ភ្នំពេញៈ អគ្គ​ស្នងការ​នគរបាលជាតិ​បានប្រាប់ឱ្យ​ស្នងការដ្ឋាន​នគរបាល​គ្រប់​រាជធានី​-ខេត្ត ត្រូវ​ពង្រឹងនូវ​វិធានការ​ធានា​ស្ថិរភាព ​សន្ដិសុខ ​និង​សណ្ដាប់​ធ្នាប់​សាធារ​ណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ ​ជាពិសេស​ទប់ស្កាត់​ការអុកឡុក​របស់​ក្មេង​ទំនើង ​ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ចាប់​ពី​ថ្ងៃ​ទី ៤ ដល់​ថ្ងៃ​ទី ​៧​ ខែ​កុម្ភៈ។

សេចក្ដី​ណែនាំ​ស្ដី​ពី​កិច្ច​ការ​ពារ​​សន្ដិសុខ​ សណ្ដាប់​ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​សង្គម​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ​វៀតណាម​ កូរ៉េ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នេត សា​វឿន​ អគ្គ​ស្នងការ​នគរ​បាល​ជាតិ​នៅ​ថ្ងៃទី ១ ​ខែកុម្ភៈ បាន​ណែនាំ​ដល់​ប្រធាន​​នាយកដ្ឋាន​ អង្គភាព ​និង​ស្នងការ​នគរបាល​គ្រប់​រាជធានី-ខេត្ត ត្រូវ​ផ្ដោតលើ​ការ​ងារ​សំខាន់ៗ​មួយចំនួន​ មាន​ដូច​ជា​ យកចិត្ត​ទុកដាក់​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធសភាពការណ៍​សន្តិសុខ ​សណ្តាប់ធ្នាប់​សាធា​រណៈ ​ចាត់​វិធានការ​ការពារ​សន្តិសុខ ​សណ្តាប់ធ្នាប់​នៅ​តាម​ទី​អារាម ​ព្រះវិហារ​ចិន​ វៀតណាម ​កូរ៉េ ​ក៏ដូចជា​ទី​សក្ការៈ ​និងរមណីយដ្ឋាន​មួយចំនួន ​ដែលមាន​ការប្រារព្ធ​ពិធី​ផ្សេងៗ ​ដោយយក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់​មិនឲ្យ​មាន​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ​ ជាពិសេស​សកម្មភាព​បង្កការ​អុកឡុក​របស់​​ក្មេង​ទំនើង ​និង​ត្រូវ​រៀបចំ​ឲ្យមាន​សណ្តាប់​ធ្នាប់​របៀប​រៀបរយ​ល្អ​ប្រសើរ។

ជាមួយ​គ្នានេះ​ សេចក្តី​ណែនាំ​ ក៏បាន​ប្រាប់ឲ្យ​អង្គភាព​ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី-​ខេត្ត ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​សណ្ដាប់​ធ្នាប់​ចរាចរណ៍ ​បញ្ចៀស​​ការ​កក​ស្ទះ ​រឹតបន្តឹង​ច្បាប់​ កាត់បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ​និង​បង្ក​លក្ខណៈ​ឱ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ដោយ​សប្បាយ​រីករាយ​ និង​សុវត្ថិភាព​។ ត្រូវក្ដាប់​ឱ្យ​បាន​ឧ​បាយ​កល សកម្មភាព​បង្ក​អសន្ដិសុខឬ​ការ​ញុះញង់​នានា​ដែល​អាច​ធ្វើ​ឱ្យ​សង្គម​មាន​ចលា​ចល។

ត្រូវ​រំឭក​ប្រជា​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​អគ្គិភ័យ ​ព្រមទាំង​ហាមឃាត់​មិនឱ្យ​ដុត​ផាវ កាំជ្រួច ឬ​បង្ក​សំឡេង​ផ្ទុះផ្សេងៗ ​និង​ការត្រៀម​កម្លាំង​ និង​មធ្យោបាយ​ដើម្បី​អន្តរាគមន៍​ពន្លត់អគ្គិភ័យ​ដែល​អាច​កើតឡើង​ជា​យថា​ហេតុ។ ត្រូវ​ពង្រឹង​បន្ថែម​ការងារ​ប្រចាំ​បញ្ជា​គ្រប់​ថ្នាក់​ និង​ការងារ​ផ្ដល់ព័ត៌មាន​ឱ្យបាន​ឆាប់​រហ័ស ​ដើម្បី​ដោះស្រាយ​សភាពការណ៍​ដែល​កើតឡើង​ជា​យថាហេតុ​ឱ្យ​បាន​ទាន់​ពេល​វេលា​ និង​មាន​ប្រសិទ្ធភាព​។

