ភ្នំពេញៈ អ្នកវិភាគនយោបាយ លោក ឡៅ ម៉ុងហៃ បានទស្សន៍ទាយដោយដាក់ចេញនូវហានិភ័យចំនួន ៣ ចំណុច ដែលអាចនឹងកើតឡើង ចំពោះលោកសម រង្ស៊ី ប្រសិនបើប្រធានស្តីទី អតីតគណបក្សសង្គ្រោះជាតិរូបនេះហ៊ានវិលត្រឡប់មកកម្ពុជាវិញនៅក្នុងឆ្នាំ ២០១៩ នេះមែននោះ។
លោក ម៉ុងហៃ បានសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីម្សិលមិញថា ចំណុចទី ១ លោក សម រង្ស៊ី អាចនឹងត្រូវចាប់ខ្លួនដាក់ពន្ធនាគារដូចសហស្ថាបនិកអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែរ ដែលត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ ហើយចំណុចទី ២ គឺថា លោក រង្ស៊ី នឹងត្រូវគេវាយបែកក្បាល ដូចអតីតមេដឹកនាំខ្មែរក្រហម លោក ខៀវ សំផន នៅពេលដែលគាត់វិលត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញនៅឆ្នាំ ១៩៩១។
ចំណែកចំណុចទី ៣ ត្រូវលោក ម៉ុងហៃ បញ្ជាក់ថា «(សម រង្ស៊ី) ត្រូវបានសម្លាប់ ដូចសមាជិកព្រឹទ្ធសភាហ្វីលីពីន ឈ្មោះ អាគីណូ Aquino» ដែលជាគូប្រជែងនយោបាយរបស់ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos។ ជាមួយគ្នានេះ លោក ម៉ុងហៃ ក៏បានប្រៀបធៀបផែនការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី ទៅនឹងអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Nawaz Sharif ដែលត្រូវបានចាប់ខ្លួនកាលពីខែកក្កដាឆ្នាំមុនផងដែរ។
លោក ម៉ុងហៃ បានប្រាប់ភ្នំពេញប៉ុស្តិ៍បន្ថែមទៀតថា៖ «លោក សម រង្ស៊ី គួរប្រកាន់សម្តីគាត់ក្នុងនាមជាកូនប្រុស ហើយវិលត្រឡប់មកវិញដូចអ្វីដែលគាត់បានសន្យា។ គាត់គួរតែធ្វើតាមគំរូរបស់លោក Nawaz Sharif ដែលជាអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន។ កាតព្វកិច្ចចម្បងរបស់រដ្ឋាភិបាលរបស់យើង គួរតែផ្តល់ការការពារដល់ប្រជាពលរដ្ឋគ្រប់រូប និងផ្តល់ការការពារដ៏មានប្រសិទ្ធភាព ជូនគាត់ ដូច្នេះហើយ ទើបគាត់អាចវិលត្រឡប់មកប្រទេសកំណើតរបស់គាត់វិញបានដោយសុវត្ថិភាព»។
ទោះជាយ៉ាងណា លោក ម៉ុងហៃ មិនរំពឹងថា អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ នឹងវិលត្រឡប់មកវិញនោះទេ ដោយសារតែគាត់បានសន្យាចោលជាច្រើនដងរួចមកហើយ។
លោកបញ្ជាក់ថា៖ «គាត់បាននិយាយ ប៉ុន្តែមិនបានមកទេ នាពេលកន្លងមក ពីព្រោះនៅពេលគាត់មកអាចប្រឈមនឹងការចាប់ខ្លួនដាក់ពន្ធនាគារ។ កង្វល់របស់គាត់នឹងមិនផ្លាស់ប្តូរនៅពេលនេះទេហើយដោយផ្អែកលើស្ថានការណ៍បច្ចុប្បន្ននៅក្នុងប្រទេស ដែលវាកាន់តែអាក្រក់ជាងមុនទៀតនោះ»។
