ភ្នំពេញៈ គណបក្ស ហ៊ុនស៊ិនប៉ិច និងអតីតសមាជិកជាន់ខ្ពស់លោក ញឹក ប៊ុនឆៃ ដែលរត់ទៅបង្កើតបក្សថ្មីកំពុងឈរលើសង្វៀនដណ្តើមទីស្នាក់ការគណបក្សមកកាន់កាប់រៀងៗខ្លួនខណៈដែលគណបក្សហ៊្វុនស៊ិនប៉ិចបានចេញបញ្ជាតឹងរ៉ឹងទៅគណៈកម្មាធិការប្រតិបត្តិរាជធានីខេត្តត្រូវរក្សាសុវត្ថិភាព និងទ្រព្យសម្បត្តិនៅទីស្នាក់ការបក្សដោយបារម្ភខ្លាចអតីតសមាជិកបក្សចូលកាន់កាប់ទីស្នាក់ការបក្ស។
លិខិតរបស់អគ្គលេខាធិការប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិចដែលផ្ញើជូនសហជីវិនប្រធានគណៈកម្មាធិការប្រតិបត្តិរាជធានីខេត្តចុះថ្ងៃទី ៦ ខែកុម្ភៈបានលើកឡើងថានៅពេលថ្មីៗនេះមានក្រុមបំបែកខ្លួនពីគណបក្សហ៊្វុនស៊ិនប៉ិចទៅបង្កើតគណបក្សថ្មីមានបំណងចូលកាន់កាប់ទីស្នាក់ការអចលនទ្រព្យរបស់គណបក្សហ៊្វុនស៊ិនប៉ិច។
លិខិតបញ្ជាក់ថា ដើម្បីរក្សាសុវត្ថិភាពសន្តិសុខនៃទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិចទូទាំងប្រទេសប្រធានគណៈកម្មាធិការប្រតិបត្តិរាជធានីខេត្តត្រូវមានវិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់សកម្មភាពនេះ។ វិធានការទាំងនោះរួមមានត្រូវចាត់ឱ្យមានមនុស្សប្រចាំការនៅទីស្នាក់ការគណបក្សជាប្រចាំត្រូវថតរាល់សកម្មភាពរបស់ជនអនាធិបតេយ្យដែលបង្កអុកឡុក និងបំផ្លាញទ្រព្យសម្បត្តិរបស់គណបក្ស និងត្រូវរាយការណ៍ជាបន្ទាន់នូវរាល់សកម្មភាពដែលកើតឡើងក្នុងខេត្តរបស់ខ្លួនទៅអគ្គលេខាធិការដ្ឋានគណបក្សហ៊ុនស៊ិនប៉ិច។ ត្រូវរាយការណ៍ទៅអាជ្ញាធរដែនដីដើម្បីសុំជួយអន្តរាគមន៍ និងចាត់វិធានការរក្សាទ្រព្យសម្បត្តិរបស់គណបក្សតាមរាជធានីខេត្ត។
ប្រធានលេខាធិការដ្ឋានគណបក្សហ៊ុនស៊ិនប៉ិចលោកភាពភាជន៍បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាការចេញវិធានការឱ្យរឹតបន្តឹងសុវត្ថិភាពក្នុងស្នាក់ការបក្សដោយសារអតីតសមាជិកមួយចំនួនអាចគិតថាទីស្នាក់ការគណបក្សជាទ្រព្យសម្បត្តិរបស់ខ្លួន និងវិលចូលកាន់កាប់វិញ។
លោកបញ្ជាក់ថា៖ «គាត់ខ្លួនឯងភេ្លចគិតថាទ្រព្យសម្បត្តិហ្នឹងជាទ្រព្យសម្បត្តិរបស់គណបក្សហ៊ុនស៊ិនប៉ិចមិនមែនទ្រព្យសម្បត្តិរបស់បុគ្គលណាម្នាក់ទេហើយពេលគាត់ចេញទៅហើយគាត់អាចធ្វើតាមមេដឹកនាំរបស់ខ្លួនចូលកាន់កាប់ទីស្នាក់ការបក្សវិញ។ អ៊ីចឹងយើងធ្វើដើម្បីការពារកុំឱ្យមានបញ្ហាហ្នឹងកើតឡើង»។
លោកបានព្រមានថាប្រសិនបើអតីតសមាជិកបក្សណាម្នាក់នៅតែរឹងរូសចូលកាន់កាប់ស្នាក់ការបក្សវិញគណបក្សហ៊្វុនស៊ិនប៉ិចនឹងចាត់វិធានការតាមផ្លូវច្បាប់ហើយប្តឹងទៅតុលាការ ឬអាជ្ញាធរដែនដី។ បើតាមមន្ត្រីរូបនេះគណបក្សហ៊្វុនស៊ិនប៉ិចកំពុងបើកការស៊ើបអង្កេតករណីដែលអតីតសមាជិកគណបក្សនេះកំពុងកាត់ឈ្មោះទីស្នាក់ការពីកម្មសិទ្ធិរបស់គណបក្សទៅជាកម្មសិទ្ធិរបស់ខ្លួន។
