ព្រះសីហនុៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជាឲ្យរុះរើអគារកម្ពស់ ៩ ជាន់ មួយកន្លែងឆាប់ៗនេះ ស្ថិតនៅភូមិលេខ ៤ សង្កាត់លេខ ៤ ក្រុង/ខេត្តព្រះសីហនុ បន្ទាប់ពីរកឃើញការសាងសង់ខុសបច្ចេកទេស និងគ្មានគុណភាព ខណៈក្រសួងមហាផ្ទៃក៏បានផ្អាកសកម្មភាពរបស់ក្រុមហ៊ុនមួយដែលបានអភិវឌ្ឍជាន់លើដីកម្មសិទ្ធិឯកជន នៅស្រុកទឹកឈូ ខេត្តកំពត។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី ៩ ខែ សីហា ដែលភ្នំពេញប៉ុស្តិ៍ទទួលបានថ្ងៃទី ១១ សីហា ឲ្យដឹងថាក្រុមការងារបច្ចេកទេសនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីររៀបចំដែនដីខេត្ត បានចុះត្រួតពិនិត្យការដ្ឋានសំណង់អគារពហុមុខងារកម្ពស់ ៩ ជាន់ខាងលើ ដោយរកឃើញថា សំណង់គ្មានលិខិតអនុញ្ញាតសាងសង់ និងគ្មានលិខិតអនុញ្ញាតបើកការដ្ឋាន។
សេចក្តីប្រកាសព័ត៌មានបន្តថា បន្ទាប់ពីពិនិត្យមានហានិភ័យដូចខាងលើ ដើម្បីធានាបានសន្តិសុខ សុវត្ថិភាព ការពារទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ គណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុស្នើទៅរដ្ឋបាលខេត្តព្រះសីហនុចាត់វិធានការ ដោយផ្អាកការដ្ឋានសាងសង់ជាបន្ទាន់។ ហាមស្នាក់នៅ ហាមការប្រើប្រាស់សំណង់ ផ្អាកការប្រកបអាជីវកម្មគ្រប់ប្រភេទនៅក្នុងអគារ និងឲ្យមនុស្សចេញពីអគារទាំងអស់។
ក្រសួងរៀបចំដែនដីបញ្ជាក់ថា៖ «ក្រុមការងារតម្រូវឲ្យរុះរើសំណង់នេះចេញ ព្រោះសំណង់នេះមិនមានសុវត្ថិភាព និងគុណភាពសមស្របតាមលក្ខណៈបច្ចេកទេសសំណង់។ ប្រជាពលរដ្ឋដែលរស់នៅជិតខាងជុំវិញអគារនេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវចាកចេញពីលំនៅឋានជាបន្ទាន់រហូតដល់មានការចាត់ចែងរួចរាល់»។
លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុថ្លែងថា សំណង់អគារនេះសាងសង់ដោយក្រុមហ៊ុន ឈួនវិន ខនស្ដ្រាក់សិន អេនជីនារីង (ខេមបូឌា) ឯ.ក។ គណៈកម្មការត្រួតពិនិត្យរកឃើញថា ថ្ងៃទី ៨ ខែ សីហា អគារនេះមានការស្រុតពី ៤០ មម ទៅ ៨០ មម។
លោកបន្តថា ថ្ងៃទី ៩ សីហា នៅផ្នែកខាងកើតនៃអគារមានការស្រុត ៩ មមទៀត និងនៅផ្នែកខាងលិចនៃអគារមានការស្រុតរហូតដល់ ២៨ មមថែមទៀត និងបន្តស្រុតទៀត។ បន្ថែមពីលើនោះជញ្ជាំងជាន់ផ្ទាល់ដីនៃអគារ មានសភាពប្រេះច្រើនកន្លែង និងបន្តប្រេះថែមទៀត និងអគារសាងសង់ខុសលក្ខណៈបច្ចេកទេសសំណង់ និងខុសនគរូបនីយកម្ម។
លោកបញ្ជាក់ថា៖ «ខណៈនេះ យើងបានជូនដំណឹងទៅម្ចាស់អគារនេះ ព្រមទាំងប្រកាសឲ្យពលរដ្ឋដែលកំពុងធ្វើអាជីវកម្មនៅក្នុងអគារនោះចាកចេញភ្លាមៗ ហើយអ្នករស់នៅក្បែរនោះក៏ត្រូវចេញឲ្យឆ្ងាយពីអគារនេះដែរ រង់ចាំយើងចាត់រួចរាល់ទើបអាចឲ្យមករស់នៅវិញបាន។ ពេលនេះដែរ យើងក៏កំពុងរង់ចាំមើលសកម្មភាពម្ចាស់អគារគាត់អនុវត្តតាមបទបញ្ជានេះ»។
តាមលោក ចេង ស្រុង មិនទាន់មានរបាយការណ៍លម្អិតជុំវិញការផ្អាកសកម្មភាពសំណង់អគារដែលរកឃើញខុសស្ដង់ដា និងគ្មានច្បាប់នៅឡើយ។ ប៉ុន្ដែតាមការប៉ាន់ស្មានលោកថា ប្រមាណជាង ១០០ ករណី។ អគារទាំងអស់នោះ កំពុងតម្រូវឲ្យកែបច្ចេកទេស និងធ្វើតាមស្ដង់ដា ហើយគណៈកម្មការនឹងធ្វើការផ្សព្វផ្សាយរបាយការណ៍លម្អិតនៅពេលបញ្ចប់កិច្ចការស្រាវជ្រាវទាំងអស់នេះ។
