The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ហេតុផល​របស់ លោក សម រង្ស៊ី ធ្វើ​ឲ្យ​មាន​ការ​ចោទ​សួរ

ហេតុផល​របស់ លោក សម រង្ស៊ី ធ្វើ​ឲ្យ​មាន​ការ​ចោទ​សួរ

ហេតុផល​របស់ លោក សម រង្ស៊ី ធ្វើ​ឲ្យ​មាន​ការ​ចោទ​សួរ

131011_07
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ផា លីណា

ភ្នំពេញៈ ខណៈ​ដែល​គណបក្ស​ប្រឆាំង​បាន​ខិត​ខំ​ប្រឹង​ប្រែង​បញ្ចុះ​បញ្ចូល សហគមន៍​អន្តរជាតិ​ឲ្យ​កាត់​ចំណង​ទាក់​ទង​ជាមួយ​នឹង​រដ្ឋាភិបាល​ដែល​គេ ហៅ​ថា ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​រដ្ឋ​ប្រហារ​រដ្ឋ​ធម្មនុញ្ញ​នោះ មេធាវី​និង​អ្នក​វិភាគ​កាល​ពី​ថ្ងៃ​ពុធ បាន​ចោទ​សួរ អំពី​មូលដ្ឋាន​ច្បាប់​នៃ​ការ​លើក​ឡើង​នូវ​ហេតុ​ផល​របស់​គណបក្ស​ប្រឆាំង។

នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ធនាគារ​ពិភពលោក សហគមន៍​អឺរ៉ុប និង​មូលនិធិ​រូបិយវត្ថុ អន្តរជាតិ កាល​ពីថ្ងៃ​ចន្ទ លោក សម រង្ស៊ី ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​នូវ​ហេតុ​ផល​ដែល​ថា ស្ថាប័ន​ទាំង​នេះ គួរ​ពិចារណា​ឡើង​វិញ នូវ​ទំនាក់​ទំនង​របស់​ខ្លួន ជាមួយ​នឹង​រដ្ឋាភិបាល «ខុស​ច្បាប់»។

លោក សម រង្ស៊ី បាន​យោង​មាត្រា ៧៦ នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ដែល​ចែង​ថា៖ «រដ្ឋសភា​មាន​សមាជិក​យ៉ាង​តិច ១២០ រូប»។

លោក​ក៏​បាន​លើក​ឡើង​នូវ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ពី​ឆ្នាំ ២០០៣ ដែល​បាន​បំភ្លឺ​មាត្រា ៧៦ និង​មាត្រា ១ ទៀត​ឆ្លើយ​តប​តាម​សំណើរ​របស់​តំណាង​រាស្រ្ត ទាក់​ទង​នឹង​ការ​ស្លាប់ ការ​ដក ឬ​សមត្ថភាព​របស់​សមាជិក​រដ្ឋសភា​ផង​ដែរ។

លោក សម រង្ស៊ី បាន​លើក​ឡើង​ថា សេចក្តី​សម្រេច «បញ្ជាក់​ថា កិច្ច​ប្រជុំ​លើក ទី១ បន្ទាប់​ពី​ការ​បោះឆ្នោត រដ្ឋសភា​ត្រូវ​តែ​មាន​សមាជិក​យ៉ាង​តិច ១២០ រូប​ដើម្បី​មាន​សុពលភាព»។ លោក​បន្ថែម​ថា មាន​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​តែ ៦៨ រូប​ប៉ុណ្ណោះ បាន​ចូល​រួម​កិច្ច​ប្រជុំ​បើក​រដ្ឋសភា​កាល​ពី​ថ្ងៃ ទី២៣ ខែ កញ្ញា កន្លង​មក។

ប៉ុន្តែ​កាល​ពី​ម្សិលមិញ មេធាវី​បាន​សម្តែង​នូវ​មន្ទិល​ថា រដ្ឋ​ធម្មនុញ្ញ​ឬ​សេចក្តី​សម្រេច​ឆ្នាំ ២០០៣ របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​អាច​បកស្រាយ​របៀប​នោះ​ទេ។

