណង​ធានា​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព​ឱសថ​ដល់​អ្នកប្រើប្រាស់ ម្ចាស់​ផ្សារទំនើប ម៉ាត និង​បេប៊ីម៉ាត​ត្រូវ​បញ្ឈប់​រាល់​ការតាំង​លក់​ឱសថ​សម័យ ឱសថ​បុរាណ ផលិតផល​បំប៉ន​សុខភាព ឧបករណ៍​បរិក្ខារ​ពេទ្យ តាម​ផ្សារ​ទំនើប ម៉ាត និង​បេប៊ីម៉ាត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។

ក្រសួង​បញ្ជាក់ថា​៖ «​ក្នុងករណី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ម្ចាស់​ផ្សារ​ទំនើប ម៉ាត និង​បេប៊ីម៉ាត​មិន​គោរព​តាម​សេចក្តី​ជូនដំណឹង​នេះ ក្រសួង​សុខាភិបាល​នឹងមាន​វិធានការ​តឹងរ៉ឹង​ទៅ​តាម​ច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន​»​។

យោងតាម​ប្រកាស​ឱ្យប្រើ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ចុះ​ថ្ងៃទី​ ២៨ ខែ ធ្នូ ឆ្នាំ​ ២០០៧ បាន​លើកឡើង​ថា​ការនាំ​ចូល ការចែក​ចាយ ការតាំង​លក់​ឱសថ និង​គ្រឿងសម្អាង​គ្រប់​ប្រភេទ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​មាន​លេខ​បញ្ជិកា​ពី​ក្រសួង​សុខាភិបាល​។ ក្នុងករណី​មិន​គោរព​តាម​ត្រូវ​ផ្តន្ទាទោស ពិន័យ​ជា​ប្រាក់​ចាប់ពី​ ៥ ​លាន​រៀល ដល់​ ១០ ​លាន​រៀល ចំពោះ​ជន​ដែល​ចែកចាយ តាំង​លក់ ឬ​លក់​ផលិតផល​ឱសថ​ដោយ​គ្មាន​ការអនុញ្ញាត​ទាំងនោះ​។

ទោះ​យ៉ាងណា​ក្នុង​សេចក្តី​ជម្រាបជូន​របស់​ក្រសួង​សុខាភិបាល​សង្កត់ធ្ងន់​ថា ប្រសិន​បើ​ផ្សារ​ទំនើប ម៉ាត និង​បេប៊ីម៉ាត​ដែលមាន​លក្ខខណ្ឌ​សមស្រប ហើយ​មាន​បំណង​បើក​គ្រឹះស្ថាន​លក់​ឱសថ​ (​ឱសថស្ថាន​) ​អាច​ទំនាក់ទំនង​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត​ ឬ​អង្គភាព​ច្រកចេញ​ចូល​តែមួយ​សាលា-រាជធានី-ខេត្ត​ទូទាំង​ប្រទេស ដើម្បី​សុំច្បាប់​ប្រកប​អាជីវកម្ម​របស់ខ្លួន​។

កញ្ញា សាំង សុភា ឱសថការិនី​នៅ​សហគ្រាស​ផលិត​ឱសថ PPM និង​ជា​អតីត​ឱសថការិនី​នៅ​ឱសថស្ថាន​ឯកជន​មួយ​កន្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ជាទូទៅ​រាល់​ឱសថ​ទាំងអស់​គឺ​មាន​សិទ្ធិ​លក់​តែ​នៅក្នុង​ឱសថស្ថាន​ដែល​ទទួល​បាន​ការអនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​តែ​ប៉ុណ្ណោះ ហើយ​ឱសថ​ទាំងនោះ​ទៀតសោត​គឺ​ត្រូវតែ​ចុះ​បញ្ជិកា​ត្រឹមត្រូវ ទើប​អាច​ចរាចរ​លក់​នៅ​តាម​ឱសថស្ថាន​បាន​។

កញ្ញា​ សុភា បន្តថា​៖ «​បើសិន​ជា​ប្រជាជន​ចង់​ស្វែងរក​ប្រភេទ​ថ្នាំ​ណាមួយ ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​របស់​ខ្លួន គួរតែ​ទៅរក​ទិញ​នៅ​តាម​ឱសថស្ថាន ចៀសវាង​ទៅ​ទិញ​តាម​ផ្សារ​ទំនើប ម៉ាត និង​បេប៊ីម៉ាត​។ តាមច្បាប់​រាល់​ការចែកចាយ​ថ្នាំ គឺ​ឱសថការី​ទាំងអស់​ត្រូវ​ចែកចាយ​ថ្នាំ​ដែល​មាន​ការចុះបញ្ជិកា​ត្រឹមត្រូវ​ពី​ក្រសួង​ដែល​មិនអាច​លក់​ថ្នាំ​ណាមួយ​ដែល​មិនទាន់​មាន​ចុះ​បញ្ចិកា​នោះទេ​»​។