លោក សម រង្ស៊ី បានសន្យាថា លោកនឹងវិលត្រឡប់មកមាតុភូមិវិញ នៅក្នុងឆ្នាំ ២០១៩ នេះ ប៉ុន្តែលោកមិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់ក្នុងការវិលត្រឡប់មកវិញនោះទេ។
កាលពីពេលកន្លងមកថ្មីៗនេះលោក រង្ស៊ី ក៏បានភ្នាល់អំពីសេរីភាពរបស់លោក កឹម សុខា ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។ លោក រង្ស៊ី និយាយថា លោក កឹម សុខា នឹងត្រូវដោះលែងនៅថ្ងៃទី ៣ ខែមីនា ប៉ុន្តែលោក ហ៊ុន សែន បានឆ្លើយតបទៅវិញថា ឱ្យចាំរហូតដល់សេះដុះស្នែងសិន។
លោក ម៉ៅ មុនីវណ្ណ អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិដែលថ្មីៗនេះបានរិះគន់ការធ្វើជាប្រធានស្តីទីរបស់លោករង្ស៊ី បានថ្លែងកាលពីថ្ងៃម្សិលមិញដោយស្វាគមន៍ ផែនការវិលត្រឡប់មកវិញរបស់លោក រង្ស៊ី។ លោកបន្តថា វាគឺជាពេលវេលាដ៏ល្អសម្រាប់គាត់។
លោកបញ្ជាក់ថា៖ «ឥឡូវនេះ វាគឺជាពេលវេលាដ៏ល្អបំផុតប្រសិនបើអតីតប្រធានបក្សសង្គ្រោះជាតិចង់វិលត្រឡប់មកមាតុប្រទេសវិញ។ វាផ្តល់ក្តីសង្ឃឹមដល់ជនរួមជាតិនៅទូទាំងប្រទេស កម្ពុជា។ ខ្ញុំជឿជាក់ថា ប្រជាជនកម្ពុជានឹងអបអរសាទរបើគាត់វិលត្រឡប់មកវិញ»។
លោកបន្ថែមថា៖ «ប្រជាជនរង់ចាំវត្តមានគាត់ទាំងអន្ទះសា ដែលគាត់បានសម្រេចចិត្តថា នឹងត្រឡប់មកប្រទេសកំណើតវិញ។ ក្នុងនាមជាអតីតអនុប្រធានគណៈកម្មាធិការប្រតិបត្តិរបស់គណបក្សសង្គ្រោះជាតិ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរដែលស្រឡាញ់ប្រទេសជាតិ និងលទ្ធិប្រជាធិបតេយ្យមកចូលរួមស្វាគមន៍គាត់ឲ្យបានច្រើន។ វាគឺជាពេលវេលាដ៏ល្អ ដើម្បីសង្គ្រោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
លោក មុនីវណ្ណ ជឿជាក់ថា លោក រង្ស៊ី អាចនឹងត្រូវចាប់ខ្លួនពីព្រោះការវិលត្រឡប់មកវិញរបស់លោកនឹងទទួលបានការគាំទ្រ និងស្វាគមន៍ទាំងពីសហគមន៍ជាតិ និងអន្តរជាតិ។
ផ្ទុយមកវិញ លោកថ្លែងថា ប្រសិនបើលោក រង្ស៊ីពន្យារពេលក្នុងការវិលត្រឡប់មកវិញ គឺវានឹងធ្វើឱ្យប្រជាជនបាត់បង់ក្តីសង្ឃឹមលើគាត់។ នៅពេលសួរថា តើលោក សម រង្ស៊ី អាចនឹងត្រូវចាប់ខ្លួនដាក់ពន្ធនាគារ ឬត្រូវបានគេធ្វើឃាតដែរឬទេ? លោក មុនីវណ្ណ ឆ្លើយថា អ្វីៗក៏អាចកើតឡើងបានដែរ ប៉ុន្តែលោកបញ្ជាក់ថា វាជាពេលវេលាសមហេតុផលសម្រាប់ការវិលត្រឡប់មកវិញរបស់លោកសម រង្ស៊ី។ លោកបន្តថា អ្នកគាំទ្រជាច្រើននឹងរារាំងមិនឲ្យមានរឿងមិនល្អកើតឡើងចំពោះលោក រង្ស៊ី នោះទេ។
