ភ្នំពេញៈ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួង​មហាផ្ទៃ​បានចេញ​សេចក្ដី​ណែនាំ​ដល់​ប៉ុស្តិ៍នគរបាល អធិការនគរបាល និង​ប្រជាពលរដ្ឋ​អំពី​បែបបទ និង​នីតិវិធី​នៃ​ការចុះបញ្ជី និង​គ្រប់គ្រង​ការស្នាក់នៅ «​ដើម្បី​រួមចំណែក​ដល់​ការថែរក្សា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​»​។

លោក កង សុខន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​កាលពី​ថ្ងៃទី​ ២២ ខែ​កក្កដា បានចេញ​សេចក្ដី​ណែនាំ​ចំនួន ៨ ​ទំព័រ​ប្រាប់​ដល់​មន្ត្រីនគរបាល​ប៉ុស្តិ៍ អធិការដ្ឋាន​នគរបាល និង​ប្រជាពលរដ្ឋ​អំពី​នីតិវិធី​ចុះបញ្ជី និង​ការគ្រប់គ្រង​ការស្នាក់នៅ​។ លោក​ពន្យល់​អំពី​ការចេញ​សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ ការចុះឈ្មោះ​ក្នុង​សៀវភៅ​ទាំង​ ២ ​នេះ​ការផ្លាស់ប្ដូរ​លំនៅឋាន ក៏ដូចជា​ការចុះបញ្ជី និង​ការគ្រប់គ្រង​ការស្នាក់នៅ​បណ្ដោះអាសន្ន​។

លោក​ថ្លែងថា សៀវភៅ​ស្នាក់នៅ​ជា​សៀវភៅ​ប្រើប្រាស់​សម្រាប់​នគរបាល​ស្រង់​ព័ត៌មាន​អំពី​ចំនួន​ស្នាក់​នៅក្នុង​លំនៅឋាន​នីមួយៗ​រួមទាំង​លំនៅឋាន​នៃ​ទីតាំង​ប្រមូលផ្ដុំ​ដូចជា​បុរី ខុនដូ អាផាតមិន រីសត បាងហ្គាឡូ អគារ​សហកម្ម​សិទ្ធិ រោងចក្រ សហគ្រាស កសិដ្ឋាន តំបន់​សេដ្ឋកិច្ច​ពិសេស តំបន់​ដីសម្បទាន​សេដ្ឋកិច្ច ផ្ទះសំណាក់ សណ្ឋាគារ និង​អន្តេវាសិកដ្ឋាន​។ សៀវភៅ​នេះ​ចុះបញ្ជី​ប្រជាពលរដ្ឋ​គ្រប់រូប រួមទាំង​ជនបរទេស​អន្តោប្រវេសន៍​ដែលមាន​លំនៅឋាន​អចិន្រៃ្តយ៍​។

ការធ្វើ​សៀវភៅ​ស្នាក់នៅ​គឺជា​សមត្ថកិច្ច​របស់​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ-សង្កាត់ តាម​ការស្នើសុំ​របស់​មេគ្រួសារ ឬ​អ្នកតំណាង​ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ចាំបាច់​ដូចជា​សំបុត្រកំណើត សំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍ និង​ឯកសារ​ផ្សេងទៀត​។ ចំពោះ​ជនបរទេស​ដែល​ចូលសញ្ជាតិ​ខ្មែរ​ត្រូវ​មានច្បាប់​ចម្លង​ព្រះរាជក្រឹត្យ​ ឬ​បណ្ណ​ស្នាក់នៅ​អចិន្រៃ្តយ៍​ចេញ​ដោយ​ក្រសួងមហាផ្ទៃ​។ សៀវភៅ​នេះ​ត្រូវ​ចេញ​ឲ្យ​អ្នកស្នើសុំ​ក្នុង​រយៈពេល​ ១០ ​ថ្ងៃ​។

ចំណែក​សៀវភៅ​គ្រួសារ​បញ្ជាក់​ពី​ចំណង​ញាតិភាព​ដែល​មាន​សញ្ជាតិ​ខ្មែរ ដូចជា​ប្ដី​ប្រពន្ធ ឬ​កូន​។ សៀវភៅ​នេះ​សម្រាប់​តែ​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​។ មន្ត្រីនគរបាល រដ្ឋបាល​ឃុំ-សង្កាត់​ត្រូវ​បំពេញ​បែបបទ​តាម​ការស្នើសុំ​របស់​មេ​គ្រួសារ​ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ចាំបាច់​ហើយ​បញ្ជូន​ទៅ​អធិការនគរបាល​ដើម្បី​ចុះបញ្ជី​។ សៀវភៅ​នេះ​ត្រូវ​ប្រគល់​ជូនទៅ​អ្នកស្នើសុំ​ក្នុង​រយៈពេល ១៥ ​ថ្ងៃ​។

