ភ្នំពេញ: អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​បាន​បណ្ដេញ​ជនបរទេស​ចំនួន​ ៥៤២ ​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​ ៥២ ​នាក់​ ចេញពី​ប្រទេស​កម្ពុជា​ ជា​បន្តបន្ទាប់​គ្នា​ក្នុង​រយៈពេល​ ៩ ​ខែ​ក្នុង​ឆ្នាំ​ ២០២០ ដោយហេតុ​បាន​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ខុសច្បាប់​អន្តោប្រវេសន៍​។

លោក កែវ វណ្ណថន អ្នកនាំពាក្យ និង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ជនបរទេស​ទាំងនោះ​មាន​ចំនួន ៤០ ​សញ្ជាតិ​ ក្នុងនោះ​ជនជាតិ​ចិន​មាន​ចំនួន​ច្រើនជាងគេ​។

លោក វណ្ណថន បានឱ្យដឹងថា ចាប់ពី​ឆ្នាំ​ ២០១៤ រហូតដល់​បច្ចុប្បន្ននេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​បាន​បណ្ដេញ​ជនបរទេស​ចំនួន ១៧ ៥៩៩ ​នាក់​ ក្នុង​នោះ​ស្ត្រី​មាន​ចំនួន​ ៣៤៥ ​នាក់ ​ដែលមាន ១០៤ ​សញ្ជាតិ ដោយសារ​ពួកគេ​ភាគច្រើន​បាន​ប្រព្រឹត្ត​បទល្មើស ដូចជា គ្រឿងញៀន ជួញដូរ​មនុស្ស ជួញដូរ​ផ្លូវភេទ ចាប់ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​អំពើ​ហិង្សា​។

លោក​បញ្ជាក់​ថា​៖ «​យើង​បាន​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង​ចំពោះ​ជនបរទេស​នៅ​កម្ពុជា កាលណា​ពួកគាត់​បាន​ប្រព្រឹត្ត​ល្មើសច្បាប់ គឺ​យើង​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ដោយ​ធ្វើការ​បណ្ដេញចេញ​ជា​បន្តបន្ទាប់​។ ទាក់ទង​វិធានការ​ថ្មីៗ គឺ​យើង​បាននិង​កំពុង​ធ្វើ​ ស្របពេល​ដែលមាន​ជំងឺ​កូវីដ ​១៩ ដូច្នេះ​ជនបរទេស​ដែល​ចូលមក​កម្ពុជា​ត្រូវតែ​គោរព​តាម​ការណែនាំ​របស់​អាជ្ញាធរ​កម្ពុជា​ទាក់ទង​ការទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ និង​គោរព​ច្បាប់​អន្តោប្រវេសន៍​កម្ពុជា​។

លោក កែវ វណ្ណថន ថ្លែងថា​៖ «​ប្រសិន​យើង​រកឃើញ​ជនល្មើស​ម្នាក់​គឺ​យើង​បណ្ដេញចេញ​ម្នាក់​ដោយ​មិនអាច​ទុក​យូរ​បានទេ ព្រោះ​យើង​ពង្រឹង​ច្បាប់​ការចូល​មក​កម្ពុជា​។ បើ​គាត់​ចង់​ចូលមក​កម្ពុជា គឺ​ទាល់​តែ​មាន​លក្ខខណ្ឌ​ត្រឹមត្រូវ​តាមច្បាប់ និង​មាន​លក្ខណៈ​ត្រឹមត្រូវ ព្រោះ​កន្លងមក​ធ្លាប់មាន​ជនបរទេស​ខ្លះ​មាន​លក្ខណៈ​មិន​គ្រប់គ្រាន់​តាមច្បាប់​អន្តោប្រវេសន៍ យើង​ក៏​មិន​អនុញ្ញាត​ឱ្យ​គាត់​ចូលមក​ដែរ​»​។

ទាក់ទង​ការបណ្ដេញ​ជនបរទេស​ចេញពី​កម្ពុជា​នេះ សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី ២០ ​ខែ​វិច្ឆិកា បាន​បណ្ដេញ​ស្ត្រី​ជា​ជនជាតិ​ចិន​ចំនួន ២ ​នាក់​ឱ្យទៅ​ប្រទេស​កំណើត​វិញ បន្ទាប់ពី​ពួកគេ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​បម្រើសេវា​ផ្លូវភេទ​នៅ​ក្រុងព្រះសីហនុ​។

លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​គ្រាន់តែ​ទទួល​ព័ត៌មាន ប៉ុន្ដែ​សមត្ថកិច្ច​លោក​មិន​បាន​កាន់​សំណុំ​រឿងនេះ​ទេ ព្រោះ​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ជា​អ្នកចាត់ចែង​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​គ្រាន់តែ​ដឹង​គេ​បណ្ដេញ​ជនជាតិ​ចិន​ ២ ​នាក់ ប៉ុន្ដែ​សមត្ថកិច្ច​ខ្ញុំ​មិនបាន​ចាត់ចែង​រឿងនេះ​ទេ គឺ​ខាង​អន្តោប្រវេសន៍​ជា​អ្នកចាត់ចែង​»​។

បើ​តាម​សារព័ត៌មាន DAP News ដកស្រង់​សម្ដី​មន្ត្រី​នគរបាល​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹងពី​ម្សិលមិញ​ថា ជនជាតិ​ចិន​ទាំង ២ ​នាក់​ឈ្មោះ SHI LIBAO ភេទ​ស្រី អាយុ ៤០ ​ឆ្នាំ និង​ឈ្មោះ XU YING ភេទ​ស្រី អាយុ​ ៣៤ ​ឆ្នាំ ​ត្រូវ​បាន​បណ្ដេញចេញ​ពី​កម្ពុជា បន្ទាប់ពី​សមត្ថកិច្ច​បាន​បង្ក្រាប​ពួកគេ​ពាក់ព័ន្ធ​នឹង​បទល្មើស​បម្រើសេវា​ផ្លូវភេទ​។

លោក អំ សំអាត ប្រធាន​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ប្រទេស​នីមួយៗ​តែងតែ​មាន​ច្បាប់​អន្តោប្រវេសន៍​។ ដូច្នេះ​ជនបរទេស​ដែល​ចូលមក​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ត្រូវតែ​បណ្ដេញចេញ​ទៅវិញ​យោង​ទៅ​តាម​ច្បាប់​អន្តោប្រវេសន៍ ដោយ​ប្រើ​វិធានការ​បណ្ដេញចេញ ឬ​អនុវត្ត​ទោស​នៅ​កម្ពុជា​។

លោក ថ្លែងថា ប្រសិន​ជនបរទេស​ណា​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​នៅ​កម្ពុជា ត្រូវតែ​អនុវត្ត​ទោស​ព្រហ្មទណ្ឌ​នៅ​កម្ពុជា​រួចរាល់​សិន ទើប​បណ្ដេញ​ចេញពី​កម្ពុជា ឬ​ប្រទេស​ដែលមាន​បត្យាប័ន​ជាមួយ​គ្នា​អាច​បញ្ជូន​ទៅ​ឱ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​នៅ​ប្រទេស​សាមីខ្លួន​។ ការបណ្ដេញ​នេះ​មិនមាន​ចាត់​ចូលក្នុង​ករណី​រំលោភសិទ្ធិ​មនុស្ស​ទេ ប៉ុន្ដែ​បើ​មាន​ការបំពាន​លើ​គោលការណ៍​សិទ្ធិ​មនុស្ស ទើប​គេ​ចាត់​ចូល​ករណី​រំលោភសិទ្ធិ​មនុស្ស​។

លោក អំ សំអាត បាន​បញ្ជាក់ថា​៖ «​យើង​គាំទ្រ​នូវ​ការអនុវត្ត​ច្បាប់​ដ៏ត្រឹមត្រូវ​ស្របតាម​បទដ្ឋាន​អន្តរជាតិ ក៏ដូចជា​គោលការណ៍​សិទ្ធិមនុស្ស ព្រោះ​ការបណ្ដេញចេញ ឬ​តម្រូវ​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​សាមី​វិញ មិនមែន​មាន​តែ​កម្ពុជា​យើង​មួយ​ទេ គឺ​ប្រទេស​ណា​ក៏​គេ​ធ្វើ​អ៊ីចឹង​ដែរ គឺ​ឱ្យតែ​ចូល​ប្រទេស​គេ​ដោយ​ខុសច្បាប់ គឺ​គេ​នឹង​អនុវត្ត​តាមច្បាប់​ស្រុក​គេ​ហើយ​»៕

វីដេអូ៖