The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ឡាន​ដាច់​ហ្វ្រាំង​បុក​ស្លាប់​ម្នាក់ ខណៈ ​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​កើន ៥៦%

ឡាន​ដាច់​ហ្វ្រាំង​បុក​ស្លាប់​ម្នាក់ ខណៈ ​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​កើន ៥៦%

គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ ដែល​បណ្តា​ឲ្យ​ឡាន​ក្រឡាប់​ចូល​ក្នុង​ស្រះ​តូច​មួយ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​នៅ​ក្នុង​ខេត្ត​កំពង់ធំ។
គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ ដែល​បណ្តា​ឲ្យ​ឡាន​ក្រឡាប់​ចូល​ក្នុង​ស្រះ​តូច​មួយ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​នៅ​ក្នុង​ខេត្ត​កំពង់ធំ។

ឡាន​ដាច់​ហ្វ្រាំង​បុក​ស្លាប់​ម្នាក់ ខណៈ ​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​កើន ៥៦%

ភ្នំពេញៈ ឡាន​ដឹក​ដី​ចុះ​ពី​លើ​ស្ពាន​ព្រះ​មុនីវង្ស​ថ្មី​ដាច់​ហ្វ្រាំង បាន​បុក​បុរស​បើក​ម៉ូតូ​ម្នាក់ ស្លាប់​កាល​ពី​ល្ងាច​ម្សិល​មិញ ខណៈ​ដែល​អគ្គ​ស្នងការ​នគរបាល​ជាតិ​បាន​រាយការណ៍​ថា អត្រា​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង ខែ​វិច្ឆិកា ឆ្នាំ​២០១៤ នេះ បាន​កើន​ឡើង ៥៦ ភាគ​រយ​បើ​ធៀប​ទៅ​នឹង ខែ​វិច្ឆិកា ឆ្នាំ​២០១៣។

ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ប្រធាន​នាយកដ្ឋាន​សណ្តាប់​ធ្នាប់ នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ លោក អែល សំនាង បាន​ឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង ខែ​វិច្ឆិកា ឆ្នាំ​២០១៤ នេះ​មាន​ចំនួន ៣៩៨ លើក​ដែល​បណ្តាល​ឲ្យ​មនុស្ស ១៩០ នាក់​ស្លាប់ ខណៈ​ដែល​ក្នុង ខែ​វិច្ឆិកា ឆ្នាំ​២០១៣ មាន​ត្រឹម​តែ ៣១២ លើក​ដែល​មាន​មនុស្ស ១២២ នាក់​ស្លាប់។

លោក​បញ្ជាក់​ថា តួលេខ​អ្នក​ស្លាប់​ក្នុង ខែ​វិច្ឆិកា ឆ្នាំ​នេះ បាន​កើន​ឡើង​ចំនួន ៦៨ នាក់​ស្មើ​នឹង ៥៦ ភាគរយ​បើ​ធៀប​ទៅ​នឹង ខែ​វិច្ឆិកា ឆ្នាំ​មុន។

លោក អែល សំនាង បាន​បន្ត​ថា គិត​ត្រឹម ខែ​វិច្ឆិកា ឆ្នាំ​២០១៤ នេះ គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​ចំនួន ៤៨៤០ លើក ចំណែក ឆ្នាំ​២០១៣ មាន ៤៣២២ លើក​ដែល​កើន​ឡើង​ចំនួន ៥១៨ លើក ស្មើ​នឹង ១២ ភាគរយ។

អត្រា​អ្នក​ស្លាប់​មាន​ចំនួន ២១៤៨ នាក់​ក្នុង ឆ្នាំ​២០១៤ ខណៈ ឆ្នាំ​២០១៣ មាន​មនុស្ស ១៩០១ នាក់​បាន​ស្លាប់​ដែល​តួលេខ​នេះ បង្ហាញ​ថា អ្នក​ស្លាប់​បាន​កើន​ឡើង ២៤៧ នាក់​ស្មើ​នឹង ១៣%។

កាល​ពី​ល្ងាច​ម្សិល​មិញ ឡាន​ដឹក​ដី​មួយ​គ្រឿង​បាន​ដាច់​ហ្វ្រាំង នៅ​ពេល​បើក​ចុះ​ពី​លើ​ស្ពាន​ព្រះ​មុនីវង្ស​ថ្មី ហើយ​បាន​ទៅ​បុក​អ្នក​បើក​ម៉ូតូ​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ និង​បាន​អូស​ម៉ូតូ​ជាច្រើន​រយ​ម៉ែត្រ។

លោក ហ៊ុន សុផល នាយ​នគរបាល​ប៉ុស្តិ៍ សង្កាត់​ច្បារ​អំពៅ ១ ខណ្ឌ​ច្បារ​អំពៅ បាន​ឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ជិត ៥ ល្ងាច​ម្សិល​មិញ។ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ បាន​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​អស់​រយៈ​ពេល​ជាច្រើន​ម៉ោង។

នគរបាល​ចរាចរណ៍​បាន​ចុះ​ជួយ​អន្តរាគមន៍​សម្រួល​ចរាចរណ៍ និង​បាន​អូស​រថយន្ត​បង្ក​ហេតុ ព្រម​ទាំង​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ចរាចរណ៍​ជើង​គោក​រាជធានី ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់។

អ្នក​រស់​នៅ​ម្តុំ​ខាង​កើត​ស្ពាន​ព្រះ​មុនីវង្ស​បាន​ឲ្យ​ដឹង​ថា ឡាន​ធុន​ធំ​ដាច់​ហ្វ្រាំង តែង​តែ​បុក​មនុស្ស​ស្លាប់​ជា​ញឹក​ញាប់​ខណៈ​អ្នក​បើក​បរ​ឡាន​ធុន​ធំ​ខ្លះ មិន​ព្រម​បន្ថយ​ល្បឿន​នៅ​ពេល​បើក​ចុះ​ពី​លើ​ស្ពាន៕

រាយ​ការ​បន្ថែមៈ ឃុត សុភចរិយា

អត្ថបទគួរចាប់អារម្មណ៍