ភ្នំពេញៈអគ្គនាយក​ដ្ឋាន​អន្ដោប្រវេសន៍ ព្រមាន​ដល់​ជន​បរទេ​ស ដែល​កាន់​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី​នៅ​កម្ពុជាដែ​លមិន​ចូល​រួម​សហកា​របំពេញ​ឯក​សារ​ឲ្យ​ស្រប​ច្បាប់​អាច​ប្រឈម​នឹង​ការ​ឃាត់​ខ្លួនឬ​បណ្ដេញ​ចេញ​ពី​​កម្ពុជានៅ​ពេល​ដែល​ថ្ងៃឱ​សា​ន​​វាទ​​ចូល​មក​ដល់ នៅ​ថ្ងៃ​ទី ៣០ ​ខែ​មិថុនា​ ខាងមុខ។

យោង​តាម​អនុក្រឹត្យ​លេខ​ ១២៩ អនក្រ​.​បក ចុះថ្ងៃទី ១៥ ខែសីហាឆ្នាំ ២០១៧ ដែ​ល​ចុះហត្ថ​លេខា​​ ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ស្តីពី​ការ​លុប​ចោល និង​ការ​ដក​ហូត​ឯកសារ រដ្ឋបាល​កម្ពុជា មិន​ប្រក្រ​តី ដែល​ជន​បរទេស​កំពុង​កាន់​កាប់​ប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី ៣០ ខែ​មិថុនា ឆ្នាំ ២០១៩។

លោក សុខ ផល រដ្ឋលេខា​ធិ​កា​រ​ក្រ​សួង​មហាផ្ទៃ ទទួល​​បន្ទុក​ការ​ងារ​អន្ដោ​ប្រវេសន៍ បាន​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ពុធ​​ ខណៈ​លោក​ចុះ​ផ្សព្វផ្សាយ​ពី​បញ្ហា​នេះ នៅ​ខេត្តបាត់​ដំបង​ថា រហូតម​ក​ដល់​ពេ​ល​​នេះនៅ​មា​ន​ជន​អន្តោ​ប្រវេសន៍​ ប្រមាណ​ជាង​ ១០ ភាគរយ​ឬ​ប្រហែល​ជាង ១ ម៉ឺន​នាក់​ទៀត​ដែល​មិន​ទាន់​សហ​​ការ​ណ៍​ជា​​​មួយ​អាជ្ញាធរ ​ដោយ​នៅ​បន្ត​ប្រើប្រាស់​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី​​របស់​កម្ពុជា។

លោក​បញ្ជាក់​ថា​៖ «យើង​កំពុង​ចុះដក​ហូត​បន្ត​ ហើយ​ឱសាន​វាទ​របស់​រដ្ឋា​ភិបាល គឺចប់​នៅ​ថ្ងៃ​ទី ៣០ ខែមិថុនា អ៊ីចឹង​ក្រុម​ការងារ​ទាំង​អស់ កំពុង​ចុះទៅ​តាម​ខេត្តដើម្បី​ជួយ​មន្ត្រី​អន្តោ​​​ប្រវេសន៍​របស់​ខេត្ត ធ្វើ​យ៉ាង​ម៉េច​ឲ្យការ​ដក​ហូត​ទទួល​បាន​ជោគ​ជ័យ​តាម​ពេល​កំណត់ ហើ​យ​​ឥឡូវ ជន​អន្តោ​ប្រវេសន៍​ដែល​នៅ​បន្ត​ប្រើ​ប្រាស់​ឯក​សារ​មិន​ប្រក្រតី​នេះ នៅ​ប្រហែល​ជាង ១០ ភាគរយ​តាម​តួលេខ​ត្រួសៗ​នៅ​សល់​ឯកសារ​ប្រហែល​ជាង ១ ម៉ឺន»។

បើ​តាម​អគ្គនាយក​ដ្ឋាន​អន្ដោ​ប្រវេសន៍ រហូត​មក​ដល់​ដើម​ឆ្នាំ ២០១៩ នេះ សមត្ថ​កិច្ច និង​អ្នក​ពាក់​ព័ន្ធ​បាន​ដក​ហូត​ឯកសារ​កម្ពុជា មិន​ប្រក្រតី​ដែល​កាន់​កាប់​ដោយ​ជន​បរទេស ប្រមាណ ៩០ ភាគ​រយ ស្មើ​នឹង​ជាង​ ៣ ​ម៉ឺន​ក្បាល​ ដែល​​មាន ១០ សញ្ជាតិ ក្នុង​នោះ​ជន​ជាតិ​វៀត​ណាម​មាន​ច្រើន​ជាង​គេ រហូត ៩០ ភាគរយ។

ដោយ​ឡែក សម្រាប់​ការងារ​បណ្ដេញ​ជន​បរទេស​ដែល​ចូល​មក​រស់​នៅ ឬ​ធ្វើការ​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ត្រូវ​បាន​បញ្ជាក់​​ដែរ​ថា តាំងពី​ឆ្នាំ ២០១៤ រហូត​​មក​ដល់​ពេល​នេះ​កម្ពុជា បានប​ណ្ដេញ​ជន​បរទេស​ចេញមា​ន​​​ចំនួន​ ១៥ ០០០ នាក់ ក្នុង​នោះ​គ្រាន់​តែក្នុង​ឆ្នាំ​ ២០១៨ កន្លង​ទៅមាន​ជាង ៣ ០០០ នាក់​ភាគ​ច្រើន​ ចិន និង​វៀតណាម។