លោក លី តៃសេង ដៃ​គូ និង​ជា​នាយក​គ្រប់​គ្រង​នៅ​ក្រុម​មេធាវី HBS ថ្លែង​ថា៖ «ប្រសិន​បើ​អ្នក​អាន​មួយ​ពាក្យៗ​ក្នុង​រដ្ឋ​ធម្មនុញ្ញ [រដ្ឋ​ធម្មនុញ្ញ​មិន​បាន​ចែង​ថា] កិច្ច​ប្រជុំ​លើក​ដំបូង​តម្រូវ​មាន​សមាជិក ១២០ រូប​ដើម្បី​ចាប់​ផ្តើម​នីតិកាល​ឡើយ»។

លោក​បន្ត​ថា៖ «វា​មិន​សម​ហេតុ​ផល​ទាំង​ស្រុង​ដែល​តម្រូវ​ឲ្យ​មាន​សមាជិក​យ៉ាង​តិច ១២០ រូប​មាន​វត្តមាន... ការ​បកស្រាយ​បែប​នេះ ... គឺ​ខុស ព្រោះ​ប្រសិន​បើ​វា​ពិត​ជា​ត្រឹម​ត្រូវ​មែន​នោះ ពេល​នោះ [រដ្ឋសភា] ក្នុង​លទិ្ធ​ប្រជាធិបតេយ្យ​ពហុបក្ស​មិន​អាច​បង្កើត​បាន​ទេ ពេល​សមាជិក​មួយ​ចំនួន​តូច​ក្នុង​គណបក្ស​ភាគ​តិច [អវត្តមាន] ពី​កិច្ច​ប្រជុំ​លើក​ដំបូង​នោះ»។

លោក Anirudh Bhati មេធាវី ឥណ្ឌា និង​ជា​ទីប្រឹក្សា​ច្បាប់​នៅ​ភ្នំពេញ​បាន​អះអាង​ដូច​គ្នា ក្នុង​ការ​វិភាគ​ច្បាប់​ដែល​បាន​បង្ហោះ​លើ​អ៊ីនធឺណិត​កាល​ពី​ថ្ងៃ​អង្គារ។ លោក​បាន​សរសេរ​ថា៖ «[សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ] ចែង​ទៀត​ថា រដ្ឋសភា​កើត​ចេញ​ពី​ការ​បោះឆ្នោត ដែល​មាន​ន័យ​ថា រដ្ឋសភា​បាន​បង្កើត ពេល​លទ្ធផល​និង​ការ​បោះឆ្នោត​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ»។

ខណៈ​ដែល​មាន​លក្ខខណ្ឌ​ចែង​ច្បាស់​លាស់​អំពី​ថា តើ​តំណាង​រាស្ត្រ​ប៉ុន្មាន​នាក់​ត្រូវ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​បើក​រដ្ឋសភា វិធាន​កូរ៉ុម ដែល​ចែង​ក្នុង​មាត្រា​រដ្ឋ​ធម្មនុញ្ញ​បន្ថែម​ថ្មី​ក្នុង​ឆ្នាំ ២០០៦ ត្រូវ​យក​មក​អនុវត្ត​។ មាត្រា​ទាំង​នេះ​តម្រូវ​ឲ្យ​មាន​កូរ៉ុម​សមាជិក​លើស​ពាក់​កណ្តាល សម្រាប់​ការ​បោះឆ្នោត​ដែល​តម្រូវ​នូវ​សំឡេង​ដាច់​ខាត ដូចជា ការ​អនុម័ត​រដ្ឋាភិបាល​ថ្មី ដូច​ដែល​សមាជិក ៦៨ នៃ​គណបក្ស​កាន់​អំណាច​បាន​អនុម័ត​នៅ​ថ្ងៃ ទី២៤ ខែ កញ្ញា។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា បាន​ថ្លែង​ថា៖ «កូរ៉ុម​ត្រូវ​បាន​ផ្លាស់​ប្តូរ​សម្រាប់​សំឡេង​ដាច់​ខាត​ធ្វើ​សេចក្តី​សម្រេច មាន​ន័យ​ថា ឥឡូវ​នេះ វា​ពាក់​កណ្តាល មិន​មែន ២ ភាគ ៣ ទេ»។ «ប្រសិន​បើ​អ្នក​ពិនិត្យ​មើល​រដ្ឋ​ធម្មនុញ្ញ ពេល​វា​មិន​ច្បាស់​លាស់ គេ​ត្រូវ​ពិនិត្យ​មើល​ឆន្ទៈ​របស់​អ្នក​ព្រាង»។ លោក វីរៈ បាន​បន្ថែម​ថា សេចក្តី​សម្រេច​ក្នុង​ឆ្នាំ ២០០៣ នៅ​តែ​ជា​បញ្ហា ខណៈ​ដែល​វា​មិន​បាន​ចែង ច្បាស់​លាស់​អំពី​ចំនួន​កូរ៉ុម សម្រាប់​សម័យ​ប្រជុំ​បើក​សភា​។ «សេចក្តី​សម្រេច​គ្រាន់​តែ​ចែង​អំពី​អ្នក​បាន​ស្បថ និង​មិន​បាន​ស្បថ​ដែល​អ្នក​មិន​អាច​ធ្វើ​ការ​បាន។ អ្នក​ជា​សមាជិក​ផ្លូវ​ការ​ប៉ុន្តែ​អ្នក​មិន​អាច​ធ្វើ​ការ​បាន​ទេ»។

