ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ពី​ម្សិលមិញ​សម្ពោធ​អគារ​ឥន្ទ្រទេវី​រាជបណ្ឌិត្យ​សភា​កម្ពុជា​ដែល​ជា​កន្លែង​បណ្តុះបណ្តាល​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ មជ្ឈមណ្ឌល​បកប្រែ​ភាសា​បរទេស និង​ជា​កន្លែង​ស្រាវជ្រាវ​ដោយ​ក្រៅពី​នេះ​លោក​ចាត់ទុក​អគារ​មួយ​នេះ​សម្រាប់​ធ្វើការ​ប្រជុំ​ពិភាក្សា និង​ធ្វើ​កិច្ចការ​ផ្សេងៗ​ហើយ​បន្ទាប់​ទៅទៀត​នឹង​មាន​អគារ​មួយទៀត​ដែល​ហៅថា «​ខេមរៈពិទូ​» ដែល​នឹង​ដោះស្រាយ​នៅពេល​ខាងមុខ​។

តាមរយៈ​សុន្ទរកថា​លោក សុខ ទូច ថ្លែង​ក្នុង​ពិធី​នោះ​ថា ការសាងសង់​អគារ​នេះ គឺ​ដើម្បី​ប្រើប្រាស់​ជា​កន្លែង​បណ្តុះបណ្តាល និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ (​អនុបណ្ឌិត​) លើ​គ្រប់មុខ​ជំនាញ និង​ជា​មជ្ឈមណ្ឌល​បកប្រែ​ភាសា​បរទេស​។ លោក​ថ្លែង​ថា ជា​ទិសដៅ​នាពេល​អនាគត រាជបណ្ឌិត្យ​សភា​កម្ពុជា​មាន​បំណង​ប្រមូលផ្តុំ​អ្នកមាន​ចំណេះដឹង​ខាង​ភាសា​ផ្សេងៗ ហើយ​សុំ​សិទ្ធិ​ធ្វើការ​បកប្រែ​នូវ​រាល់​ស្នាដៃ ឬ​ផលិតផល​ដែល​មាន​តម្លៃ​សម្រាប់​ជាតិ​មកជា​ខេមរ​ភាសា​។

លោក​ថ្លែងថា​៖ «​ពីព្រោះ​យើង​យល់​ថា​ការប្រើប្រាស់​ខេមរភាសា វា​អាច​ផ្តល់​សារៈសំខាន់​ទៅ​ដល់​អ្នកសិក្សា​ស្រាវជ្រាវ​ដូចជា​យុវជន ដែល​មិនចេះ​ភាសាបរទេស​ហើយ​អាច​មើល​ឯកសារ​នោះ​បាន​ស៊ីជម្រៅ​តាមរយៈ​ខេមរភាសា​»​។

លោក​បន្តថា អគារ​នេះ​ក៏​ជា​កន្លែង​ស្រាវជ្រាវ ប្រមូលផ្តុំ​បញ្ញវន្ត​តាមរយៈ​ការរៀបចំ​សិក្ខាសាលា សន្និសីទ និង កម្មវិធី​តុមូល​ផ្សេងៗ​សម្រាប់​បញ្ញវន្ត​ធ្វើការ​វិភាគ​អំពី​បញ្ហា​សង្គម នយោបាយ សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ទំនើបៗ​របស់​ពិភពលោក​ថ្មីៗ​នេះ​ផងដែរ​។

លោក​ សុខ ទូច បញ្ជាក់​ថា​៖ «​ជារួម​អគារ​នេះ​នឹង​ជា​ទីបម្រើ​ដល់​បញ្ញវន្ត​ទាំង​ខាង​ផ្នែក​វិទ្យាសាស្ត្រ​ពិត និង​វិទ្យាសាស្ត្រ​សង្គម ដើម្បីឱ្យ​បញ្ញវន្ត​ទាំងឡាយ​បាន​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​សម្រាប់​ការរួមចំណែក​ក្នុង​ការអភិវឌ្ឍ​សង្គមជាតិ​»​។

លោក​ សុខ ទូច ថ្លែង​ទៀត​ថា​រយៈពេល​ ២០ ​ឆ្នាំ​មកនេះ រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​សិក្សា​ស្រាវជ្រាវ និង​ស្វែងរក​ធាតុ​ចូល​យ៉ាងច្រើន​ជូន​ដល់​រដ្ឋាភិបាល​ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​។ រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ស្រាវជ្រាវ និង​សាកលវិទ្យាល័យ​ជាតិ និង​អន្តរជាតិ​ជា​បន្តបន្ទាប់​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន និង​អាស៊ីប៉ាស៊ីហ្វិក ដូចជា ជប៉ុន កូរ៉េ​ខាងត្បូង ចិន អាមេរិក អាល្លឺម៉ង់ រុស្ស៊ី អូស្ត្រាលី បង់ក្លាដែស បែលឡារូស ប៉ូឡូញ អ៊ីតាលី ជាដើម​។

