ត្បូងឃ្មុំៈ ​សមត្ថកិច្ច​នៅ​មិនទាន់​អាច​កំណត់​អត្តសញ្ញាណ​មនុស្ស​មួយ​ក្រុម​ដែល​គេ​សង្ស័យ​ថា ជា​ក្រុម​ដាក់​កុងត្រូល​ជជុះ​ដែល​បាន​ដេញ​តាម​បាញ់​ឡាន​ដឹកឈើ​មួយ​គ្រឿង​រហូត​ដល់​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មនុស្ស ៣ ​នាក់​ស្លាប់ និង​ ៤ ​នាក់​រងរបួស​កាលពី​ថ្ងៃ​សុក្រ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​នៅ​ឡើយ​ទេ​។

លោក ឈឹម គឹមហុង ស្នងការ​ខេត្ត​ត្បូងឃ្មុំ​ទទួល​បន្ទុក​ផ្នែក​ចរាចរណ៍​បាន​ឲ្យ​ដឹងថា មនុស្ស ៣ ​នាក់​បាន​ស្លាប់ និង ៤ ​នាក់​របួសធ្ងន់ និង​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ដោយ​រថយន្ត​ដឹកឈើ​មួយ​គ្រឿង​ម៉ាក​សាំយ៉ុង ដោយ​បុក​ជាមួយ​រថយន្ត​ម៉ាក​សាំយ៉ុង​ដឹក​ពង​ទា​មួយ​គ្រឿង និង​រថយន្ត​ដឹក​អាចម៍គោ​កាល​ព្រឹក​ព្រលឹម​ថ្ងៃទី​ ៣០ មីនា នៅលើ​ផ្លូវជាតិ​លេខ ៨ ក្នុង​ភូមិ​អូរព្រិច ឃុំ​កក់ ស្រុក​ពញាក្រែក​។ ឡាន​ដឹកឈើ​ម៉ាក​សាំ​យ៉ុង​ពណ៌​ស មាន​មនុស្ស​ជិះ ៣ នាក់​ដោយ​ម្នាក់​ស្លាប់ និង​ ២ ​នាក់​ទៀត​រងរបួស ចំណែក​ឡាន​ដឹក​ពងទា ពណ៌​លឿង​មាន​មនុស្ស​ជិះ ៣ នាក់​ដែល​ក្នុង​នោះ​ស្លាប់ ២ នាក់​ និង​របួស​ម្នាក់ ចំណែក​អ្នក​បើកបរ​រថយន្ត​ដឹក​អាចម៍គោ​ដែល​ជិះ​តែ​ម្នាក់ឯង​បាន​រងរបួស​ស្រាល​។

លោក​ថ្លែង​ថា​៖ «​តាម​ការស្រាវជ្រាវ​រថយន្ត​ដឹកឈើ ជា​អ្នក​បង្ក​គ្រោះថ្នាក់​។ គាត់​ទៅ​បុក​ឡាន​ដឹក​ពងទា បន្ទាប់មក​រថយន្ត​ដឹក​អាចម៍គោ​ទៅ​បុក​អាឡាន​ដឹក​ពងទា​ទៀត​។ យើង​ឮ​ថា​មាន​សមត្ថកិច្ច​ដេញ​ឡាន​ដឹកឈើ តែ​មិន​ដឹង​ខាង​ណា​ទេ​បាន​ដេញ​ហើយ​បាន​បាញ់​មួយ​គ្រាប់​ទៀត​។ នេះ​បើ​តាម​ពលរដ្ឋ​ដែល​ឃើញ​ផ្ទាល់​ភ្នែក​។ តែ​មិន​ទាន់​មាន​អ្នកណា​បំភ្លឺ​ឲ្យ​ច្បាស់​នៅ​ឡើយ​។ អ្នករបួស​ពី​ក្នុង​ឡាន​ដឹកឈើ គាត់​បាន​បំភ្លឺ​រួច​ហើយ​ថា មាន​សមត្ថកិច្ច​បាន​ដេញ​មែន តែ​គាត់​មិន​ដឹង​ខាង​ណា​អ៊ីចឹង​យើង​កំពុង​ស្រាវជ្រាវ​»​។

លោក​ថា​សមត្ថកិច្ច​នឹង​ទទួល​បាន​ព័ត៌មាន​លម្អិត ប្រសិន​បើ​ជនរងគ្រោះ ដែល​ជា​អ្នក​បើកឡាន​ដឹកឈើ​សហការ​បំភ្លឺ​ដល់​សមត្ថកិច្ច​ថា តើ​កម្លាំង​ខាង​ណា​ជា​អ្នក​ដេញ​តាម​។ នៅពេល​នេះ​អ្នក​បើកបរ​បាន​ទៅ​ព្យាបាល​នៅ​វៀតណាម​។

លោក ហ៊ុយ សម្បត្តិ មេប៉ុស្តិ៍​ឃុំ​កក់​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ឈើ និង​រថយន្ត​កំពុង​រក្សា​ទុក​នៅ​ប៉ុស្តិ៍​របស់​លោក​។

លោក​ថា ឈើ​ដែល​ដឹក​តាម​ឡាន​សាំយ៉ុង​នោះ​ជា​ប្រភេទ​ក្តារ​សម្រាប់​ធ្វើ​ជញ្ជាំង​ផ្ទះ មិនមែន​ជា​ប្រភេទ​ឈើ​ប្រណីត​ទេ​។

ក្រសួង​មហាផ្ទៃ​ធ្លាប់​បាន​ចេញ​សេចក្តី​ប្រកាស និង​ព្រមាន​ជា​ញឹកញាប់​មិន​ឲ្យ​មាន​ការដាក់​កុងត្រូល​ជជុះ​នៅ​តាម​ដង​ផ្លូវ​ជា​ដាច់ខាត ប៉ុន្តែ​កុងត្រូល​ជជុះ​នៅ​តែ​បន្ត​កើត​មាន​៕