ភ្នំពេញៈ លោក ភីធើ ស៊ីចាតូ រដ្ឋមន្ត្រី​ការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុងគ្រី បាន​សម្ពោធ​បើក​ការិយាល័យ​ស្ថានទូត​ប្រចាំ​កម្ពុជា​ជា​ផ្លូវការ និង​បាន​ចុះហត្ថលេខា​កិច្ចព្រមព្រៀង និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ចំនួន​ ៣ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។ ប្រមុខ​ការទូត​កម្ពុជា​លោក ប្រាក់ សុខុន អរគុណ​ដល់​ហុងគ្រី​ដែល​ក្លាហាន​គាំទ្រ​កម្ពុជា​លើ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​ចាត់ទុក​ហុង​គ្រី​ជា​មិត្ត​ដ៏ជិតស្និទ្ធ​។

រដ្ឋមន្ត្រី​ការបរទេស និង​ពាណិជ្ជកម្ម​ហុងគ្រី​កាលពី​ថ្ងៃ​អង្គារ ទី​ ៣ ខែ​វិច្ឆិកា បាន​បើក​សម្ពោធ​ការិយាល័យ​ស្ថានទូត​របស់ខ្លួន​ប្រចាំ​កម្ពុជា​ជា​ផ្លូវការ និង​បាន​ចុះហត្ថលេខា​លើ​ឯកសារ​សហប្រតិបត្តិការ​រួមមាន កិច្ចព្រមព្រៀង​ស្តីពី​សេវា​ដឹកជញ្ជូន​តាមផ្លូវ​អាកាសចរណ៍​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​ហុងគ្រី​, អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការគ្រប់គ្រង​ធនធាន​ទឹក​រវាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម​របស់​កម្ពុជា​ជាមួយ​នឹង​ក្រសួងមហាផ្ទៃ​ហុងគ្រី និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​របស់​កម្ពុជា​ជាមួយ​នឹង​ក្រសួង​កសិកម្ម​ហុងគ្រី​។ នេះ​បើតាម​ក្រសួង​ការបរទេស​។

លោក ប្រាក់ សុខុន បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ដំណើរ​ទស្សនកិច្ច​របស់ លោក ភីធើ ស៊ីចាតូ មក​កម្ពុជា​ក្នុងពេល​ដែល​ពិភពលោក​ប្រឈម​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូវីដ​១៩ និង​កំពុងមាន​បញ្ហា​ប្រឈម​យ៉ាងខ្លាំង​ខាង​សេដ្ឋកិច្ចសង្គម​នោះ ពិតជា​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​ដ៏មុតមាំ​របស់លោក​ក្នុង​ការពង្រឹង​បន្ថែមទៀត​នូវ​ចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​របស់​ប្រទេស​ទាំង​ ២​។ លោក​ថា កម្ពុជា​ក៏មាន​ការប្តេជ្ញាចិត្ត​ដូចគ្នា​ដែរ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នៅ​ទីក្រុង​ប៊ុលដាប៉ែស​ចំនួន ២ ​ដង និង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ឯកឧត្ដម Janos Ader ប្រធានាធិបតី​ហុងគ្រី​មកកាន់​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំមុន ការបើក​ការិយាល័យ​តំណាង​ស្ថានទូត​ហុងគ្រី​នៅ​ភ្នំពេញ និង​ការចុះហត្ថលេខា​លើ​ឯកសារ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ចំនួន ៣ លើ​វិស័យ​គ្រប់គ្រង​ទឹក កសិកម្ម និង​សេវាកម្ម​អាកាស​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​នេះ គឺជា​សក្ខីភាព​ដែល​បាន​កើត​ចេញ​ពី​ការប្តេជ្ញាចិត្ត​រួមគ្នា​»​។

ប្រមុខ​ការទូត​កម្ពុជា​បន្តថា ទំនាក់ទំនង​មិត្តភាព​ដ៏រឹងមាំ និង​កិច្ចសហប្រតិបត្តិ​ការដែល​បន្ត​រីកចម្រើន​រវាង​ប្រទេស​ទាំង​ ២ គឺ ផ្អែក​លើ​មូលដ្ឋាន​គតិយុត្ត​ដ៏រឹងមាំ​។ ប្រទេស​ទាំង​ ២ ​តែង​ឈរលើ​គោលការណ៍​ច្បាប់​អន្តរជាតិ​ដែល​មានចែង​ក្នុង​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ និង​តែងតែ​ប្រកាន់យក​ជំហរ​ក្នុង​ការពង្រឹង​បន្ថែម​នូវ​ពហុភាគី​និយម ដោយ​គោរព​អធិបតេយ្យ​របស់​រដ្ឋ​នីមួយៗ​។

