ភ្នំពេញៈ លោក ហេង សំរិន ប្រធានរដ្ឋសភាប្រធានកិត្តិយសគណបក្សប្រជាជន និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានអំពាវនាវដល់សមាជិកគណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់បន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្សដើម្បីប្រទេស និងប្រជាពលរដ្ឋខណៈដែលបច្ចុប្បន្នគណបក្សប្រឆាំងកាន់តែក្លាយទៅជាគូប្រជែងយ៉ាងស្រួចស្រាល់ខ្លាំងឡើងៗជាមួយនឹងគណបក្សកាន់អំណាចយូរអង្វែងមួយនេះ។
ថ្លែងក្នុងមិទ្ទីញខួបអនុស្សាវរីយ៍លើកទី ៣៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជានៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៥ លោក ហេង សំរិន បានរំឭកជាថ្មីនូវព្រឹត្តិការណ៍ជាតិ និងសារៈសំខាន់ក្នុងបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញនៃមាតុភូមិកម្ពុជាតាមរយៈរណសិរ្ស ២ ធ្នូ ដែលជាព្រឹត្តិការណ៍រំដោះកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ទន្ទឹមនឹងការប្រកាសដឹងគុណនូវប្រវត្តិសាស្ត្រនេះលោក ហេង សំរិន ក៏បានថ្លែងសង្កត់ធ្ងន់ផងដែរថា៖ «បើគ្មានថ្ងៃកំណើតរណសិរ្ស ២ ធ្នូ និងជ័យជម្នះ ៧ មករាទេនោះយើងក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរនេះគឺជាសច្ចធម៌នៃប្រវត្តិសាស្ត្រ»។
លោក ហេង សំរិន ក៏បានអំពាវនាវជាថ្មីទៅដល់គណៈកម្មាធិការគណបក្សប្រជាជនគ្រប់ជាន់ថ្នាក់មន្ត្រីរាជការ សមាជិកសមាជិកានៃរណសិរ្សឲ្យបន្តលើកកម្ពស់ស្មារតីថែរក្សា សាមគ្គីភាព ឯកភាពផ្ទៃក្នុងដោយប្រកាន់ខ្ជាប់នូវប្រពៃណីស្នេហាជាតិផ្សារភ្ជាប់ជាមួយប្រជាជន។
លោកបានគូសបញ្ជាក់ថា៖ «ត្រូវខិតខំបញ្ចេញឲ្យអស់កម្លាំងក្នុងការបម្រើប្រទេសជាតិតាមមាគ៌ានយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងកម្មវិធីនយោបាយរបស់រដ្ឋាភិបាលត្រូវចងចាំថានេះជាគោលបំណង និងឧត្តមគតិឥតប្រែប្រួលរបស់រណសិរ្ស និងគណបក្សប្រជាជនកម្ពុជា»។
លោកស្រី ជា វណ្ណាត អ្នកវិភាគឯករាជ្យដែលមានវ័យចំណាស់បានសង្កេតឃើញថាបច្ចុប្បន្ននេះគណបក្សប្រជាជនទទួលបានការគាំទ្រច្រើនតាមរយៈការកែទម្រង់រចនាសម្ព័ន្ធដឹកនាំនាប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុន្តែលោកស្រីនៅតែយល់ឃើញថាគណបក្សនេះអាចនឹងប្រឈមនឹងការបាត់បង់សមាជិក ឬការគាំទ្រពីមហាជនបន្តទៀតប្រសិនបើបញ្ហាមួយចំនួននៅតែមិនត្រូវបានដោះស្រាយ។
លោកស្រី ជា វណ្ណាត បានបញ្ជាក់ថា៖ «គណបក្សប្រជាជនគួរតែដោះស្រាយឲ្យបាននូវអំពើពុករលួយ អយុត្តិធម៌សង្គម និងបញ្ហារបស់ពលរដ្ឋដើម្បីរក្សានូវសំឡេងគាំទ្រពីពលរដ្ឋ និងផ្តល់គុណប្រយោជន៍ដល់សមាជិកបក្សរបស់ខ្លួន។ ជាមួយគ្នានេះគណបក្សនេះត្រូវផ្លាស់ប្តូរនូវផ្នត់គំនិតប្រកាន់សីលធម៌ និងគុណធម៌ឲ្យបានសមរម្យក្នុងការតតាំងជាមួយបក្សប្រឆាំង និងបក្សផ្សេងទៀតដើម្បីឲ្យមហាជនទុកចិត្ត និងបន្តគាំទ្រ»។
យ៉ាងណាក៏ដោយនៅក្នុងមីទ្ទីញនោះលោក ហេង សំរិន ក៏បានថ្លែងដែរថារណសិរ្សគាំទ្រ និងជំរុញឲ្យរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនលុបបំបាត់នូវបាតុភាពល្មើសច្បាប់នានាដូចជាការទន្ទ្រានកាន់កាប់ដីធ្លីការកាប់បំផ្លាញព្រៃឈើបំផ្លាញធនធានជលផលការធ្វើឲ្យបាត់បង់ចំនូលរដ្ឋការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សង្គមជាដើម។
«រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ពីមុនមានឈ្មោះរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនត្រូវបានបង្កើតឡើងនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៨ នៅតំបន់រំដោះនាភូមិជើងឃ្លូ ឃុំ ២ ធ្នូ ស្រុកស្នួល ខេត្តក្រចេះដើម្បីប្រមូលផ្តុំកម្លាំងមហាសាមគ្គីជាតិក្រោកឈរផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យក្រោមការជួយឧបត្ថម្ភពីកងទ័ពស្ម័គ្រចិត្តវៀតណាម និងទទួលបានជោគជ័យនាថ្ងៃ ៧ មករាឆ្នាំ ១៩៧៩៕