ទោះយ៉ាងណា​លោក ហ៊ុន សែន បាន​ណែនាំ​ឱ្យ​ស្ថាប័ន​ទាក់ទង​ការស្រាវជ្រាវ​ត្រូវ​បន្ត និង​ពិនិត្យមើល​ឱ្យ​ច្បាស់​ទៅលើ​អ្វី​ដែល​គួរ​ចំណាយ​ធនធាន​ដើម្បី​ធ្វើការ​សិក្សា​ដែល​បម្រើ​ឱ្យ​ស្ថានភាព​ជាក់ស្តែង ហើយ​ការសិក្សា​នោះ​គួរ​ត្រូវ​បានជា​ធាតុ​ចូល​ដែល​អាច​ទទួល​យក​បាន​ដោយ​ស្ថានប័ន​អនុវត្ត​។

លោក​ ហ៊ុន សែន ថ្លែងថា​៖ «​មិនមែន​សិក្សា​ហើយ​បញ្ជូន​មក​ឱ្យ​នាយករដ្ឋមន្ត្រី ហើយ​នាយករដ្ឋមន្ត្រី​ជំរុញ​ឱ្យ​ស្ថាប័ន​អនុវត្ត​នោះ​គេ​អនុវត្ត ព្រោះ​យើង​ត្រូវ​ដឹងថា នៅពេល​វេលា​ដែល​យើង​កំពុង​សិក្សា​នេះ គោលនយោបាយ​ជាក់លាក់​មួយ​ត្រូវ​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​។ ក្នុងនោះ​មាន​ទាំង​យុទ្ធសាស្ត្រ​ចតុកោណ​។ ក្រៅពី​យុទ្ធសាស្ត្រ​ចតុកោណ​ដែល​យុទ្ធសាស្ត្រ​រួម​ផ្នែក​មួយៗ​សុទ្ធ​តែមាន​។ ឧទាហរណ៍​គោលនយោបាយ​គាំពារ​សង្គម​គឺ​មាន​ចែង​ច្បាស់លាស់​ធ្វើ​ម៉េច ធ្វើ​ម៉េច ធ្វើ​ម៉េច​។ អាហ្នឹង​សុទ្ធតែ​ជា​បញ្ហា​»​។

លោក​ក៏​បាន​ឯកភាព​ទៅ​លើ​ការស្នើសុំ​របស់​រាជបណ្ឌិត្យ​សភា​ដើម្បី​រៀបចំ​បន្ទប់ពិសោធន៍​មួយ​បំពាក់​ដោយ​គ្រឿង​បរិក្ខារ​ដែល​បម្រើ​រាល់​ការងារ​ស្រាវជ្រាវ​បង្កាត់ពូជ​រុក្ខជាតិ​ដែល​មាន​តម្លៃ​ ២០០ ០០០ ដុល្លារ និង​ការស្នើសុំ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ផ្នែក​ទេសចរណ៍​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា ដោយ​សហការ​បច្ចេកទេស​ជាមួយ​ក្រសួង​ទេសចរណ៍​ផងដែរ​។

បើ​តាម​សុន្ទរកថា​របស់​លោក សុខ ទូច អគារ​មាន​កម្ពស់​ ៣ ​ជាន់​នេះ​គឺ​មាន​បណ្ដោយ​ប្រវែង​ ៤០ ​ម៉ែត្រ និង​ទទឹង​ ១៧ ​ម៉ែត្រ​។

អគារ​ឥន្ទ្រទេវី​នេះ​មាន​បន្ទប់​ចំនួន​ ២៤ ដែល​ក្នុង​នោះ​ប្រើ​ជា​បន្ទប់​ការិយាល័យ​ ១ បន្ទប់​ ប្រជុំ​ខ្នាតតូច​ ១ បន្ទប់​ ការពារ​និក្ខេបបទ ​១ បន្ទប់​ សិក្សា​ចំនួន ១៨ ​បន្ទប់ Lab ចំនួន​ ២ និង​សាលសន្និសីទ (​សាលសហសិក្សា​) ១​។ បន្ទប់​នីមួយៗ​មាន​បំពាក់​សម្ភារ​សម្រាប់​សិក្សា​រៀនសូត្រ​មាន​ជាអាទិ៍ តុ​សិស្ស តុ​គ្រូ LCD កង្ហារ​ម៉ាស៊ីនត្រជាក់ និង​អំពូល​ម៉ែត្រ​ជាដើម​។ អគារ​នេះ​ចំណាយ​ថវិកា​អស់​ចំនួន​ ១,៥៤៦,៩៤៤.៣០ ដុល្លារ​សហរដ្ឋ​អាមេរិក​៕