រាល់​ការបន្ថែម​សមាជិក លុប​សមាជិក​​ ឬ​ការកែតម្រូវ​ទិន្នន័យ​ផ្សេងៗ​ក្នុង​សៀភៅ​ស្នាក់នៅ ឬ​សៀវភៅ​គ្រួសារ​ត្រូវ​មាន​ការស្នើសុំ​ពី​មេគ្រួសារ​ទៅ​មន្ត្រី​ប៉ុស្តិ៍នគរបាល​ដោយ​មាន​ឯកសារ​យោង​ច្បាស់លាស់​។

ចំពោះ​ការប្ដូរ​លំនៅឋាន​វិញ មេ​គ្រួសារ​ត្រូវ​ស្នើសុំ​ផ្លាស់ប្ដូរ​លំនៅឋាន​ទៅ​ប៉ុស្តិ៍នគរបាល​ឃុំ-សង្កាត់​ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​សៀវភៅ​ស្នាក់នៅ​។ មន្ត្រី​នគរបាល​នឹង​ចេញ​លិខិត​អនុញ្ញាត​ផ្លាស់ប្ដូរ​លំនៅឋាន​។ មេ​គ្រួសារ​ត្រូវ​យក​លិខិត​អនុញ្ញាត​នេះ​ទៅជូន​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ថ្មី​ដែល​ខ្លួន​ទៅ​តាំងទី​លំនៅ ដើម្បី​ចុះ​ក្នុង​បញ្ជី​ស្នាក់នៅ និង​សៀវភៅ​ស្នាក់នៅ​។

ចំពោះ​ការធ្វើ​ចំណាកស្រុក លោក កង សុខន បាន​ប្រាប់​ឲ្យ​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ-សង្កាត់​ធ្វើ​បច្ចុប្បន្នភាព​ព្រម​ទាំង​ធ្វើ​របាយការណ៍​អំពី​ការធ្វើ​ចំណាក និង​ចំណូលស្រុក​របស់​ប្រជាជន​ទាំង​មាន​ដំណឹង និង​គ្មាន​ដំណឹង​ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង-ស្រុក​។ ប្រជាជន​គ្រប់រូប​ដែល​ចំណាកស្រុក​មិន​ត្រូវបាន​លុបឈ្មោះ​ចេញពី​បញ្ជី​ស្នាក់​នៅឡើយ ទោះបី​បាត់​ដំណឹង​ជា​លក្ខណៈ​បុគ្គល ឬ​ទាំង​គ្រួសារ​ក៏ដោយ លើកលែង​តែ​មាន​ភ័ស្តុតាង​បញ្ជាក់ថា បុគ្គល​ ឬ​គ្រួសារ​នោះ​មិន​ត្រឡប់​មកវិញ​ជា​រៀងរហូត ឬ​ទទួល​មរណភាព​។

លោក​បន្តថា រាល់​ការស្នាក់នៅ​បណ្ដោះអាសន្ន​ក៏​តម្រូវ​ឲ្យ​មាន​ការចុះបញ្ជី​ដែរ​ដែល​គោលការណ៍​នេះ​ធ្វើ​ឡើង​សម្រាប់​ទាំង​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស​អន្តោប្រវេសន៍​ដែល​បាន​ចុះបញ្ជី​ស្នាក់នៅ​អចិន្រៃ្តយ៍ ហើយ​ត្រូវ​ចាកចេញ​ទៅ​នៅ​កន្លែង​ផ្សេង​។ ការស្នាក់នៅ​បណ្ដោះអាសន្ន​នេះ​មិន​ឲ្យ​លើសពី ៦ ខែ​ឡើយ​។

