ភ្នំពេញៈ អ្នក​ជាប់ឃុំ​ដែល​សម្បូរ​ប្រាក់​នឹង​អាច​បាន​ស្នាក់នៅ​ក្នុង​អគារ​ពន្ធនាគារ​ទំនើប​ ខណៈ​អគារ​វិនិយោគ​កម្ពស់​ ៣ ​ជាន់​កំពុង​ត្រូវ​បាន​សាងសង់​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ព្រៃស​ដែល​តាម​មន្ត្រី​ថា អាច​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​ ២០១៨ ​នេះ ជា​អ្វី​ដែល​មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា ហាក់​មាន​ទម្រង់​ជា​ការ​បែងចែក​វណ្ណៈ​ចំពោះ​អ្នកទោស​ដូច​គ្នា​។

លោក​ឧត្តមសេនីយ៍ សន កែវ អ្នក​នាំពាក្យ​ពន្ធនាគារ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា សំណង់​អគារ​នេះ​ជា​ការ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ជា​ជនជាតិខ្មែរ​ហើយ​ថា ប្រសិន​បើ​មិន​មាន​អ្វី​ប្រែប្រួល​​ទេ​នឹង​សង់​រួច​នៅ​ចុង​ឆ្នាំ​ ២០១៨ ​នេះ​សម្រាប់​ដាក់​ជន​ជាប់ឃុំ​ដែល​មាន​លទ្ធភាព​ដោយ​ការបង់​ថវិកា តែ​ក៏​មិនមែន​ដាក់​អ្នក​ជាប់ឃុំ​ទូទៅ​ដែរ​។

យ៉ាងណា​ក្ដី​លោក សន កែវ មិន​បាន​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន និង​ទឹកប្រាក់​ចំណាយ​សាងសង់​នោះ​ទេ ដោយ​បង្វែរ​សំណួរ​ឱ្យ​សួរ​លោក កែវ សុផាត ប្រធាន​នាយកដ្ឋាន​ការងារ​សាងសង់​ដែល​មិន​អាច​សុំ​ការអត្ថាធិប្បាយ​បាន ដោយសារ​មិន​មាន​អ្នក​លើក​ទូរស័ព្ទ​កាលពី​ម្សិលមិញ​។

ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ធ្លាប់​បាន​រាយការណ៍​ថា សំណង់​អគារ​ពន្ធនាគារ​នេះ​​វិនិយោគ​ដោយ​ក្រុមហ៊ុន​ឈ្មោះ គន្ធរីខុន ហូលឌីង លើ​ផ្ទៃដី​ជាង​ ១ ​ហិកតា​ក្នុង​ទឹកប្រាក់​វិនិយោគ​​ជាង​ ៤ ​លាន​ដុល្លារ​ដោយ​បាន​ចាប់​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែ​ឧសភា​ឆ្នាំ​មុន​។

លោក​ឧត្ដមសេនីយ៍ សន កែវ បាន​បញ្ជាក់​ថា​៖ «​កន្លែង​នោះ​សម្រាប់​ដាក់​អ្នក​ជាប់ឃុំ​ណា​ដែល​មាន​លទ្ធភាព​បង់លុយ​ដើម្បី​បាន​ទៅ​ស្នាក់នៅ​កន្លែង​នោះ​។ ប៉ុន្តែ​ការគ្រប់គ្រង​គឺ​តាម​ស្តង់ដារ​ពន្ធនាគារ​តែ​មួយ អត់​មាន​ស្តង់ដារ​ ២ ​ទេ​។ មាន​ន័យ​ថា​ពន្ធនាគារ​សាធារណៈ ពន្ធនាគារ​ទូទៅ គ្រប់គ្រង​បែប​ណា អគារ​ពន្ធនាគារ​ថ្មី​នោះ​ក៏​គ្រប់គ្រង​បែប​ហ្នឹង​ដែរ​។ អត់​មាន​ម៉ាស៊ីន​ត្រជាក់ អត់​មាន​ពូក អត់​មាន​អី​ទេ គឺ​គ្រាន់តែ​ថា​គាត់​មាន​លុយ​បង់​ទៅ​នៅ​កន្លែង​​ទូលាយ​តែ​ប៉ុណ្ណឹង​ទេ​។ ​មាន​តែ​កង្ហារ ព្រោះ​ពន្ធនាគារ​ទូទៅ​ក៏​យើង​មាន​កង្ហារ​ដែរ​។ ​...​មិនមែន​មាន​ន័យ​ថា ជា​សណ្ឋាគារ​ពន្ធនាគារ​ទេ ហើយ​ក៏​គ្មាន​គ្រែ គ្មាន​ពូក គ្មាន​ម៉ាស៊ីនត្រជាក់​អី​ដែរ​» ។