លោក ហែម ថេង អគ្គនាយក​រងនៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ បាន​ព្រមាន​កាល​ពី​ថ្ងៃ​ពុធ នៅ​ក្នុង​កិច្ច​ប្រជុំ​ដើម្បី​ពន្លឿន​ផ្សព្វ​ផ្សាយ​អនុវត្ត​អនុក្រឹ​ត្យ​​ខាង​លើ​ ក្នុង​ខេត្ត​សៀម​រាបថា ចំពោះ​ជន​អន្តោ​ប្រវេសន៍​អាច​ប្រឈម​ការឃាត់​ខ្លួន និង​បណ្ដេ​ញ​ចេញ​ពីកម្ពុជា ប្រសិន​បើមិន​មក​ដាក់​ពាក្យ​សុំ​ប្រកាស និង​សុំប័ណ្ណ​ស្នាក់​នៅ​អចិន្រៃ្តយ៍ ក្នុង​អំឡុង​ពេល​ ៣ ​ខែ​ទៀត គឺ​នៅ​ត្រឹម​​ថ្ងៃទី ៣០ ខែមិ​ថុនា ឆ្នាំ​ ២០១៩​ នេះ​។

លោក​បន្ត​ថា ប្រសិន​បើជន​បរទេស​អន្តោ​ប្រវេសន៍ ​នៅ​តែ​បន្តប្រើ​ប្រា​ស់ អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ឯក​សារ​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត នោះ​គឺជា​បទ​ល្មើស​ក្លែង​ឯក​​សារ​ ដោយ​អាច​ប្រឈម​ជាប់​ពន្ធនាគារ​​មិន​ខាន​ឡើយដោ​យសារ​តែ​នៅមុន​ថ្ងៃ​ឱសាន​វាទ រាល់ឯក​សារទាំង​ឡាយ បាន​វាយ​បញ្ចូល​​តារាង​ឧប​សម្ព័ន្ធ និ​ង​​ត្រូវ​និរាករណ៍​ចោល​ទាំង​ស្រុង។

លោក ហែម ថេង បញ្ជាក់​ថា៖ «ដើម្បី​ឲ្យការ​អនុវត្ត​ការងារ​មាន​ភាព​រលូន និង​ទទួល​បាន​ភាព​ជោគ​ជ័យ​ រាជ​រដ្ឋា​ភិបាល​កម្ពុជា បាន​បង្កើ​តនូ​វក្រុម​ការ​ងារ​អន្តរ​ក្រសួង​ ដែល​មាន​ការ​ចូល​រួម​ចំនួន​ ៤ ក្រសួងគឺទី​១៖ ​​ក្រសួង​ការប​រទេស មា​ន​ការ​ត្រួត​ពិនិត្យ​ពី​ច្បាប់​ជាតិ និង​អន្តរ​ជាតិ ទី២៖ ​ក្រសួង​យុត្តិធម៌ ដែល​មាន​ស្ថាប័ន​តុលាការ ទី៣​៖ ក្រុម​ប្រឹក្សា​អ្នកច្បាប់ ​នៃទីស្តី​ការ​​​គណៈ​រដ្ឋ​មន្ត្រី និងទី៤​៖​ ក្រសួង​មហា​ផ្ទៃ គឺ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍»។

លោក​បន្ថែ​ម​ថា៖ «អំពាវ​នាវ និ​ង​ផ្តាំ​ផ្ញើ​ឲ្យ​សមត្ថកិច្ច​អន្តោ​ប្រវេសន៍​ទាំង​អស់ ​សហការ​ជាមួយ​មន្រ្តី​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​ការ​ងារ ប្រកប​ដោយ​តម្លាភាព និង​សុក្រឹតភាព ក្នុង​គោល​ដៅចូល​រួម​គោរព​ច្បាប់ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ចៀស​វាង​ការ​រស់​នៅ​ដោយ​មិន​មាន​ការ​ទទួល​ស្គាល់ពីអាជ្ញាធរ និង​រាជ​រដ្ឋា​ភិបាល​កម្ពុជា»។

លោក សួន ប៊ុតម៉ៅ នាយក​ប្រតិបត្តិ​នៃ​អង្គការ​គាំពា​រសិទ្ធិ​ក្រុម​ជនជាតិ​ភាគ​តិច​លើក​ឡើង​ថា ការ​អនុវត្តនីវិធីនៃ​ការដកហូត​ឯក​សារ​រដ្ឋ​បាល​ ពីជន​បរទេស​នេះ គឺនៅតែ​មាន​លក្ខណៈ​ស្តង់​ដា ២ ព្រោះ​​លោ​ក​ឃើញ​មាន​អាជ្ញាធរ​មួយ​ចំនួន អនុវត្ត​មិន​បាន​ត្រឹមត្រូវ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​យល់​ថា មាន​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​តូចកំពុង​អនុវត្ត​ដោយ​ប្រើ​ស្តង់​ដា ២។ ឧទាហ​រណ៍​ដូច​ជា​នៅ​ខេត្ត​កំពង់​ឆ្នាំង​ជាដើម អាជ្ញាធរ មិន​បាន​អនុវត្ត​ចំពោះ​អ្នក​ដែល​មាន​ធនធាន​​ច្រើន​ ឬ​អ្នក​មាន​មុខមាត់។ វាជា​បញ្ញត្តិ​ច្បាប់ គួរ​តែ​អនុវត្តឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ត្រូវ​តែ​អនុវត្ត​ប្រកប​ដោយ​តម្លាភាព​ស្មើ​ភាព​និង​គោរព​តាម​គោល​ការណ៍​សិទ្ធិ​មនុស្ស និង​សន្ធិ​សញ្ញា​អន្តរជាតិ»៕