កំពង់ស្ពឺៈ យ៉ាងហោចណាស់មានមនុស្ស ៣ នាក់បានស្លាប់ និង ៣ នាក់ផ្សេងទៀតរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅលើកំណាត់ផ្លូវជាតិលេខ ៤ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដែលបង្កឡើងដោយរថយន្តដឹកខ្សាច់ប៉ះជាមួយរថយន្តដឹកអ្នកដំណើរកាលពីរសៀលថ្ងៃទី ៣០ ខែធ្នូ។
លោក ស៊ិន សុវណ្ណធី នាយការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ក្រោយការវាស់វែងនៅកន្លែងកើតហេតុសមត្ថកិច្ចពិនិត្យឃើញ រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនរិទ្ធិមុន្នី រងការខូចខាតផ្នែកចំហៀងខាងឆ្វេង ឯរថយន្តដឹកខ្សាច់ក្រឡាប់ផ្ងារជើងចាក់ខ្សាច់ពេញទាំងផ្លូវ។ «តាមការវាស់វែង និងពិនិត្យភាពជាក់ស្ដែងនៅកន្លែងកើតហេតុ ព្រមទាំងការបំភ្លឺពីជនរងគ្រោះ ដែលជាអ្នកធ្វើដំណើតាមរថយន្តដឹកអ្នកដំណើរករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងពីអ្នកបើកបររថយន្តដឹកខ្សាច់ដែលបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន»។
បើតាមលោក សុវណ្ណធី អ្នកបើកបររថយន្តដឹកអ្នកដំណើរ និងអ្នកឆែកសំបុត្រ មិនត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ ព្រោះពួកគេបានរត់គេចខ្លួន។ ចំណែកអ្នកបើកបររថយន្តដឹកខ្សាច់ឈ្មោះ ចាន់ ទី អាយុ ២០ ឆ្នាំមានទីលំនៅភូមិសាមគ្គី ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បានរងរបួសបាក់ជើងម្ខាង ត្រូវកម្លាំងសមត្ថកិច្ច ចាប់បញ្ជូនខ្លួនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺជាមួយជនរងគ្រោះ ២ នាក់ផ្សេងទៀតដែលជាអ្នកដំណើរតាមរថយន្តក្រុង ដើម្បីឱ្យគ្រូពេទ្យពិនិត្យព្យាបាលរបួស។
អ្នកដំណើរលើរថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប ៣៣ នាក់ក្នុងនោះ ៣ នាក់បានស្លាប់ និង ២ នាក់ទៀតរងរបួស។ សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិនាំយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ និងរថយន្តរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច។
លោកបន្តថា៖ «នៅពេលនេះជនសង្ស័យបង្កគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលរបួស នៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយស្ថិតក្រោមការឃ្លាំមើលរបស់មន្ត្រីនគរបាលរបស់យើងគ្រប់ជំហាន»។
ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះ តំណាងក្រុមហ៊ុន រិទ្ធិ មុន្នី ដឹកអ្នកដំណើ លោក យ៉ិន វុទ្ធី ប្រាប់ភ្នំពេញប៉ុស្តិ៍ថា តំណាងដៃគូវិនិយោគរបស់ក្រុមហ៊ុនលោក គឺក្រុមហ៊ុនធានារ៉ាប់រង កាំមីនកូ បានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីប្រមូលព័ត៌មាន និងភស្ដុតាងបន្ថែម ដើម្បីរៀបចំពាក្យបណ្ដឹង ប្រឆាំងភាគីរថយន្តដឹកខ្សាច់ដែលជាអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍នេះទៅតាមផ្លូវច្បាប់ និងដើម្បីដោះស្រាយសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួស។
ទោះជាបែបណាក្ដីលោក វុទ្ធី មិនបានប្រាប់ឱ្យដឹងអំពីអត្តសញ្ញាណរបស់អ្នកបើកបរ និងអ្នកត្រួតពិនិត្យសំបុត្រអ្នកដំណើរដែលបានគេចខ្លួនក្រោយគ្រោះថ្នាក់កើតឡើងនោះទេ។ លោកនិយាយថា៖ «នៅពេលនេះ ខាងក្រុមហ៊ុនរបស់យើងកំពុងជាប់រវល់ជួយសម្របសម្រួលដំណោះស្រាយដឹកជនរងគ្រោះដែលបានស្លាប់ទៅកាន់ស្រុកកំណើតរបស់ពួកគេ»៕