លោក សុក សំអឿន ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​ថ្លែង​ថា លោក​មិន​បកស្រាយ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដូច​គ្នា​ទៅ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។ លោក​បន្ត​ថា៖ «ខ្ញុំ​យល់​ស្រប​ខ្លះ ជាមួយ​ការ​លើក​ហេតុ​ផល​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។ ក្នុង​អំឡុង​ការ​កោះ​ហៅ​សម័យ​ប្រជុំ​សភា​លើក​ទី​មួយ មិន​មាន​ការ​តម្រូវ​ឲ្យ​មាន​កូរ៉ុម [១២០] ទេ»។ តែ​ទោះ​យ៉ាង​ណា លោក​បាន​បន្ថែម​ថា តាម​ទស្សនៈ​ផ្ទាល់​របស់​លោក​តំណាង​រាស្រ្ត​ទាំង​អស់ គួរ​តែ​ត្រូវ​ចូល​ស្បថ​កាន់​តំណែង​ជា​ផ្លូវ​ការ​ពី​មុន​សម័យ​ប្រជុំ​សភា។ លោក​បន្ត​ថា៖ «បញ្ហា​គឺ​ថា យើង​ព្យាយាម​បក​ស្រាយ​គោល​គំនិត​ទូទៅ​នៃ​រដ្ឋ​ធម្មនុញ្ញ​ដែល​មាន​ន័យ ថា យើង​មិន​អាច​បក​ស្រាយ​តាម​ពាក្យ​មួយៗ​ទេ។ រដ្ឋ​ធម្មនុញ្ញ​យើង​គោរព​គោល​ការណ៍​ប្រជាធិបតេយ្យ»។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ខុម ហ្វ្រែល បាន​ថ្លែង​ថា បើ​ទោះ​បី​ជា​ការ​បង្កើត​សភា មិន​គោរព​ខ្ជាប់​ខ្ជួន​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​ក្តី វា​នៅ​តែ «ចម្រូង​សម្រាស»។ លោក​ថ្លែង​ថា៖ «ខ្ញុំ​មិន​អាច​និយាយ​ថា វា​រំលោភ​បំពាន​លើ​រដ្ឋ​ធម្មនុញ្ញ​ទេ ប៉ុន្តែ​វា​ជា​អ្វី​ដែល​ប៉ះពាល់​ដល់​ភាព​ស្រប​ច្បាប់​នៃ​សភា»។

