
កណ្តាលៈ វាហាក់ចំពេលដែលជាបរិយាកាសក្លៀវក្លាបំផុត នៃយុទ្ធនាការឃោសនាបោះឆ្នោតជាតិឆ្នាំ ២០១៣ រហូតមកដល់ពេលនេះប្រជាជនរាប់ពាន់នាក់បានជិះម៉ូតូមកជួបជុំគ្នា នៅក្រុងតាខ្មៅកាលពីយប់ថ្ងៃសុក្រ ដើម្បីស្តាប់មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ធ្វើសុន្ទរកថាជាសាធារណៈ ជាលើកដំបូងបន្ទាប់ពីលោកបានទទួលការលើកលែងទោសពីព្រះមហាក្សត្រកាលពីប៉ុន្មានម៉ោងមុននោះ។
នៅក្នុងការជួបជុំរបស់គណបក្សសង្គ្រោះជាតិនោះ មានការប្រគំតន្រ្តីរ៉ុក ចង្វាក់ឌីស្តូ ការរាំតាមលំនាំបទ Gangnam Style ដ៏ពេញនិយម និងថែមទាំងមានឆាកកំប្លែងទៀតផង។
លោក សម រង្ស៊ី បានជំរុញក្រុមអ្នកគាំទ្ររបស់លោកជាមួយនឹងវោហាស័ព្ទ នៃការឃោសនាការបោះឆ្នោតប៉ុន្តែបានធ្វើឲ្យអ្នកគាំទ្រជាច្រើនខកចិត្ត ដោយសារការមិនបង្ហាញគម្រោងត្រឡប់មកប្រទេសវិញភ្លាមៗរបស់លោក។
លោកសម រង្ស៊ី បានថ្លែងថា៖ «កុំបារម្ភ ខ្ញុំនឹងជួបអ្នកទាំងអស់គ្នានាពេលខាងមុខឆាប់ៗ នៅរាជធានីភ្នំពេញ»។
គណបក្សសង្គ្រោះជាតិ បានប្រកាសនៅព្រឹកថ្ងៃបន្ទាប់មកថា លោក សម រង្ស៊ី ដែលនៅប្រទេសបារាំងនឹងត្រឡប់មកកម្ពុជាវិញនៅព្រឹកថ្ងៃសុក្រខាងមុខនេះ។
ប៉ុន្តែអ្នកគាំទ្រនៅពិធីជួបជុំគ្នា កាលយប់ថ្ងៃសុក្រនាសប្តាហ៍មុននោះ បានរំពឹងថា លោក សម រង្ស៊ី នឹងប្រកាសយ៉ាងមោទនភាព អំពីថ្ងៃនិងម៉ោងជាក់លាក់នៃការមកដល់របស់លោកប៉ុន្តែភាពមិនច្បាស់លាស់នៅតែកើតមាននៅក្នុងសុន្ទរកថា របស់លោកកាលពីយប់ថ្ងៃសុក្រនោះដដែល។
ព្រះសង្ឃមួយអង្គដែលបានចូលរួមនៅក្នុងការជួបជុំនោះបានសួរថា៖ «ហេតុអ្វីបានជាគាត់មិនផ្តោតអំពីពេលវេលាដែលគាត់នឹងត្រឡប់មកប្រទេសវិញ?»។
នៅក្នុងអ៊ីមែលមួយកាលពីថ្ងៃសុក្រ លោក សម រង្ស៊ី បានថ្លែងថាលោកមាន«ការដឹងគុណបំផុតចំពោះព្រះមហាក្សត្រនរោត្តម សីហមុនី»ដែលបានលើកលែងទោសដល់រូបលោកដែលមានន័យថា លោកនឹងមិនត្រូវចាប់ខ្លួនទេនៅពេលលោកត្រឡប់មកកម្ពុជាវិញសម្រាប់ចូលរួមការបោះឆ្នោតជាតិថ្ងៃទី២៨ កក្កដា។ កាលពីពេលមុន លោកប្រឈមនឹងការជាប់ពន្ធនាគារប្រសិនបើលោកត្រឡប់មកកម្ពុជាវិញ។