តំណាងក្រុមហ៊ុន ឈួនវិន ខនស្ដ្រាក់សិន អេនជីនារីង (ខេមបូឌា) ឯ.ក និងម្ចាស់អគារកម្ពស់ ៩ ជាន់នោះ ពីម្សិលមិញមិនទាន់អាចស្វែងរកប្រភពទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ។
លោកស្រី ជៀប សុធារី មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះសីហនុ គាំទ្រចំពោះចំណាត់ការនេះ ដោយជំរុញឲ្យអាជ្ញាធរបន្តស្រាវជ្រាវ និងត្រួតពិនិត្យអគារផ្សេងៗទៀត ដើម្បីកុំឲ្យប្រជាពលរដ្ឋដែលរស់នៅក្បែរៗអគាររបស់ចិនមានការព្រួយបារម្ភ។ លោកស្រីថា ក្រៅពីប្រកាសព័ត៌មានពាក់ព័ន្ធអគារនេះ អាជ្ញាធរត្រូវមានវិធានការបន្ត ដោយប្រើប្រាស់ផ្លូវច្បាប់ ដើម្បីព្រមានជនជាតិបរទេសទាំងអស់នោះ។
លោកស្រីបញ្ជាក់ថា៖ «ពលរដ្ឋមួយចំនួនដែលនៅក្បែរសណ្ឋាគារ សុខា គាត់ប្រាប់ខ្ញុំថា គាត់បានឃើញក្រុមហ៊ុនសំណង់បូមទឹកសមុទ្រលាយជាមួយខ្សាច់សមុទ្រ យកមកសាងសង់អគារ។ បើតាមបច្ចេកទេសគេមិនអាចប្រើទឹក ឬខ្សាច់សមុទ្រមកសាងសង់អគារទេ។ ប៉ុន្ដែខ្ញុំមិនដឹងវាមានហានិភ័យអ្វីកើតឡើងបន្តទៀតទេ ហើយអាជ្ញាធរគួរពិនិត្យរឿងហ្នឹងផង»។
ករណីស្រដៀងគ្នានេះដែរ ក្រសួងមហាផ្ទៃ បានផ្អាកសកម្មភាពរបស់ក្រុមហ៊ុន ថាហ្គីត អ៊ីស្ទេត អេនអ៊ែសិត មេនិចម៉ិន (Target Estate and Asset Management) ដែលអភិវឌ្ឍលើដីកម្មសិទ្ធិឯកជន នៅតំបន់ក្បាលរមាស ក្នុងគម្រោងសាងសង់លំនៅឋានបែបទេសចរណ៍ឆ្នេរព្រែក ស្ថិតនៅឃុំត្រពាំងសង្កែ និងនៅភូមិកំពង់សំរោងខាងត្បូង ឃុំកំពង់សំរោង និងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ៩ ខែ សីហា ដែលចុះហត្ថលេខាដោយលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជម្រាបទៅអគ្គនាយកក្រុមហ៊ុន ថាហ្គីត អ៊ីស្ទេត អេនអ៊ែសិត មេនិចម៉ិន ស្ដីពីករណីស្នើសុំគោលការណ៍អនុញ្ញាត ដើម្បីធ្វើការអភិវឌ្ឍលំនៅឋានបែបទេសចរណ៍ឆ្នេរព្រែកនៅតំបន់ខាងលើ។ បន្ទាប់ពីក្រសួងមហាផ្ទៃបានទទួលរបាយការណ៍ពីរដ្ឋបាលខេត្តកំពត ពាក់ព័ន្ធគម្រោងនេះរួចមក ក្រសួងស្នើឲ្យអគ្គនាយកក្រុមហ៊ុនធ្វើការផ្អាកសកម្មភាពទាំងឡាយពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍ខាងលើ ដើម្បីឲ្យរដ្ឋបាលខេត្តពិនិត្យ និងសម្របសម្រួលដោះស្រាយករណីទំនាស់ផ្សេងៗជាមុនសិន និងរង់ចាំមានការសម្រេចជាថ្មី។
លោកឧកញ៉ា ជា សុខហេង អគ្គនាយកក្រុមហ៊ុន ថាហ្គីត អ៊ីស្ទេត អេនអ៊ែសិត មេនិចម៉ិន (Target Estate and Asset Management) ពីម្សិលមិញ មិនទាន់អាចស្វែករកប្រភពទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ។
តាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពតដែលបានរាយការណ៍ទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១៧ ឧសភា ឆ្នាំ ២០១៩ ឲ្យដឹងថា តាមរយៈការស្រាវជ្រាវកន្លងមក ដីដែលក្រុមហ៊ុនកំពុងធ្វើការអភិវឌ្ឍនេះ កន្លងមកជាកម្មសិទ្ធិរបស់ឈ្មោះកែវ ជា។ នៅឆ្នាំ ២០០៨ លោក កែវ ជា បានធ្វើការពុះឡូតិ៍លក់ទៅឲ្យពលរដ្ឋប្រមាណជិត ២០ នាក់ ប៉ុន្ដែមិនទាន់ពុះកាត់ប្លង់កម្មសិទ្ធិជូនពួកគាត់ទេ (ប្លង់រួម)។
របាយការណ៍បន្តថា ក្រោយមក លោកកែវ ជា យកប្លង់ដីទាំងនោះទៅបញ្ចាំឲ្យលោកឧកញ៉ា ជា សុខហេង អគ្គនាយកក្រុមហ៊ុនខាងលើ។ ប៉ុន្ដែលោក កែវ ជា គ្មានលទ្ធភាពបង់លុយឲ្យលោកឧកញ៉ា ទើបលោកឧកញ៉ា កាត់យកទីតាំងដីនោះ ហើយមានគម្រោងអភិវឌ្ឍន៍លំនៅឋានបែបនេះ៕