ភ្នំពេញ: ក្រសួងសាធារណការ និងដឹកជញ្ជូនបានឃាត់រថយន្តកែច្នៃធំលើសពីទ្រង់ទ្រាយដើមចំនួនជិត ១៥០ គ្រឿងនៅទូទាំងប្រទេស និងបានផាកពិន័យជាទឹកប្រាក់ជាង ២៥០ លានរៀលនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៦ នេះ។
រថយន្តទាំងនេះដឹកលើសទម្ងន់ដែលបណ្តាលឱ្យខូចផ្លូវ និងសណ្តាប់ធ្នាប់សាធារណៈ និងគ្រោះថ្នាក់ចរាចរណ៍។
កំណត់ហេតុរបស់ក្រសួងសាធារណការស្តីពីរថយន្តដឹកជញ្ជូនលើសទម្ងន់ដែលត្រូវបានឃាត់ខ្លួន និងផាកពិន័យដែលចេញផ្សាយកាលពីម្សិលមិញឱ្យដឹងថារថយន្តដែលឃាត់បានស្ថិតនៅក្នុងខេត្ត និងរាជធានីមួយចំនួនដូចជាខេត្តកំពង់ធំ ស្ទឹងត្រែង បន្ទាយមានជ័យ តាកែវ ពោធិ៍សាត់ ត្បូងឃ្មុំ ភ្នំពេញ ក្រចេះ រតនគិរី កណ្តាល ព្រះសីហនុ ព្រៃវែង សៀមរាប កំពង់ឆ្នាំង កំពង់ចាម និងខេត្តកំពង់ស្ពឺជាដើម។
អ្នកនាំពាក្យក្រសួងសាធារណការលោក វ៉ា ស៊ឹមសុរិយា ប្រាប់ភ្នំពេញប៉ុស្តិ៍បន្ថែមថាក្រសួងនឹងបន្តជំរុញការទប់ស្កាត់ករណីរថយន្តដឹកលើសទម្ងន់ខណៈខេត្តខ្លះមិនទាន់បានចាត់វិធានការនៅឡើយ។
លោកថា៖ «ធម្មតាយើងត្រូវតែជំរុញហើយតែជាលទ្ធភាពរបស់ខេត្ត និងអាជ្ញាធរ»។
យ៉ាងណាក៏ដោយ លោកថា ក្រសួងពុំទាន់មានវិធានការចំពោះម្ចាស់រថយន្តដែលល្មើសក្នុងការកែច្នៃរថយន្ត ឬដឹកលើសទម្ងន់នៅឡើយទេដោយអត់ទាន់មានវិធានការអីក្រៅពីណែនាំគាត់ និងធ្វើកិច្ចសន្យាតែប្រជាជនគាត់គោរពច្បាប់ដែរគ្រាន់តែយើងប្រាប់គាត់ធ្វើតាម។
នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍លោក អ៊ា ចរិយា សាទរចំពោះចំណាត់ការនេះខណៈលោកជំរុញឱ្យក្រសួងត្រូវអនុវត្តស្មើភាពគ្នាចំពោះមុខច្បាប់ដើម្បីឈានទៅរកផលវិជ្ជមានទាំងស្រុងកុំឱ្យមានរថយន្តដឹកលើសទម្ងន់ចរាចរណ៍លើផ្លូវសាធារណៈតទៅទៀត។
លោកបន្តថា៖ «ខ្ញុំមានការបារម្ភថានៅពេលឃាត់បានរយៈពេលខ្លីហើយអនុញ្ញាតឱ្យគាត់បើកបរវិញដដែលជាដដែលទាំងខុសបច្ចេកទេសអ៊ីចឹងការឃាត់ត្រូវតែឱ្យរថយន្តកែទៅតាមទម្រង់ស្តង់ដារសុវត្ថិភាពមុនពេលឱ្យរថយន្តទៅដំណើរការវិញ»។ «ព្រោះរថយន្តខ្លះមានម្ចាស់ក្រុមហ៊ុនធំៗគាត់ជួយអន្តរាគមន៍តិចតួចហើយដោះលែងមកវិញដដែលអ៊ីចឹងរថយន្តនៅបន្តដំណើរការដដែល»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាឲ្យក្រសួងសាធារណការ និងដឹកជញ្ជូនបន្តយុទ្ធនាការប្រមូល និងកាត់ទ្រុងរថយន្តដែលបានកែច្នៃខុសបច្ចេកទេសឲ្យបានអស់នៅទូទាំងប្រទេសដោយលោកថារថយន្តទាំងនេះបានរួមចំណែកធ្វើឲ្យផ្លូវខូចដោយសារដឹកលើសទម្ងន់ និងបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយនៅពេលមានផ្លូវហើយកុំបំផ្លាញផ្លូវចោលតាមរយៈការដឹកជញ្ជូនលើសទម្ងន់សុំចាប់ឲ្យអស់ប្រមូលអាឡានហ្នឹងកុំឲ្យមាននៅលើផ្លូវយកទៅកាត់បើមិនកាត់ត្រូវទុកចោលកុំឲ្យធ្វើចរាចរលើផ្លូវ៕