ជាមួយ​នឹង​ការណែនាំ​បែបនេះ កញ្ញា​ក៏បាន​ណែនាំ​ពី​លក្ខណៈ​សម្គាល់​ចំពោះ​ឱសថស្ថាន ឬ​កន្លែង​លក់​ថ្នាំ​នានា​ដែល​អាច​ជឿ​ទុកចិត្ត​បាន និង​ត្រឹមត្រូវ​ទៅតាម​ច្បាប់​ដោយ​ការ​ពិនិត្យមើល​លើ​ទីតាំង​ទាំងនេះ​ថា តើ​មាន​ឱសថការី​ឈរ​ឈ្មោះ​ត្រឹមត្រូវ​ដែរឬទេ​។ មាន​ការបិទ​ស្លាក​សម្គាល់ និង​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ពី​ក្រសួង​សុខាភិបាល​នៅមុខ​ទីតាំង ដែរ​ឬ​អត់​។ ការទិញ​ថ្នាំ​នៅ​តាម​ឱសថស្ថាន​ដែល​ត្រឹមត្រូវ​គឺ​ប្រាកដ​ថា​អ្នក​នឹង​ទទួលបាន​ថ្នាំ​ដែល​សុទ្ធ​មិន​ក្លែងក្លាយ​។

កញ្ញា​បញ្ជាក់​ថា​៖ «​បើ​ឱសថស្ថាន​មាន​គ្រប់លក្ខណៈ​ទាំងនេះ​គឺ​អាច​ជឿជាក់​ ៩៥ ​ភាគរយ ហើយ​ប្រភេទ​ថ្នាំ​ដែល​អាច​និយាយ​បាន​ថា សុទ្ធ​មិន​ក្លែងក្លាយ​ផង​​ដែរ​។ ព្រោះ​មិនអាច​ថា​ ១០០ ​ភាគរយ​បាន​ទេ ដោយសារ​តែ​មាន​កន្លែង​ខ្លះ​ក៏​ទទួល​លក់​របស់​ក្លែងក្លាយ​ដែរ ដោយសារ​ថ្នាំ​ដែល​មាន​ចុះ​បញ្ជិកា​មាន​តម្លៃ​ខ្ពស់​ជាង​ថ្នាំ​ក្លែងក្លាយ​។ ឈ្មួញ​លួច​ចរាចរ​លក់​លើ​ទីផ្សារ និង​មាន​តម្លៃថោក ជាហេតុ​ធ្វើឲ្យ​ឱសថស្ថាន ឬ​កន្លែង​ដាក់តាំង​លក់​ថ្នាំ​មួយ​ចំនួន​ទទួល​យក​ថ្នាំ​ក្លែងក្លាយ​ទាំងនោះ​ទៅ​លក់​បន្ត​ឲ្យ​ប្រជាពលរដ្ឋ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ហើយ​ខុស​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ​ឱសថការី​ផងដែរ​»​។

យោងតាម​ស្ថិតិ​ប្រចាំខែ​កក្កដា ឆ្នាំ​ ២០១៩ របស់​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ​ និង​គ្រឿងសម្អាង​នៃ​ក្រសួង​សុខាភិបាល​បង្ហាញ​ថា នៅ​ទូទាំង​ ២៥ ​រាជធានី​-​ខេត្ត​មាន​ឱសថស្ថាន​រង​មាន​ច្បាប់​ចំនួន​ ២៥១៦ ​កន្លែង​។ អគារ​លក់​ឱសថ​បុរាណ​ខ្មែរ និង​ចិន​ចំនួន​ ១៥១ ​កន្លែង និង​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ គ្រឿងសម្អាង មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស និង​គ្រឹះស្ថាន​ផលិត​ឱសថ​សរុប​ចំនួន​ ៧៧២ ​កន្លែង​។ ប៉ុន្តែ​ស្ថិតិ​នេះ​បាន​អះអាងថា ផ្ទះ​លក់​ឱសថ​គ្មាន​ច្បាប់​មិនមាន​នោះទេ​៕