លោក សុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា គណបក្ស​របស់​លោក ប្រកាន់​ខ្ជាប់​នឹង​សេចក្តី​សម្រេច​របស់​ខ្លួន​។ បើ​ទោះ​បី​ជា​លោក​មិន​អាច​ផ្តល់​នូវ​ភាព​លម្អិត​ជាក់​លាក់​ក្តី លោក​បាន​ថ្លែង​ថា ប្រសិន​បើ​សេចក្តី​សម្រេច​ឆ្នាំ ២០០៣ «មិន​ច្បាស់» គ្រប់​គ្រាន់​នោះ​សេចក្តី​សម្រេច​ឆ្នាំ ២០០៦ «លើក​ឡើង​យ៉ាង​ច្បាស់​ពី​តម្រូវ​ការ​ឲ្យ​មាន​តំណាង​រាស្រ្ត ១២០ រូប​ដើម្បី​បង្កើត​សភា»។

«ប្រហែល [លោក សម រង្ស៊ី] និយាយ​ខុស​ឆ្នាំ»។

ទោះ​យ៉ាង​ណា​ក្តី​នៅ​ក្នុង​សញ្ញា​មួយ​ដែល​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​គណបក្ស សង្គ្រោះ​ជាតិ​ជា​លក្ខណៈ​អន្តរជាតិ​ប្រហែល​ជា​មិន​ទទួល​បាន​ផ្លែ​ផ្កា​ទេ ពីព្រោះ រហូត​មក​ដល់​ពេល​នេះ មិន​មាន​រដ្ឋាភិបាល​លោក​ខាង​លិច​ណា​ធ្វើ​ការ​ថ្កោល​ទោស​ជាក់​លាក់​ចំពោះ​សភា​កម្ពុជា​ទេ ចាប់​តាំង​ពី​ការ​បង្កើត​សភា​នេះ​តាំង​ពី​ថ្ងៃ ទី២៣ កញ្ញា មក។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​នៅ​ថ្ងៃ​នោះ សហភាព​អឺរ៉ុប​បាន​ថ្លែង​ថា សភា «មិន​អាច​បម្រើ​គោល​បំណង​របស់​ខ្លួន​ដោយ​មិន​មាន​ការ​ចូល​រួម​ពី​គណបក្ស​ជាប់​ឆ្នោត​ទាំង​អស់​បាន​ទេ»។ ជា​ជាង​ការ​គាំទ្រ​ការ​ធ្វើ​ពហិការ​របស់​គណបក្ស សង្គ្រោះ​ជាតិ សហភាព​អឺរ៉ុប​បាន​អំពាវនាវ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត «សហការ​គ្នា»។

ស្ថានទូត អាមេរិក ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ស្រដៀង​គ្នា​មួយ​ផង​ដែរ​ដោយ​សង្កត់​ធ្ងន់​ឲ្យ​មាន​ការ​រួប​រួម​គ្នា។

លោក Erik Sidgwick នាយក​ប្រចាំ​ប្រទេស​របស់​ធនាគារ អភិវឌ្ឍន៍ អាស៊ី បាន​ថ្លែង​នៅ​ក្នុង​អ៊ីមែល​មួយ​ថា ធនាគារ «កំពុង​តែ​ធ្វើ​ការ​ប្រឹក្សា​យោបល់​ផ្ទៃ​ក្នុង​ដើម្បី​ឆ្លើយ​តប​សមស្រប» ទៅ​នឹង​លិខិត​របស់​លោក សម រង្ស៊ី។

ដោយ​ឡែក លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង មហា​ផ្ទៃ បាន​ថ្លែង​ជា​ដដែល​កាល​ពី​ថ្ងៃ​ពុធ​ថា គណបក្ស​ប្រជាជន នៅ​តែ​ចង់​បន្ត​ចរចា​ជាមួយ​គណបក្ស សង្គ្រោះ​ជាតិ។ លោក​ថ្លែង​នៅ​ក្នុង​សុន្ទរក​ថា​ថា៖ «យើង​នៅ​តែ​បើក​ទ្វារ​ចំហ [សម្រាប់​ពួក​គេ] ពីព្រោះ​យើង​ចង់​ឃើញ​នូវ​ការ​ឯកភាព​ជាតិ។ យើង​គួរ​តែ​អង្គុយ​ជជែក​គ្នា និង​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​វិធី​សមស្រប​មួយ»។៕ TK/PS

រាយការណ៍​បន្ថែម​ដោយ វង្ស សុខេង

អត្ថបទគួរចាប់អារម្មណ៍