ស្វាយរៀងៈ អគ្គកុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​ហូជីមិញ​នៅ​ថ្ងៃទី ២៦ ខែមេសា​នេះ​បាន​បញ្ជូន​ស្ត្រី​ខ្មែរ ២ នាក់ ដែល​រងគ្រោះ​ដោយសារ​ការជួញដូរ​មក​កម្ពុជា​វិញ បន្ទាប់ពី​សមត្ថកិច្ច​វៀតណាម​ចាប់បាន​កាលពីដើម​ខែមេសា និង​បានធ្វើ​ចត្តាឡីស័ក​រួចរាល់។

លោក ព្រីង សុខ មន្ត្រី​កុងស៊ុល​នៃ​ស្ថាន​អគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហូជីមិញ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី ២៦ ខែមេសា​ថា ដោយមាន​កិច្ចសហការ​ជាមួយ​ស្ថានទូត​កម្ពុជា​នៅ​ទីក្រុង​ហាណូយ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​វៀតណាម​បាន​បញ្ជូន​នារី​ខ្មែរ ២ រូប​ត្រឡប់​ទៅ​កម្ពុជា​វិញ ព្រោះ​អ្នក​ទាំង ២ បាន​ចាញ់បោក​មេខ្យល់​បញ្ឆោត​នាំទៅ​ធ្វើការ​នៅ​ប្រទេស​ចិន ហើយ​បាន​ឆ្លងដែន​ចូល​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់។

លោក​បញ្ជាក់ថា៖ «យើង​បាន​ទៅ​ទទួល​នារី​រងគ្រោះ​ខ្មែរ​ចំនួន ២ រូប​នៅ​ស្ថានីយ​រថភ្លើង​ទីក្រុង​ហូជីមិញ​នៅវេលា​ម៉ោង ៦ ព្រឹក ហើយ​បានរៀបចំ​ជូន​អាហារ​ពេលព្រឹក និង​បាន​បន្តដំណើរ​ទៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត-ម៉ុកបាយ រួច​ប្រគល់ជូន​អាជ្ញាធរ​កម្ពុជា មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ខេត្តស្វាយរៀង​ដើម្បី​មាន​វិធានការ​បន្ត»។

បើតាម​លោក ព្រីង សុខ នារី​ទាំង ២ រូប​ត្រូវបាន​មេខ្យល់​នាំ​លួច​ឆ្លងដែន​ចូល​ប្រទេស​វៀតណាម​ខុសច្បាប់ តាម​ច្រក​ផ្លូវលំ​កាលពី​ចុងខែ​មីនា ហើយ​បន្តដំណើរ​តាម​រថយន្ត​ឆ្ពោះទៅ​ប្រទេស​ចិន និង​ត្រូវបាន​អាជ្ញាធរខេត្ត​កាវបាង ប្រទេស​វៀតណាម​ចាប់​ឃាត់ខ្លួន និង​សង្គ្រោះ ព្រមទាំង​បាន​បញ្ជូនទៅ​មណ្ឌល​ចត្តាឡីស័ក​កាលពី​ថ្ងៃទី ១ ខែមេសា។

លោក ប៉ែន សុវណ្ណនី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ស្ត្រី​ទាំង ២ នាក់​ទី ១ មានឈ្មោះ ឈន គន្ធី ភេទ​ស្រី អាយុ ២២ ឆ្នាំ នៅ​ភូមិ​ស្វាយមាស ឃុំ​វិហាសួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល និង​ទី ២ ឈ្មោះ ហ៊ុន ធា ភេទ​ស្រី អាយុ ២៨ ឆ្នាំ នៅ​ភូមិ​ដូងជូ ឃុំ អូរសណ្តាន់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។

លោក​ថ្លែងថា៖ «ពេលនេះ​ខ្ញុំ​បានប្រគល់​អ្នក​ទាំងពីរ​ឲ្យ​អាជ្ញាធរ​យក​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​បាវិត​ហើយ ហើយ​យើង​ក៏​មិនទាន់​បាន​សួរនាំ​អី​ដល់​ពួកគាត់​ដែរ គ្រាន់តែ​ទទួល​ដឹងថា គាត់​មាន​ឈ្មោះ​អី មកពី​ណា​ចឹង​ទៅ។ នៅពេល​ធ្វើ​ចត្តាឡីស័ក​ចប់ ទើប​អាច​ធ្វើការ​សួរនាំ​ពួកគាត់ ដើម្បី​រក​វិធី​ដោះស្រាយ​ណាមួយ​ជូន​ពួកគាត់។ បើ​គាត់​ប្តឹង យើង​នឹង​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ស្វែងរក​មេខ្យល់​ចឹង​ទៅ»។

អ្នកស្រី ឈន គន្ធី នារី​ម្នាក់​បាន​អះអាងថា អ្នកស្រី​បាន​រៀបការ​ជាមួយ​ជនជាតិ​ចិន នៅ​ឆ្នាំ ២០១៧ ហើយ​មានកូន ៣ នាក់​ដោយ ២ នាក់​កំពុង​រស់នៅ​ប្រទេស​ចិន និង​ម្នាក់ទៀត​នៅ​កម្ពុជា។

អ្នកស្រី​បញ្ជាក់ថា៖ «ខ្ញុំ​បានមក​លេង​ស្រុកកំណើត​នៅ​ដើមឆ្នាំ ២០២០ ហើយ​មិនអាច​ត្រឡប់​ទៅ​ចិន​វិញ​បាន ដោយសារ​ជំងឺ​កូវីដ១៩ ហើយ​មេខ្យល់​បាន​បញ្ឆោត​ខ្ញុំ ថា​នឹង​ជួយ​នាំ​ទៅ​ចិន​ជួប​ប្តី និង​កូន ប៉ុន្តែ​ត្រូវបាន​គេ​ចាប់​ឃាត់ខ្លួន​នៅ​ប្រទេស​វៀតណាម (ខេត្ត​កាវបាង​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ចិន)» ។

ចំណែក នារី​ម្នាក់ទៀត​គឺ​អ្នកស្រី ហ៊ុន ធាន បាន​ថ្លែងថា មេខ្យល់​បាន​បោក​បញ្ឆោត​ថា នាំ​នាង​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ចិន ដោយ​ទទួលបាន​ប្រាក់ខែ​ច្រើន។

នារី​នេះ​បញ្ជាក់ថា៖ "ឮ​គេ​ថា បាន​ប្រាក់ខែ​ច្រើន ខ្ញុំ​ចេះតែ​ធ្វើតាម​គេ​ណែនាំ​ចឹង​ទៅ តែ​សំណាង​ត្រូវបាន​គេ​ឃាត់ កុំ​អី​មិន​ដឹង​ទៅដល់​ណា​ទេ»៕