ប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ បានថ្លែងនៅលើឆាករបស់គណបក្សសង្គ្រោះជាតិ នៅក្រុងតាខ្មៅកាលពីយប់ថ្ងៃសុក្រដោយនិយាយនូវពាក្យដដែលៗថា «ដូរ ឬមិនដូរ?» ទៅកាន់ក្រុមអ្នកគាំទ្រដែលជួបជុំគ្នានោះ។
លោកសូណង់ដូ បានបន្តថា៖ «ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតនេះអ្វីៗនឹងផ្លាស់ប្តូរ។ កុំភ័យខ្លាចសង្គ្រាមពីព្រោះគណបក្សសង្គ្រោះជាតិស្រឡាញ់សន្តិភាព»។ «យើងនឹងផ្លាស់ប្តូរពីអាក្រក់ទៅល្អពីលំបាកទៅសុខស្រួលនិងជោគជ័យ»។
ប្រជាជនរាប់ពាន់នាក់នៅលើម៉ូតូ ដែលភាគច្រើនជាយុវវ័យបានមកជួបជុំគ្នានៅក្រុងតាខ្មៅនៅល្ងាចនិងយប់ថ្ងៃនោះ។
លោក គង់ ប៊ុណ្ណា អាយុ២៥ឆ្នាំ និសិត្សបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងសេដ្ឋកិច្ចពីសាកលវិទ្យាល័យបៀលប្រាយក្នុងក្រុងភ្នំពេញមានអារម្មណ៍រីករាយជាមួយនឹងដំណឹងដែលថា លោក សម រង្ស៊ី នឹងត្រឡប់មកកម្ពុជាវិញ។ លោកបន្តថា៖ «ខ្ញុំមានការរីករាយខ្លាំងណាស់នៅពេលខ្ញុំឮថា ព្រះមហាក្សត្របានលើកលែងទោសដល់លោក សម រង្ស៊ី និងនៅពេលលោកបានអះអាងថា លោកនឹងត្រឡប់មករាជធានីភ្នំពេញវិញនាពេលខាងមុខឆាប់ៗនេះ»។ «ខ្ញុំសង្ឃឹមថា គណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតនេះ ប្រសិនបើគ.ជ.ប អាចទុកចិត្តបានហើយរដ្ឋាភិបាលថ្មីអាចដោះស្រាយបញ្ហាទាំងអស់របស់យុវជន និងសហគមន៍ក្រីក្រ»។
លោក ប៊ុណ្ណា ដែលឥឡូវនេះមិនមានការងារធ្វើបានថ្លែងបន្តថា លោកសង្ឃឹមថា រដ្ឋាភិបាលថ្មីអាចបង្កើតការងារសម្រាប់ប្រជាជនដូចជារូបលោក។
ក្នុងអំឡុងការនិយាយតាម Skype លោក សម រង្ស៊ី បានសូមឲ្យប្រជាជនទាំងអស់ដូចជា លោក ប៊ុណ្ណា ធ្វើការជំរុញឲ្យយុវជននានានិងប្រជាជនដទៃៗទៀតឲ្យបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិនៅថ្ងៃទី២៨ កក្កដា។ លោកសម រង្ស៊ី និយាយថា៖ «ខ្ញុំឮថា យុវវ័យប្រហែល១ម៉ឺននាក់កំពុងជួបជុំគ្នានៅក្រុងតាខ្មៅហើយអាជ្ញាធរមួយចំនួនបានរារាំងពួកគេមិនឲ្យចូលរួមការជួបជុំគ្នានេះ។ ប៉ុន្តែកុំបារម្ភ ខ្ញុំនឹងជួបអ្នកទាំងអស់គ្នានាពេលខាងមុខឆាប់ៗនេះ»៕ PS