ភ្នំពេញៈ ​អគ្គ​នាយក​ដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក សហការ​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ចំនួន ៨ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល ដល់​ការដាក់​ពាក្យ​ស្នើសុំ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យាន​ជំនិះ (ឆៀក) ដែល​ការ​សហការ​ណ៍​នេះ គ្រោង​នឹង​ដំណើរ​ការ​នៅ​ចុង​ឆ្នាំ​។​

ការ​សម្រេច​នេះ ​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​កិច្ច​ប្រជុំ​ពិភាក្សា ស្ដីពី​នីតិ​វិធី​នៃ​ការ​ដាក់​ពាក្យ​ស្នើសុំ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យាន​ជំនិះ (ឆៀក) នៅ​តាម​គ្រឹះ​ស្ថាន​ធនាគារ​ និង​ហិរញ្ញ​វត្ថុ ​តាម​រយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ កាល​ពី​ថ្ងៃទី ​២៥ ​ឧសភា ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​នាយក​ដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក នាយក​ដ្ឋាន​ព័ត៌​មាន​វិទ្យា និង​ទំនាក់​ទំនង​សាធារណៈ ​ព្រម​ទាំង​តំណាង​មន្ទីរ​សាធារ​ណ​ការ និង​ដឹក​ជញ្ជូន​រាជធានី ខេត្ត​ទាំងអស់​ផង​ដែរ​។​

លោក​ ឈួន​ វ៉ន់ អគ្គ​នាយក នៃ​អគ្គ​នាយក​ដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក​ក្រសួង​សាធារ​ណ​ការ ​និង​ដឹក​ជ​ញ្ចូ​ន ដែល​ដឹកនាំ​កិច្ច​ប្រជុំ​នេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​២៦ ឧសភា​ថា​ នេះ​គឺ​ជា​នីតិវិធី​បន្ថែម​ថ្មី​មួយ​ក្នុងការ​ដាក់ពាក្យ​ស្នើសុំ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យាន​ជំនិះ ឬឆៀក ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ម្ចាស់​យាន​យន្ត។

លោក​បញ្ជាក់​ថា​៖​ «​នេះ​ជា​នីតិ​វិធី​ថ្មី​មួយ​ ដើម្បី​ជួយ​សម្រួល​ដល់​បងប្អូន​យើង​ ឲ្យ​មាន​ជម្រើស​ច្រើន​នៅ​កន្លែង​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ ដែល​ជា​ដៃ​គូ​ជា​មួយ​ក្រសួង​សាធារ​ណ​ការ​ ដែល​គាត់​អាច​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ​ ជួយ​បំពេញ​ពាក្យ​ស្នើ​សុំ​ ព្រោះ​មុ​ន​នឹង​ឆៀក​ឡាន​ គឺ​ត្រូវ​បំពេញ​ពាក្យ​ស្នើសុំ។​ អ៊ី​ចឹង​ពេល​គាត់​ជួយ​បំពេញ​ពាក្យ​ស្នើសុំ​ហើយ​ គឺ​បង់​ថវិការ​នៅ​គ្រឹះស្ថាន​ធនាគារ និង​ហិរ​ញ្ញ​វត្ថុ​ នោះ​តែម្តង​ ហើយ​មកដ​ល់​កន្លែង​ឆៀក គ្រាន់​តែ​បង្ហាញ​វិ​ក័យ​ប​ត្រ​ហ្នឹង​ទៅ​ គឺ​ចូល​ឆៀក​តែម្តង​»​។

លោក ​ឈួន​ វ៉ន់​ ក៏​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ នីតិ​វិធី​ថ្មី​នេះ​ នឹង​បង្ក​ភាព​ងាយ​ស្រួល ​និង​ឆាប់​រហ័ស​ដល់​ម្ចាស់​យាន​យន្ត​មក​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យាន​ជំនិះ​ខ្លួន​ ខណៈ​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ​ ដែល​បាន​សហការ​ក្នុង​ការងារ​នេះ​។

ក្នុង​នោះ​ លោក​រៀប​រាប់​ថា​ មាន​ធនា​គាវ​ឌ្ឈ​នៈ ​ធនា​គា​អេស៊ី​លីដា ធនាគា​ ABA ​ធនា​គា​ស្ថាប​នា​ ធនាគា​កម្ពុជា​សាធារ​ណៈ ​ធនា​គា​ឯក​ទេស​វី​ង​ គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​លី​ហ៊ួ​រ និង​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ Pi Pay ​ដែល​គ្រោង​នឹង​ដំណើរ​ការ​ជា​ផ្លូវ​ការ​ នៅ​ចុង​ឆ្នាំ​ ២០២១ ​នេះ​។

កាល​ពី​ថ្ងៃទី​ ៧ ឧសភា​ ក្រសួង​សាធារ​ណ​ការ​ និង​ដឹក​ជ​ញ្ចូ​ន បាន​ប្រកាស​បើក​ដំណើរ​ការ​ឡើង​វិញ​នូវ​សេវា​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យានយន្ត​ចល័ត (ឆៀក​ចល័ត) ដោយ​ក្នុង​នោះ ក្រសួង​ បាន​អំពាវ​នាវ​ឲ្យ​ម្ចាស់​យានយន្ត​ដែល​ផុត​សុពល​ភាព ត្រូវ​យក​យាន​យន្ត​រប​ស់​ខ្លួន​ ទៅ​ធ្វើ​ការ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស ចាប់​ពី​ថ្ងៃទី​ ១០ ​ឧសភា​ត​ទៅ។​

លោក ​ឈួន​ វ៉ន់​ បញ្ជាក់​ថា​៖​«​ក្រោយ​ផ្អាក​សក​ម្ម​ភាព​មួយ​រយៈ​ដោយ​សារតែ​វិបត្តិ​កូ​វីដ ១៩​ ហើយ​យើង​ចាប់​ដំណើរ​ការ​ឡើង​វិញ ឃើញ​ថា បង​ប្អូន​យើង​បាន​ចូលរួម​មក​បំពេញ​ការងារ​ឆៀក​យានយន្ត​នេះ ​គឺ​មាន​ចំនួន​ច្រើន។ បើ​ប្រៀប​ធៀប​ពីមុន​(បិទ​ប្រទេស​ដោយ​សារ​កូ​វីដ១៩)​ ដែល​មាន​ចន្លោះ​ពី​ ១ ០០០​ ទៅ​ជាង​ ១ ០០០​ យាន​យន្ត​ ជា​រៀង​រាល់​ថ្ងៃ​ គឺ​ត្រឡប់​មករក​សភាព​ដើម​វិញ​ហើយ ពេល​នេះ​»​៕​​