លោកបន្ថែមថា៖ «ខ្ញុំជឿជាក់ថា វានឹងមិនមែនជាបញ្ហាប្រឈមធំសម្រាប់គាត់នោះទេ។ ប្រសិនបើពួកគេ [អាជ្ញាធរ] ប្រថុយ ហ៊ានធ្វើអ្វីមួយ ដូចការលើកឡើងរបស់លោក [ឡៅ ម៉ុងហៃ] នោះវាដូចជាការវាយសំពងទៅមេដឹកនាំផ្តាច់ការវិញ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានយល់ស្របទៅនឹងការទស្សន៍ទាយចំណុចទី ១ របស់លោក ឡៅ ម៉ុងហៃ។ ប៉ុន្តែលោកបានបដិសេធការទស្សន៍ទាយ ២ ចំណុចចុងក្រោយដោយលោកថ្លែងថា កម្ពុជាគឺជាប្រទេសនីតិរដ្ឋ។
លោកថា៖ «គាត់អាចនឹងត្រូវចាប់ខ្លួន ប្រសិនបើគាត់វិលត្រឡប់មកវិញ ដោយសារតែការអនុវត្តច្បាប់។ ដោយសារតែមានសាលក្រមពីតុលាការ ដូច្នេះហើយអាជ្ញាធរនឹងអនុវត្តសាលក្រមរបស់តុលាការចាប់ខ្លួនគាត់ដាក់ពន្ធនាគារដែលនៅឆ្ងាយពីទីក្រុងភ្នំពេញ»។
លោកបន្ថែមថា ការប៉ះទង្គិចគ្នាអាចនឹងកើតឡើងរវាងក្រុមអ្នកគាំទ្រលោក សម រង្ស៊ី នឹងអាជ្ញាធរ។ ទន្ទឹមនឹងនេះដែរ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ កាលពីម្សិលមិញបានថ្កោលទោសសកម្មភាពរបស់លោក សម រង្ស៊ី នៅក្រៅប្រទេស ដែលអំពាវនាវឱ្យអន្តរជាតិ ដាក់ទណ្ឌកម្មលើកម្ពុជា។
លោកថ្លែងថា លោក រង្ស៊ី បោកប្រាស់សហគមន៍អន្ដរជាតិ ដោយរាយការណ៍ថា ប្រទេសកម្ពុជា «វេទនា»។ លោក ទៀ បាញ់ ថ្លែងនៅក្នុងអំឡុងពេលបិទវគ្គបណ្តុះបណ្តាលយោធាឆ្នាំ ២០១៨ និងបើកវគ្គបណ្តុះបណ្តាលសម្រាប់ឆ្នាំ ២០១៩ ថា៖ «[គាត់] ស្រែកនៅបរទេស ហើយភូតកុហកដោយនិយាយថា អូ! ប្រទេសកម្ពុជាវេទនាណាស់ របបផ្តាច់ការ រំលោភសិទ្ធិមនុស្ស ដូច្នេះហើយការដាក់សម្ពាធគឺជារឿងចាំបាច់...ហើយ [សហគមន៍អន្ដរជាតិ] ជឿថា អូ!វាប្រហែលជាការពិត ពួកគេចេះតែបន្ទរតាមគាត់»។
លោកបន្តថា ប្រទេស កម្ពុជា ធ្លាប់ជួបប្រទះនឹងទុក្ខលំបាកច្រើនមកហើយ។ លោកបានចោទសួរសហគមន៍អន្តរជាតិ ចំពោះការជឿជាក់របស់ពួកគេទៅលើការអះអាងរបស់លោក សម រង្ស៊ី ដែលលើកឡើងថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាដើរថយក្រោយ។
លោកបន្ថែមថា៖ «ខ្ញុំពិតជាឆ្ងល់ណាស់ថា ហេតុអ្វីបានជាពួកគេចាញ់ការបោកប្រាស់ពីមនុស្សមួយក្រុមតូច ដែលចេះតែធ្វើការភូតកុហកបែបនេះ។ ពួកគេនិយាយថា កម្ពុជាមិនមានលទ្ធិប្រជាធិបតេយ្យទេ កម្ពុជាមិនគោរពសិទិ្ធមនុស្សទេ ហើយមនុស្សទាំងនោះក៏ចេះតែជឿទៅ»។
លោកថា៖ «គាត់និយាយថា ប្រទេស កម្ពុជា ត្រូវតែផ្លាស់ប្តូរ។ តើយើងផ្លាស់ប្តូរទៅណា? យើងមានលទ្ធិប្រជាធិបតេយ្យ ដោយរៀបចំការបោះឆ្នោតមិនដែលយឺតយ៉ាវ។ តើនោះមិនមែនជាលទ្ធិប្រជាធិបតេយ្យទេឬ?»៕