ភ្នំពេញ: ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរចំនួន ២៩ បានសន្យាជាមួយរដ្ឋាភិបាលថានឹងមិនដំឡើងថ្លៃលក់សំបុត្ររថយន្តសម្រាប់អ្នកដំណើរទាំងទៅទាំងមកនៅក្នុងឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិក្នុងគោលបំណងសម្រួលដល់ប្រជាពលរដ្ឋខ្មែរដែលតែងតែចាកចេញពីក្រុងភ្នំពេញឆ្ពោះទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ និងចូលរួមសប្បាយជាមួយនឹងល្បែងប្រជាប្រិយដែលមាននៅតាមតំបន់របស់ពួកគេរាងៗខ្លួន។
ការសម្រេចមិនដំឡើងថ្លៃរបស់ក្រុមហ៊ុនបានធ្វើឡើងកាលពីម្សិលមិញបន្ទាប់ពីក្រសួងសាធារណការ និងដឹកជញ្ជូនបានកោះប្រជុំជាមួយតំណាងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរជុំវិញតម្លៃសំបុត្រនាឱកាសបុណ្យចូលឆ្នាំខ្មែរ ហើយតំណាងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងនោះបានសន្យាថានឹងមិនដំឡើងថ្លៃសំបុត្ររថយន្តនាអំឡុង និងក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំខ្មែរ។
ក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានដាក់ចេញនូវលក្ខខណ្ឌមួយចំនួនដូចជារក្សាតម្លៃដឹកជញ្ជូនអ្នកដំណើរឲ្យនៅដដែលមិនត្រូវផ្ទុកអ្នកដំណើរលើសចំណុះ និងខុសលក្ខណៈបច្ចេកទេសគោរពឲ្យបានខ្ជាប់ខ្ជួននូវច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសមិនត្រូវបើកបរលើសល្បឿនកំណត់ និងបើកបរដោយភាពយោគយល់ និងអធ្យាស្រ័យគ្នា។
លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថាក្រុមហ៊ុនដឹកជញ្ជូនទាំង ២៩ ក្រុមហ៊ុនគឺជាក្រុមហ៊ុនដែលបានចុះបញ្ជិកាជាមួយក្រសួង។
លោក ចាន់កុសល បានថ្លែងថា៖ «យើងយល់ឃើញថាខាងក្រុមហ៊ុនហាក់បីដូចជាមានការភ្ញាក់រឭកដោយសន្យាមិនដំឡើងថ្លៃសំបុត្រព្រោះពួកគាត់ក៏មិនចង់ឃើញរដ្ឋាភិបាលសំណូមពររាល់ឆ្នាំដដែលៗនោះដែរ»។
លោក ឆឹម ចំណាន ប្រធានសមាគមរថយន្តក្រុងកម្ពុជាបានឲ្យដឹងថាខាងក្រុមហ៊ុនងាយស្រួលក្នុងការគ្រប់គ្រងតម្លៃប៉ុន្តែរថយន្តឈ្នួលផ្សេងទៀតជាច្រើនដែលរកស៊ីជាលក្ខណៈបុគ្គល ឬក្រុមតូចៗដែលពិបាកគ្រប់គ្រងតម្លៃព្រោះពួកគេដំឡើងថ្លៃដោយខ្លួនឯង។
លោក ចំណាន ថ្លែងថា៖ «ពួកយើងមិនចង់ឃើញវប្បធម៌ឡើងថ្លៃពេលបុណ្យទានម្តងៗនោះទេ ព្រោះបណ្តាប្រទេសផ្សេងគេមិនឆ្លៀតឡើងថ្លៃនោះទេ»។
តំណាងក្រុមហ៊ុនកាពីតូល និងសូរិយាភ្នំពេញដែលថ្លែងសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា តម្លៃធ្វើដំណើរទៅតាមខេត្តក្នុងអំឡុងពេលចូលឆ្នាំមិនត្រូវបានដំឡើងថ្លៃនោះទេគឺនៅដដែល។ ខាងក្រុមហ៊ុនបានអះអាងថាសំបុត្រទៅសៀមរាបថ្ងៃនេះគឺ ២៦-០០០ រៀល និងថ្ងៃស្អែក និងថ្ងៃជិតចូលឆ្នាំគឺនៅដដែលមិនដំឡើងនោះទេ៕