ហុង​គ្រី​ គឺជា​មិត្ត​ដ៏ជិតស្និទ្ធ​មួយ​របស់​កម្ពុជា​។ ហុងគ្រី​បាន​ផ្តល់​នូវ​ជំនួយ និង​ការគាំទ្រ​មក​ដល់​កម្ពុជា នៅពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ត្រូវការ​ជំនួយ​ជា​ចាំបាច់ បន្ទាប់ពី​ងើប​ផុតពី​ភ្លើងសង្គ្រាម​នៃ​របប​ខ្មែរ​ក្រហម​។ ទ័ព​មួក​ខៀវ​ហុងគ្រី​បាន​បញ្ជូនមក​កម្ពុជា​ក្រោម​ឆត្រ​របស់​អាជ្ញាធរ​បណ្តោះ​អាសន្ន​នៃ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​ហៅ​កាត់ថា អ៊ុនតាក់​។ នេះ​បើតាម​ការលើក​ឡើង​របស់​លោក ប្រាក់ សុខុន​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ជំហរ​របស់​ហុងគ្រី​លើ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គឺជា​ឧទាហរណ៍​មួយទៀត​ដែល​សរ​បញ្ជាក់​អំពី​មិត្ត​ដែល​យល់​ពី​ស្ថានភាព​របស់​កម្ពុជា ហើយ​ក្លាហាន​ក្នុង​ការគាំទ្រ​កម្ពុជា​ឱ្យ​ទទួល​បាន​យុត្តិធម៌ ដើម្បី​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ប្រកប​ដោយ​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។ ចំពោះ​ការខិតខំ​ប្រឹងប្រែង​ទាំងអស់​នេះ ខ្ញុំ​សូមអរគុណ​ឯកឧត្តម​រដ្ឋមន្ត្រី និង​ប្រទេស​ហុងគ្រី​»​។

បើតាម​លោក ប្រាក់ សុខុន ព្រះករុណា​ព្រះមហាក្សត្រ​នឹង​យាង​ព្រះរាជដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅ​ប្រទេស​ហុងគ្រី​នៅ​ឆមាស​ទី​ ២ ឆ្នាំ​ ២០២១ ឬ​ឆមាស​ទី​ ២ ឆ្នាំ​ ២០២២ ដែលជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ដើម្បី​អបអរសាទរ​ខួប​លើក​ទី ៦៥ នៃ​ទំនាក់ទំនង​ការទូត​របស់​ប្រទេស​ទាំង​ ២​។

ក្រៅពី​ជួប​ជាមួយ​លោក ប្រាក់ សុខុន លោក ភីធើ ស៊ីចាតូ បាន​ជួប​ជាមួយ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដោយ​ភាគី​ទាំង​ ២ ​បាន​ពិភាក្សា​គ្នា​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម និង​វិស័យ​ពាក់ព័ន្ធ​ផ្សេងទៀត​។

លោក សាខុន បញ្ជាក់​ថា ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ទៅ​ប្រទេស​ហុងគ្រី​បាន​ចំនួន ១ ៨៣៩ ​តោន និង​ថ្នាំជក់​បាន ១១៨ ​តោន​។ ប៉ុន្តែ​លោក​រំពឹងថា ទំនាក់ទំនង​ពាណិជ្ជកម្ម​នឹង​កើនឡើង​ខ្លាំង បន្ទាប់ពី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​។ នេះ​បើ​តាម​លោក វេង សាខុន​។

លោក ភីធើ ស៊ីចាតូ ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លោក សួស យ៉ារ៉ា សមាជិកសភា​ព្រម​ទាំង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ និង​អនុស្សរណៈ​រវាង​ប្រទេស​ទាំង ២ ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព នៅពេល​រសៀល​។

ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ ២ បានចាប់ផ្ដើម​តាំងពី​ដំបូង​នៅ​ថ្ងៃទី​ ២០ ខែកញ្ញា ឆ្នាំ​ ១៩៥៦ ប៉ុន្តែ​ទំនាក់ទំនង​នេះ​ត្រូវបាន​រំខាន​នៅក្នុង​របប​ខ្មែរក្រហម ពី​ឆ្នាំ​ ១៩៧៥ ដល់ ១៩៧៩​។ បន្ទាប់ពី​ខ្មែរក្រហម​ដួលរលំ​នៅ​ឆ្នាំ​ ១៩៧៩ ប្រទេស​ទាំង​ ២ ​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ​ដោយ​ហុងគ្រី​បាន​នាំយក​នូវ​ជំនួយ​ជាច្រើន​ប្រភេទ​មកជួយ​កសាង​សន្តិភាព និង​ស្ថិរភាព​នយោបាយ​កម្ពុជា​ដែល​បាន​បើកផ្លូវ​ដល់​ការអភិវឌ្ឍ​។ នេះ​បើតាម​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​។

កាលពី​ឆ្នាំ​ ២០១៩ ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ ២ ​គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី​ហុងគ្រី​លោក Janos Ader បាន​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅ​ប្រទេស​ហុងគ្រី និង​មក​កម្ពុជា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំង​ ២ ដោយពេល​នោះ ហុងគ្រី​បានបង្ហាញ​ជំហរ​គាំទ្រ​កម្ពុជា​ក្នុង​ការរក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​សហភាព​អឺរ៉ុប​បាន​ផ្អាក ២០ ​ភាគរយ​កាលពី​ខែកុម្ភៈ​។

អ្នកវិភាគ​នយោបាយ​លោក ឡៅ ម៉ុងហៃ បាន​ថ្លែងថា ដំណើរ​ទស្សនកិច្ច​របស់​លោក ភីធើ ស៊ីចាតូ និង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទាំងនេះ​គឺជា​ផ្នែក​មួយ​នៃ​ការពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២​។

លោក​ថា​៖ «​វា​ជា​រឿង​ល្អ​ហើយ​ដែល​កម្ពុជា​មាន​ចំណង​ទាក់ទង​ខ្លាំង​ជាមួយ​សមាជិក​របស់​សហភាព​អឺរ៉ុប​មួយទៀត​។ ប៉ុន្តែ​វា​ជាការ​រំពឹងទុក​ខ្ពស់​មួយ ប្រសិន​បើ​ចំណងទាក់ទង​នេះ​ត្រូវបាន​គេ​គិតថា​នឹង​ធ្វើឱ្យ​កម្ពុជា​មាន​មុខមាត់​ល្អ​លើ​ឆាក​អន្តរជាតិ ជាពិសេស​នៅពេល​ដែល​ប្រទេស​ហុងគ្រី​មាន​ទំនាក់ទំនង​តឹងតែង​ជាមួយ​ EU ពាក់ព័ន្ធ​នឹង​ការមិន​គោរព​តាម​គោលការណ៍​នីតិរដ្ឋ​របស់​សហភាព​អឺរ៉ុប​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែងថា ដំណើរ​ទស្សនកិច្ច​នេះ​បង្ហាញ​ពី​ការលើក​កម្ពស់​កិច្ចសហប្រតិបត្តិការ​មួយកម្រិត​ទៀត​រវាង​ប្រទេស​ទាំង​ ២​។ លោក​ថា​៖ «​ករណី EBA បើទោះបី​បាន​ជោគជ័យ​ និង​មិន​ជោគជ័យ ការគាំទ្រ​របស់​ហុងគ្រី​គឺជា​ជោគជ័យ​របស់​កម្ពុជា​ខាង​ផ្នែក​ស្មារតី​។ វា​ក៏​បង្ហាញ​ដែរ​ថា ការសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​គឺ​មិន​ធ្វើឡើង​តាមរយៈ​ការឯកភាព​ឯកច្ឆន្ទ​ក្នុង​ចំណោម​សមាជិក​របស់ខ្លួន​ទេ ប៉ុន្តែ​ធ្វើឡើង​ក្រោម​ប្រទេស​ណាមួយ​ប៉ុណ្ណោះ មិន​បាន​បង្ហាញ​ជំហរ​ទាំងមូល​ទេ ចំពោះ​វិធានការ​លើ​កម្ពុជា​»៕