ភ្នំពេញៈ គ្រូ​ប​ង្រៀន​ម្នាក់​បាន​ស្លាប់​ និង​មនុស្ស​ ៥ នាក់​រង​របួស​ស្រាល និង​ធ្ងន់​ដោយ​សារ​​រថ​យន្ត​ក្រឡុក​ស៊ី​ម៉ងត៍មួយ​គ្រឿង​បើក​បុក​រះ​ម៉ូតូ​ចំនួន ​៦ ​គ្រឿង​​និង​ម៉ូតូ​កង់​បី​ ១ ​គ្រឿង​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ២០​ កុម្ភៈ​ ស្ថិត​នៅ​ខាង​មុខ​វិទ្យាល័យ​បឹង​ត្របែក​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​នគរបាល​ចរាចរណ៍។​

លោក ​ប៉ែន​ ឃុន​ នា​យ​រង​ការិ​យា​ល័យ​ចរា​ចរណ៍​ផ្លូវ​គោក​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិល​មិញ​ថា​ អ្នក​បើក​បរ​​រថ​យន្ត​ក្រឡុក​ស៊ីម៉​ងត៍​ហើយ​ដែល​គេ​ស្គាល់​ថា ​ជា​ក្រុម​ហ៊ុន​ស៊ីម៉ងត៍​ឈ្មោះ ​អេស​ស៊ី​ជី​ ខន​គ្រី​ត​ត្រូវ​បាន​ឃាត់​ខ្លួន​ដើ​ម្បី​កសាង​សំណុំ​រឿង​ និង​ត្រូវ​បញ្ជូ​ន​​ទៅ​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ។

លោក ​ប៉ែន​ ឃុន​ បន្ត​ថា​ បើ​តាម​ចម្លើយ​សារភាព​ពី​អ្នក​បើក​បរ​ឱ្យ​ដឹង​ថា​ មូល​ហេតុ​នៃ​ការ​បុក​រះ​នេះ​គឺ​ដោយ​សារ​ហ្រ្វាំង​​រថ​យន្ត​មិន​ដំណើរ​ការ។​

​លោក​​ថា​៖ «​រថ​យន្ត​ហ្នឹង​បើ​តាម​ចម្លើយ​សារភាព​របស់​អ្នក​​បើក​បរ​គាត់​ឆ្លើយ​ថា​ហ្រ្វាំង​​វា​អត់​ស៊ី​ អ៊ី​ចឹង​វា​អាច​ចូល​ខ្យល់​ចូល​អី​អ៊ីចឹង​ណា៎ ជាន់​ខុស​ៗ ហើយ​ស្ទះ​ទើមៗ​ហ្នឹង»។

​បើ​តាម​ការ​ចុះផ្សាយ​ពី​សារព័ត៌​មាន​មួយ​ចំនួន​ដែល​ស្រង់​សម្ដី​សាក្សី​ឃើញ​ហេតុ​ការណ៍​បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ ៨​ ព្រឹក ថ្ងៃ​ម្សិល​មិញ ​រថយន្ត​​ម៉ាក ​Hino ​ពណ៌​ស ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ ​៥A​-០១៤៣​ ជា​រថ​យន្ត​ក្រ​ឡុក​ស៊ីម៉ងត៍​របស់​ ក្រុម​ហ៊ុន​អេស​ស៊ីជី​ បាន​បើក​បរ​ក្នុង​ល្បឿន​លឿន​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​វង្ស ​ហើយ​មក​ដល់​ខា​ង​មុខ​វិទ្យា​ល័យ​បឹង​ត្របែក​ ស្រាប់​តែ​ចាប់​ ហ្រ្វាំង​មិនជា​ប់ ក៏​ជ្រុល​ទៅបុក​អ្នក​ដំណើរ​តាម​ម៉ូតូ​និង​កង់​បី​អស់​ជា​ច្រើន​គ្រឿង​។​

​ក្រោយ​កើត​មាន​ករណី​នេះ ​លោក​ ផេង​ សុវណ្ណា​រ៉ា​ នា​យក​វិទ្យា​ល័យ​បឹង​ត្របែក​បាន​ចេញ​សេច​ក្ដី​ជូន​ដំណឹង​បញ្ជាក់​ថា​លោក​ សុខ​ ទែ​ល ​ជា​គ្រូ​បង្រៀន​សាលា​បឹ​ង​ត្របែក​ ដែល​ទទួល​រង​គ្រោះ​ថ្នាក់​ពី​ការ​បុក​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍នៅ​ពេល​ធ្វើ​ដំណើរ​មក​បង្រៀន​ គឺបាន​ទទួល​មរណភាព។​