លោក​ ស ថេត អគ្គ​ស្នងការរង​នគរ​បាល​ជាតិ​ និង​ជាស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ ពីម្សិល​មិញ​ថា ​ថ្វីដ្បិត​មាន​ការ​ជំរុញ​ឱ្យ​ផ្ដោត​លើ​អំពើ​ផ្សេងៗ​ដែល​អាច​នាំឱ្យ​សង្គម​មាន​ចលាចល​ក្ដី ប៉ុន្តែ​លោក​ថា ពលរដ្ឋ​គ្រប់រូប​គឺ​កំពុង​ពេញ​ចិត្ត​ចូល​រួម​សប្បាយ​រីករាយ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ដូច្នោះ​មិន​អាច​មាន​សកម្ម​ភាព​ឯណា​មួយ​ដែល​នាំ​ឱ្យ​សង្គម​កើត​ចលាចល​ឡើយ ​ហើយ​ការណែនាំ​របស់​ស្នងការ​បែប​នេះ គឺ​គ្រាន់​តែ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​រៀប​ចំ​សណ្ដាប់​ធ្នាប់ ការ​ប្រុងប្រយ័ត្ន​អំពី​គ្រោះ​អគ្គិភ័យ ​និង​ជា​ពិសេស​ទប់ស្កាត់​ការដុត​ផាវ​កាំជ្រួច ដែល​ធ្លាប់មាន​បទពិសោធ​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​។

លោក​ថា៖ «ខ្ញុំ​គិតថា​ក្នុង​រដូវ​ចូល​ឆ្នាំ​ចិន-ខ្មែរ​នេះ ដូច​ជា​សុទ្ធតែ​អ្នក​ដែល​គោរព​នូវ​ប្រពៃណី​នេះ​អ៊ីចឹង​ណា៎ ដូច្នេះ​ខ្ញុំ​គិតថា​ដូច​ជា​មិន​មាន​ពី​ណា​ដែល​មាន​ចេតនា​ចង់​បំផ្លិច​បំផ្លាញ​ទេ។ មនុស្ស​គ្រប់រូប​ក៏​ពេញ​ចិត្ត​នឹង​ចូលរួម​ដើម្បី​ធ្វើ​ឱ្យ​បរិយាកាស​ក្នុង​ពិធី​ចូល​ឆ្នាំនេះ បាន​ប្រព្រឹត្ត​ទៅ​ស្ងប់ស្ងាត់​សប្បាយ ​ហើយ​គ្មាន​អំពើ​ណា​មួយ​បង្កច​លាចល​ដល់​សង្គម​ទេ»។

លោក ស ថេត ​បន្ថែម​ថា ​ការណែនាំ​អំពី​សន្ដិសុខ​ និង​សណ្ដាប់ធ្នាប់​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ក្នុង​ឆ្នាំ​នេះ​ មិនមាន​អ្វី​ប្លែក​ជាង​រាល់​ឆ្នាំ​ឡើយ​ និង​តែងមាន​ការណែនាំ​ជានិច្ច​នៅ​ក្នុង​ពិធីបុណ្យ​ទូទៅ។

លោក​ថា៖ «ហើយ​មិន​មែន​ជា​ពិធី​បុណ្យ​ក៏​យើង​មាន​ការ​យកចិត្ត​ទុក​ដាក់​ដែរ យើង​មាន​ផែនការ​ការពារ​ដែរ។ ខ្ញុំ​ប្រាប់​ចំនួន​ពិត (ប្រើប្រាស់​កងកម្លាំង​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន) អត់​បាន​ទេ ប៉ុន្តែ​យើង​នឹង​ប្រើប្រាស់​ឱ្យ​អស់​លទ្ធភាព​ដែល​មាន ហើយ​អាស្រ័យ​ទៅ​លើ​ការកកស្ទះ​ច្រើន​ ឬ​តិច»។

លោក ​ព្រហ្ម យ៉​ន នាយ​ការិយា​ល័យ​បង្កា​រ និង​ពន្លត់អគ្គិភ័យ​​ឱ្យ​ដឹង​ដែរថា រថយន្ត​ចំនួន​ ៤៨ ​គ្រឿង រួមទាំង​កម្លាំង​ជំនាញ កំពុង​ពង្រាយ​តាម​ខណ្ឌ​ចំនួន​ ៨ ​ស្ថិត​ក្នុង​ទីក្រុង​ភ្នំពេញ ​ដើម្បី​ត្រៀម​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​ដែល​អាច​កើត​ឡើង​ជា​យថា​ហេតុ។

លោក​ថា​៖ «រថយន្ត​យើង​គឺ​ពង្រាយ​​តាម​គោលដៅ​ទាំងអស់​ដែល​ងាយ​រងគ្រោះ ​ដូចជា​ខណ្ឌ​ទួលគោក ​ពោធិ៍​សែន​ជ័យ ​ដូនពេញ ច្បារ​អំពៅ ​ស្ទឹង​មានជ័យ»​។

លោក ​ព្រហ្ម យ៉ន ​បន្ថែមថា ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ក្នុងឆ្នាំនេះ​ហាក់​មានសភាព​ស្ងប់ស្ងាត់​ល្អ​ជាង​ឆ្នាំមុន ​ដោយសារ​នៅក្នុង​ពិធី​សែន​នៅ​ព្រឹក​ថ្ងៃទី ៤ ​ខែកុម្ភៈ ​ពុំ​កើត​មាន​ករណី​អគ្គិភ័យ​ណា​មួយ​ឡើយ៕