ក្នុង​ករណី​លើសពី​ ៦ ​ខែ​ហើយ​សាមីខ្លួន​ចង់​បន្ត​ស្នាក់នៅ​តទៅទៀត​នោះ សាមីខ្លួន​ត្រូវ​សុំ​ពន្យារ​ការស្នាក់នៅ​បណ្ដោះអាសន្ន និង​ត្រូវ​ជូនដំណឹង​ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ដែល​បាន​ចុះបញ្ជី​ស្នាក់នៅ​អចិន្រៃ្តយ៍​។ លោក កង សុខន ថ្លែង​បន្ត​ថា​៖ «​មេ​គ្រួសារ ឬ​អ្នកតំណាង​ត្រូវ​ជូនដំណឹង​ទៅ​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ-សង្កាត់​ក្នុង​រយៈពេល​យ៉ាងយូរ ៣០ ​ថ្ងៃ​អំពី​ការកើត ការស្លាប់ និង​ការប្ដូរ​លំនៅឋាន​។ ក្នុងករណី​បាត់​ដំណឹង​សមាជិក​ណា​ម្នាក់​ក្នុង​ក្រុមគ្រួសារ ត្រូវ​ជូនដំណឹង​ទៅ​សមត្ថកិច្ច​ក្នុង​រយៈពេល​យ៉ាងយូរ ៣ ​ថ្ងៃ​»​។

លោក​ប្រាប់​ដល់​មន្ត្រី​នគរបាល​ឃុំ-សង្កាត់ និង​អធិការដ្ឋាន​នគរបាល​ក្រុង-ស្រុក​ឲ្យ​រៀបចំ​របាយការណ៍​ប្រចាំថ្ងៃ សប្ដាហ៍ ខែ ត្រីមាស ឆមាស និង​របាយការណ៍​ប្រចាំឆ្នាំ​។

លោក ឡាំ សុជាតិ នាយកប្រតិបត្តិ​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ​មើលឃើញ​ចំណុច​ល្អ​ជាច្រើន​នៃ​ការពង្រឹង​ការគ្រប់គ្រង​លើ​ការស្នាក់នៅ​នេះ រួមមាន​ការការពារ ការរំលោភ​សិទ្ធិ​ពី​សំណាក់​ម្ចាស់​ផ្ទះជួល​លើ​អ្នក​ជួល ជួយ​ជំរុញ​ដល់​ការបង់ពន្ធ​របស់​ម្ចាស់ផ្ទះ ជួយ​ដល់​ម្ចាស់ផ្ទះ ក្នុង​ការគ្រប់គ្រង​សកម្មភាព​អ្នក​ជួល​មិនល្អ ដូចជា​ការលួច​ផលិត​ផលិតផល​ក្លែងក្លាយ ជួញដូរ​គ្រឿងញៀន​ជាដើម​។ វា​ក៏​ជួយ​ដល់​ការគ្រប់គ្រង​ជន​អន្តោប្រវេសន៍​ផងដែរ​។

លោក​បន្តថា នៅ​ប្រទេស​ដែល​មាន​ការគ្រប់គ្រង​ចលនា​របស់​ប្រជាជន​បានល្អ ប៉ូលិស​ចរាចរណ៍​មិនចាំបាច់​ប្រកែក​គ្នាច្រើន​នៅលើ​ដងផ្លូវ​ទេ គេ​គ្រាន់តែ​ផ្ញើ​វិក្កយបត្រ​ផាកពិន័យ​ទៅកាន់​អាសយដ្ឋាន​អ្នក​ល្មើស​ចរាចរណ៍​ជា​ការស្រេច​។ លោក​ថា​៖ «​ប្រព័ន្ធ​ស្ថិតិ និង​ទំនាក់ទំនង​រវាង​ប្រជាជន​នឹង​រដ្ឋ​វា​សំខាន់ ដើម្បី​ឲ្យ​វា​ប្រទាក់ក្រឡា​គ្នា និង​ដើម្បី​ឲ្យ​ពលរដ្ឋ​ទទួល​បាន​ផលប្រយោជន៍​ពី​រដ្ឋាភិបាល និង​ពី​សង្គម​ក៏ដូចជា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ទិន្នន័យ​ប្រជាជន​ក្នុង​ការធ្វើ​ផែនការ​អំពី​តម្រូវការ​របស់​ប្រជាជន​»​។

ទោះយ៉ាងណា​លោក​បញ្ជាក់​ថា​៖ «​ប៉ុន្តែ​រដ្ឋាភិបាល​មិន​ត្រូវយក​ស្ថិតិ​នេះ​មក​ដើម្បី​រឹតត្បិត​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​នោះទេ​។ កុំ​ដូច​សម័យ​ប៉ុលពត គេ​ថា​ចង់​ទៅ​ណា​មក​ណា​ទាល់​តែ​សុំច្បាប់​។ នេះ​វា​ខុស​ទៅ​នឹង​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​។ តែ​សម័យ​នេះ​មិន​មាន​ទេ​»៕