​​ទោះបី​ជា​​យ៉ាង​ណា​ បើ​តាម​បម្រាម​សាលា​រាជ​ធានី​ភ្នំពេញ​អនុវត្ត​តាំង​ពី​ឆ្នាំ​ ២០១៣ ​ឱ្យ​ដឹង​ថា​ ដើម្បី​ការពារ​ការ​កក​ស្ទះ​ចរា​​ច​រ​ណ៍​ និង​បញ្ចៀស​កា​រ​គ្រោះថ្នាក់​ចរាច​រណ៍​ គឺ​ពុំ​អនុ​ញ្ញាត​ឱ្យ​រថយន្ត​ធុនធ្ងន់​គ្រប់​ប្រភេទ​បើ​ក​បរ​ចូល​ក្នុង​ក្រុង​នៅ​អំឡុង​ចាប់​ពី​ម៉ោង ​៥ ​ព្រឹក​ដល់​ម៉ោង ៩ យប់​​ឡើយ។​

​លោក ​ស ថេត​ ស្នង​ការ​​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​នៅ​ថ្ងៃ​ម្សិល​មិញ​ថា​ ប្រសិ​ន​​បើ​អាជ្ញា​ធរ​មិន​អនុ​ញ្ញាត​ឱ្យ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ចូល​មក​ក្នុង​ក្រុង​នៅ​ម៉ោង​ហាម​ឃាត់​ទេ វា​នឹង​អាច​ធ្វើ​ឱ្យ​គាំង​ចំពោះ​ការ​អភិ​វ​ឌ្ឍ​ផ្នែក​សំណង់​នៅ​ទី​ក្រុង​ ប៉ុន្តែ​លោក​ថា លោក​​មិន​គាំទ្រ​ចំពោះ​​អ្នក​បើកបរ​ដោយ​ព្រហើន​ មិន​គោរព​ច្បាប់​ឡើយ។

​​លោក ​ស ថេត​ អះអាង​ថា​ ជន​បើក​បរ​ឡាន​ស៊ីម៉ងត៍បង្ក​គ្រោះ​ថ្នាក់​កាល​ពី​ម្សិល​មិញ ​នឹង​ត្រូវ​បញ្ជូន​ទៅ​ដាក់​គុក​ បើ​ទោះ​ជា​​មាន​អ្នក​​ជួយ​​អន្ត​រាគម​ន៍ ក៏​លោក​មិន​ព្រម​ឡើយ។

​លោក​បន្ត​ថា៖​ «​ប៉ុន្តែ​អា​ឡាន​ធំៗ​ខុស​ពី​ឡាន​ក្រឡុក​ស៊ីម៉ងត៍​យើង​ហាម​ហើយ​ ក៏​ប៉ុន្តែ​វា​មិន ​ទាន់​បា​ន​ ១០០%​ ទេ​ ដោយ​សារ​កន្លែង​ខ្លះ​គេ​អនុ​ញ្ញាត​ដូច​ជា ​ចម្ការ​ដូង​យើង​ទៅ​ហាម​យ៉ាង​ម៉េច​ បើ​សុទ្ធ​តែ​រោង​ចក្រ​នៅ​ហ្នឹង អ៊ី​ចឹង​យើង​ត្រូវ​គិត​គូរ​សមធម៌​ឬ​ក៏​យុត្តិ​ធម៌​សង​ខាង»។

​លោក​ ស ថេត​ ​បញ្ជាក់​ថា​ បន្ទា​​ប់​ពី​មាន​ករ​ណី​រថ​យន្ត​ក្រ​ឡុ​ក​​ស៊ីម៉ងត៍​ពី​ថ្ងៃ​ម្សិល​មិញ​បង្ក​គ្រោះ​ថ្នាក់​នេះ​ លោក​ជា​មួយ​លោក​ឃួ​ង ​ស្រេង​ អភិ​បាល​រាជ​ធានី​បាន​នាំ​គ្នា​គិត​ពិ​ចារ​ណា​​ឡើងវិញ​​អំពី​ផ្លូវ​ណាដែល​​អាច​គួរ​អនុ​ញ្ញាត​ឱ្យ​រ​ថ​យន្ត​ក្រឡុក​ស៊ីម៉ងត៍បើក​បរ​ចូល​ក្នុង​ក្រុង​បា​ន​ ដើម្បី​កុំ​ឱ្យ​រាំង​ស្ទះ​ចំពោះ​ការ​អភិ​វឌ្ឍ ស្រប​ពេល​សំណង់​សណ្ឋា​គារ​ និង​ខុនដូ​កំពុង​​កើន​ឡើង​យ៉ាង​ខ្លាំង។

ប៉ុន្តែ​លោក​ គង់​ រតនៈ​ អ​នុប្រធាន​វិទ្យា​ស្ថា​ន​សុវត្ថិ​ភាព​ចរា​ចរណ៍​យល់​ឃើ​ញ​ថា​ បើ​ទោះ​ជា​​​មិន​អាច​ទប់​ស្កាត់​រថយន្ត​ធំ​ៗ​​បើក​បរ​ចូល​ក្នុង​ក្រុង​ប៉ុន្តែ​អាជ្ញា​​ធរ​គួរ​មាន​វិធាន​ការ​រឹត​បន្តឹង​៕