អតីតអនុប្រធានទី ២ នៃគណបក្សហ៊្វុនស៊ិនប៉ិចលោក ញឹក ប៊ុនឆៃ បានថ្លែងកាលពីម្សិលមិញថាស្នាក់ការដែលបានដាក់ឈ្មោះគណបក្សហ៊្វុនស៊ិនប៉ិចភាគច្រើនមិនមែនជាកម្មសិទ្ធិរបស់គណបក្សនេះទេពោលជាកម្មសិទ្ធិរបស់បុគ្គល។ យ៉ាងនេះក្តីលោកថាសមាជិករបស់គណបក្សដែលធ្លាប់មានសិទ្ធិជាម្ចាស់ទីស្នាក់ការណាមួយពួកគេនឹងនៅតែកាន់កាប់ទីស្នាក់ការនោះដដែលហើយទម្លាក់ស្លាកគណបក្សនោះចោលវិញ។
លោកបញ្ជាក់ថា៖ «ព្រោះទីស្នាក់ការខ្លះជារបស់បុគ្គលទេមិនមែនជារបស់សមូហភាពគណបក្សហ៊្វុនស៊ិនប៉ិចទេដូចនៅខេត្តក្រចេះស្នាក់ការនោះជាកម្មសិទ្ធិរបស់ជំទាវម្នាក់ដល់ពេលគណបក្សហ៊្វុនស៊ិនប៉ិចទៅចាក់សោវាជាបញ្ហានៅសៀមរាបក៏មិនមែនជាកម្មសិទ្ធិរបស់គណបក្សហ៊្វុនស៊ិនប៉ិចដែរព្រោះកន្លងមកយើងដាក់ស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិចមែនតែម្ចាស់កម្មសិទ្ធិមែនទែនមិនមែនជារបស់គណបក្សទេ»។
បើតាមលោក ញឹក ប៊ុនឆៃ មន្ត្រីជាន់ខ្ពស់ចេញពីគណបក្សហ៊្វុនស៊ិនប៉ិចមកចុះចូលជាមួយគណបក្សថ្មីរបស់លោកមិនមែនតែ ១៣ នាក់ទេគឺមានច្រើនជាងនេះទៀតពោលគឺមានមន្ត្រីជាន់ខ្ពស់ជាង ៣០០ នាក់ និងសមាជិកធម្មតារាប់ពាន់នាក់។
លោកឱ្យដឹងថានៅពីរបីថ្ងៃទៀតលោកនឹងដាក់ពាក្យស្នើសុំទៅក្រសួងមហាផ្ទៃដើម្បីបង្កើតគណបក្សថ្មីខណៈដែលលោកបានប្រមូលស្នាមមេដៃពីគ្រប់ខេត្ត ក្រុង គ្រប់ចំនួន ៤០០០ ស្នាមមេដៃហើយ។
កាលពីថ្ងៃទី ៤ កុម្ភៈលោក ញឹក ប៊ុនឆៃ បានវេចបង្វេចចុះចេញពីគណបក្សហ៊្វុនស៊ិនប៉ិចទៅបង្កើតគណបក្សថ្មីមួយទៀតមានឈ្មោះថាគណបក្សខ្មែររួបរួមជាតិដោយអះអាងថា៖ «មួយឆ្នាំបន្ទាប់ពីការបង្រួបបង្រួមសមាជិករាជានិយមហ៊្វុនស៊ិនប៉ិចខ្ញុំបានរកឃើញថានីតិវិធីនៃការបង្រួបបង្រួមនេះបានទទួលបរាជ័យជាថ្មីម្តងទៀតដោយសារតែបញ្ហាចាស់បក្ខពួកនិយម»។
ទោះជាយ៉ាងណាលោក ភាព ភាជន៍ បានអះអាងថាការដឹកនាំរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ នាពេលកន្លងមកធ្វើឡើងតាមបែបប្រជាធិបតេយ្យមិនដូចការចោទប្រកាន់របស់លោក ញឹក ប៊ុនឆៃ នោះទេ ។
លោកថា៖ «ជាទស្សនៈរបស់គាត់ (ញឹក ប៊ុនឆៃ) ដែលគាត់រិះគន់អ៊ីចឹងព្រោះសម្តេចក្រុមព្រះលោកមិនមែនធ្វើអីតាមតែព្រះទ័យរបស់ទ្រង់មុននឹងលោកធ្វើគឺបានហៅសមាជិកមកពិភាក្សាប៉ុន្តែឯកឧត្តម ញឹក ប៊ុនឆៃ គាត់មិនបានអញ្ជើញមកជារឿងរបស់គាត់»។
បើតាមលោក ញឹក ប៊ុនឆៃ បច្ចុប្បន្នទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិចទូទាំងប្រទេសមានចំនួន ២០ កន្លែងដែលលោកអះអាងថាភាគច្រើនជារបស់បុគ្គលជាអ្នកចេញថវិកាសម្រាប់សាងសង់។
លោកបានបន្តថា៖ «បើលុយរបស់គណបក្សហ៊្វុនស៊ិនប៉ិចជាអ្នកសាងសង់យើងប្រគល់ឱ្យគេកាន់កាប់តែអត់មានស្នាក់ការណាមួយជារបស់គណបក្សហ៊្វុនស៊ិនប៉ិចទេភាគច្រើនជារបស់ថ្នាក់ដឹកនាំគណបក្សនាពេលនោះអ៊ីចឹងពេលគាត់ចេញគាត់នឹងរុះបក្សនេះចេញហើយដាក់ស្លាកគណបក្សថ្មីវិញ»៕