ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​កំពុង​រៀបចំ​អគារ​រៀប​មង្គលការ ដឺ ព្រេមៀ សេនធ័រ សែនសុខ និង​អគារ​វិមាន​ពិភព​ថ្មី សែនសុខ ធ្វើ​ជា​ទីកន្លែង​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូវីដ ១៩ កម្រិត​ស្រាល ខណៈ​ដែល​ចំនួន​វិជ្ជមាន​នៃ​អ្នក​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ ត្រូវ​បាន​រក​ឃើញ​រាប់​រយ​នាក់​ជា​រៀងរាល់​ថ្ងៃ។

យោង​តាម​ការ​លើក​ឡើង​របស់​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ប្រាប់​បណ្ដាញ​ព័ត៌មាន​ហ្វ្រេសញូវ នៅ​ថ្ងៃ​អាទិត្យ ទី ១៨ ខែ​មេសា នេះ បាន​ឱ្យ​ដឹង​ថា លោក ហុង ពីវ និង​លោក លី យ៉ុងផាត់ បាន​ប្រគល់​អគារ​រៀប​មង្គលការ​នេះ ជូន​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​ចាត់ចែង​សម្រាប់​ដាក់​អ្នក​ជំងឺ​កូវីដ ១៩។

លោកស្រី​បាន​ប្រាប់​ថា អគារ​ទាំង​ពីរ​នេះ​អាច​ដាក់​ព្យាបាល​អ្នក​ជំងឺ​កូវីដ ១៩ បាន​ចំនួន​ពី ១ ០០០ ទៅ​ដល់​ជាង ២ ០០០ គ្រែ។

បើ​តាម​លោកស្រី យក់ សម្បត្ដិ គិត​មក​ត្រឹម​ថ្ងៃ​នេះ មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ ១៩ កម្រិត​ស្រាល​មាន​ចំនួន ៧ ទីតាំង មាន​នៅ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី​ដាក់​ព្យាបាល​អ្នក​ជំងឺ​ចំនួន ២៦០ គ្រែ, អគារ​ម៉ូឌែន​ដាក់​អ្នក​ជំងឺ​ជាង ២៣០ គ្រែ, អគារ​នៅ​ពោធិ៍ចិនតុង ១៦០ គ្រែ, អគារ​ការ​កោះពេជ្រ​ដាក់​បាន​ជាង ២ ៧០០ គ្រែ, វិទ្យាល័យ​ជម្ពូវ័ន្ដ​បាន​ជិត ៧០ គ្រែ, អគារ​វិមាន​ពិភព​ថ្មី​សែនសុខ​ចំនួន​ជាង​ ៨០០ គ្រែ និង​អគារ​ ដឺ ​ព្រេមៀ សេនធ័រ​សែនសុខ​ចំនួន​ពី ១ ០០០ ទៅ ១ ៥០០ គ្រែ។

ទន្ទឹម​នឹង​នេះ​ដែរ អនុ​ប្រធាន​ក្រុម​ប្រឹក្សាភិបាល នៃ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ លោកស្រី ពេជ ចន្ទមុន្នី បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោកស្រី​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទី ១៧ ខែ​មេសា ដោយ​លោកស្រី​បាន​បញ្ចេញ​នូវ​អារម្មណ៍​របស់​លោកស្រី​នៅ​ពេល​ដែល​មាន​ការ​រៀបចំ​មន្ទីរ​ពេទ្យ​ព្យាបាល​អ្នក​ជំងឺ​កូវីដ ១៩ ម្តងៗ។

គ្រែត្រូវបានដំឡើងសម្រាប់ព្យាបាលអ្នកជំងឺនៅអគារ​រៀប​មង្គលការ ដឺ ព្រេមៀ សេនធ័រ សែនសុខ កាលពីព្រឹកមិញ។ រូបថត CAMUP

លោកស្រី​បញ្ជាក់​ថា​៖ «ខ្ញុំ​មាន​អារម្មណ៍​ក្តុកក្តួល​ចិត្ត អាណិត​ដល់​រដ្ឋាភិបាល​ដែល​ខំ​ចំណាយ​ប្រាក់​ក្នុង​ការ​រៀបចំ​មន្ទីរពេទ្យ​ឱ្យ​អ្នក​ជំងឺ​មាន​កន្លែង​ព្យាបាល​អាណិត​ដល់​សម្តេច​តេជោ ដែល​លោក​ខិតខំ​ប្រឹង​គិតគូរ និង​ផ្តល់​គំនិត​គ្រប់​បែប​យ៉ាង ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ ជាពិសេស គឺ​ការពារ​ជីវិត​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ»។

លោកស្រី ពេជ ចន្ទមុន្នី បាន​បន្ត​ថា លោកស្រី​អាណិត​ដល់​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ទាំង​អស់​ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​នឹង​សត្រូវ​ដែល​មើល​មិន​ឃើញ​ស្រមោល​នេះ។ អាណិត​ និង​ខ្លោច​ចិត្ត​ដល់​ក្មេង​តូចៗ​ដែល​ឆ្លង​នូវ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ។

លោកស្រី​បាន​លើក​ឡើង​ថា៖ «ខ្ញុំ​តែងតែ​បួងសួង​សុំ​មន្ទីរពេទ្យ​ដែល​ខ្ញុំ​កំពុង​រៀបចំ​នេះ​ គ្មាន​មនុស្ស​មក​សម្រាក និង​ជា​មន្ទីរពេទ្យ​ចុង​ក្រោយ។ សម្តេច​តេជោ​រាជរដ្ឋាភិបាល និង​ក្រុម​គ្រូពេទ្យ​យើង​ខ្ញុំ​បាន​ខំ​ប្រឹង​ពេញ​ទំហឹង​ហើយ តែ​ខ្ញុំ​សុំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​សហការ ទើប​យើង​អាច​ឆ្លង​កាត់​ការ​លំបាក​នេះ​ជាមួយ​គ្នា​បាន»៕