ព្រះវិហារៈ បុរស​ឡាវ​ ២ នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ជាមួយ​ថ្នាំញៀន​ ១០០២,៥៦ ក្រាម​នៅ​ភូមិ កំពង់​ស្រឡៅ​ ១ ឃុំ​កំពង់ស្រឡៅ ស្រុក​ឆែប ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​ព្រះវិហារ​ចោទប្រកាន់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត ក្រោយ​ពី​សមត្ថកិច្ច​បញ្ចូន​ដល់​តុលាការ​ប៉ុន្មាន​ម៉ោង​កាលពី​ថ្ងៃទី​ ១ ខែ​ធ្នូ​។

លោកស្រី ជុំ កន្និយ៉ា អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះវិហារ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា៖ «​ជនសង្ស័យ​ត្រូវ​បាន​លោកស្រី​ចៅក្រម​ ថន ប៉ោហៀក ធ្វើការ​ចោទប្រកាន់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តហើយ​»​។

លោក មេឃ សំអូន ស្នងការរង​ទទួល​បន្ទុក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​ព្រះវិហារ​បាន​ឲ្យ​ដឹងថា ជន​សង្ស័យ​ឈ្មោះ សុខ ថាវង្សពេលា ភេទ​ប្រុស អាយុ ៤៦ ​ឆ្នាំ និង​ឈ្មោះ ខួន ម៉ាគីតា ភេទ​ប្រុស អាយុ ៤៦ ឆ្នាំ​ពួកគេ​ជា​ជនជាតិ​ឡាវ​។

លោក​រំឭក​ប្រាប់​ថា​ការបង្ក្រាប​ជនជាតិ​ឡាវ​ ២ នាក់​ខាង​លើ​គឺ​កើតឡើង​កាលពី​ថ្ងៃទី​ ២៩ វិច្ឆិកា ស្ថិត​ក្នុង​ផ្ទះសំណាក់​មួយ​នៅក្នុង​ភូមិ-ឃុំ​ខាង​លើ ហើយ​ក៏​ជា​ប្រតិបត្តិ​ការបង្ក្រាប​របស់​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រះវិហារ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​របស់​ក្រសួង​មហាផ្ទៃ​។ ការចាប់​ខ្លួន​ជនសង្ស័យ​គឺ​ធ្វើ​ឡើង​បន្ទាប់ពី​សមត្ថកិច្ច​បាន​ធ្វើការ​ស៊ើបអង្កេត​តាមរយៈ​កម្លាំង​សម្ងាត់ ហើយ​ក៏​ឈាន​ដល់​ការចាប់​ខ្លួន​ពួកគេ​តែ​ម្តង​។

ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ទម្ងន់ ១០០២,៥៦ ក្រាម​ប្រភេទ​មេតំហ្វេតាមីន​ដែល​ជនសង្ស័យ​វេចខ្ចប់​ក្នុង​ថង់​ប្លាស្ទិក​ ១ ​ធំ​។

យោង​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ប្រចាំ​ឆមាស​ទី​ ១ ​ឆ្នាំ ២០១៨ បង្ហាញ​ថា​លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន សរុប​មាន​ ៣៨៣៨ ​ករណី​រួមទាំង​បទល្មើស​ប្រើប្រាស់​ថយចុះ ៤៩៣ ​ករណី​ស្មើនឹង​ ១១,៣៨ ភាគរយ​​ (​បើ​ប្រៀបធៀប​ឆមាស​ទី ១ ឆ្នាំ​ ២០១៧ មាន ៤៣៣១ ​ករណី​) ក្នុង​នោះ​បទល្មើស​ជួញដូរ​មាន ២៤៧២ ករណី​បទល្មើស​ដាំ​ដុះ​កញ្ឆា​មាន ១៧ ករណី​។ បទល្មើស​ប្រើប្រាស់​មាន ១៣៤៨ ករណី​បទល្មើស​សំយោគ​កែច្នៃ​មាន ១ ​ករណី​។

ក្នុង​ការ​បង្ក្រាប​នោះ​មាន​ជនសង្ស័យ​សរុប​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​មាន​ចំនួន ៧៥៨០ នាក់​ក្នុង​នោះ​មាន​ស្រី ៦៧២ នាក់​ហើយ​បទល្មើស​ប្រើប្រាស់​បាន​ថយចុះ ២១១៤ នាក់​ស្មើនឹង ២១,៨០ ភាគរយ​ (​បើ​ប្រៀបធៀប​ឆមាស​ទី ១ ឆ្នាំ​ ២០១៧ ដែល​មាន​ ៩៦៩៤ នាក់​)៕