ភ្នំពេញៈ អគ្គនាយដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ដាក់ចេញ​វិធានការ​រឹតបន្តឹង​ការនាំចូល​មុខទំនិញ​ស្រា និង​បារី​គ្រប់​ប្រភេទ​ជា​បណ្តោះអាសន្ន​នៅ​តាម​មាត់ច្រក​មួយចំនួន ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការប្រមូល​ពន្ធ និង​ទប់ស្កាត់​អំពើ​រត់គេច​ពន្ធ​នៅក្នុង​ប្រទេស​។

លិខិត​ចុះហត្ថលេខា​ដោយ​លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ៧ សីហា បាន​ណែនាំ​ដល់​ប្រធាន​នាយកដ្ឋាន សាខា និង​ការិយាល័យ​គយ​ទូទាំង​ប្រទេស​ឲ្យ​កំណត់​ជា​បណ្ដោះអាសន្ន​នូវ​មាត់ច្រក​សម្រាប់​ការនាំ​ចូល​មុខទំនិញ​ស្រា និង​បារី​គ្រប់​ប្រភេទ ដើម្បី​ស្របតាម​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​របស់​រាជរដ្ឋាភិបាល​។

លិខិត​ដដែល​នោះ​បាន​ឲ្យ​ដឹងថា មុខទំនិញ​ស្រា​ដែល​មាន​ជាតិ​អាល់កុល​លើសពី ១០ ​ភាគរយ និង​បារី​គ្រប់ប្រភេទ គឺ​អនុញ្ញាត​ឲ្យ​នាំចូល​តែ​តាម​ច្រក​កំពង់ផែ​អន្តរជាតិ​ព្រះសីហនុ កំពង់ផែ​អន្តរជាតិ​ភ្នំពេញ និង​អាកាសយានដ្ឋាន​អន្តរជាតិ​តែ​ប៉ុណ្ណោះ ហើយ​លើកលែង​តែ​​ការនាំ​ចូល​តាម​របប​អគារ​លក់ទំនិញ​រួច​ពន្ធ​។

លិខិត​នោះ​បាន​ឲ្យ​ដឹង​ទៀតថា​៖ «​ការនាំចូល​តាម​មាត់ច្រក​ព្រំដែន​ផ្សេងទៀត ត្រូវមាន​ការអនុញ្ញាត​ជាមុន​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​»​។

លិខិត​នោះ​ក៏បាន​បញ្ជាក់​ឲ្យ​មន្ត្រី​ចាត់ចែង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ចាប់ពី​ថ្ងៃទី​ ១ ខែ វិច្ឆិកា ឆ្នាំ ២០២០ រហូតដល់​មានការ​កំណត់​ជាថ្មី​»​។

លោក មាស សុខសេនសាន អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនអាច​ផ្ដល់​អត្ថាធិប្បាយ​បាន​ភ្លាមៗ​តាម​ការស្នើសុំ​របស់​ភ្នំពេញ​ប៉ុស្តិ៍​បានទេ​។

លោក សុខសេនសាន បាន​ថ្លែងថា​៖ «​សហការី​ខ្ញុំ​កំពុង​រៀបចំ​ចម្លើយ​»​។

លោក មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បាន​ឲ្យ​ដឹងថា វិធានការ​ដែល​បាន​ដាក់​ចេញ​ដោយ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា គឺជា​ការជំរុញ​ដល់​ប្រសិទ្ធភាព​នៃ​ការប្រមូល​ពន្ធ​របស់​រាជរដ្ឋាភិបាល ជាពិសេស​កាត់បន្ថយ​ការគេចពន្ធ​ខុសច្បាប់ ខណៈ​ដែល​ផលិតផល​បារី​មិនមាន​ការបង់ពន្ធ​ចំនួន ៤០ ​ភាគរយ​កំពុង​ដាក់លក់​លើ​ទីផ្សារ​។

លោក មុំ គង់ បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា​៖ «​នៅពេល​ដែល​យកពន្ធ​ទាប​ពី​ផលិតផល​ទាំងនេះ​មាន​ន័យ​ថា ដូច​លើក​ទឹកចិត្ត​នៃ​ការប្រើប្រាស់ ការដំឡើង​ពន្ធ​ក៏បាន​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​»៕

វីដេអូ៖