ពាក់ព័ន្ធ​នឹង​មណ្ឌល​ (​ម​ ១ ​សម្រាប់​ឃុំ​មនុស្ស​ប្រុស និង​ម​ ២ ​សម្រាប់​ឃុំ​ស្ត្រី​) ​នោះ លោក ឧត្តមសេនីយ៍ សន កែវ បាន​ថ្លែង​ថា​ករណី​នេះ​លោក​ដូចជា​មិន​ទាន់​បាន​ស៊ីជម្រៅ​ទេ ប៉ុន្តែ​ប្រហែល​ជា​ដដែល​ទេ​គ្រាន់តែ​ជា​អគារ​មួយ​សម្រាប់​បង់​ថវិកា​ស្នាក់នៅ​ប៉ុណ្ណោះ​។

ជុំវិញ​បញ្ហា​នេះ​លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​បាន​ស្វាគមន៍​ការកែទម្រង់​ពន្ធនាគារ ខណៈ​ដែល​​បច្ចុប្បន្ន​កំពុង​មាន​ភាព​ចង្អៀត​ និង​ពុំ​មាន​ផាសុកភាព​។ ប៉ុន្តែ​លោក​យល់​ឃើញ​ថា សម្រាប់​ប្រទេស​ជឿនលឿន​គឺ​អ្នក​ជាប់​​ឃុំ​បាន​ស្នាក់​នៅ​ក្នុង​ពន្ធនាគារ​ដែល​ស្ថានភាព​ស្មើៗ​គ្នា ដោយ​គេ​មិន​បាន​សង់​អគារ​ពន្ធនាគារ​សម្រាប់​តែ​អ្នកមាន​លុយ​ទៅ​រស់នៅ​នោះ​ទេ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ការកែទម្រង់​ពន្ធនាគារ​នោះ ខ្ញុំ​ស្វាគមន៍ ប៉ុន្តែ​មិនមែន​កែទម្រង់​របៀប​អ្នក​មាន​លុយ អ្នកមាន​វណ្ណៈ​ទៅ​បែងចែក​ដែល​ជា​អ្នកទោស​ដូច​គ្នា​នោះ​ទេ​។ បើ​យើង​ប្រៀបធៀប​ជាមួយ​ប្រទេស​លោក​សេរី​គឺ​ក្នុង​ពន្ធនាគារ​គេ​មាន​គ្រែ មាន​អី អ្វី​ដែល​ខាង​ពន្ធនាគារ​ផ្តល់​ឲ្យ​មិនមែន​ផ្តល់​ឲ្យ​តែ​ក្រុម​អ្នក​មាន​ប្រាក់​ទេ គឺ​អ្នកក្រ​ក៏​មាន​សិទ្ធិ​ស្មើគ្នា​ទាំងអស់​ដែរ​។ ​អ្វី​ដែល​គួរ​ទទួល​បាន​ក្នុង​ពន្ធនាគារ​គឺ​ត្រូវ​តែ​ទទួលបាន​ដូចៗ​គ្នា​។ ​ប្រសិន​មាន​ពន្ធនាគារ​ទំនើប​របៀប​នេះ ខ្ញុំ​មាន​ការ​ព្រួយបារម្ភ​ព្រោះ​ថា គាត់​មិន​ខ្លាច​ដាក់​ទោសទណ្ឌ​ពិន័យ​ក្នុង​ពន្ធនាគារ​នោះ​ទេ »៕