ភ្នំពេញៈ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​សម្រេច​ផ្អាក​ការស្នើសុំ​តែងតាំង​មន្ត្រី​នគរបាល​ថ្នាក់​នាយរង​ប៉ុស្តិ៍ នាយរង​ការិយាល័យ និង​អនុប្រធាននាយកដ្ឋាន ចំណុះ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​ឲ្យ​កំណែទម្រង់​ស្ថាប័ន​មាន​ប្រសិទ្ធភាព​។ នេះ​បើ​តាម​លិខិត​ជូនដំណឹង​របស់លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។

លោក គៀត ច័ន្ទថារិទ្ធ ថ្លែង​ថា​បច្ចុប្បន្ន​នេះ​មុខតំណែង​មន្ត្រី​នគរបាល​ជាតិ ថ្នាក់​នាយរង​ប៉ុស្តិ៍ នាយរង​ការិយាល័យ និង​អនុប្រធាន​នាយកដ្ឋាន​នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍​មាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​ដើម្បី​ទប់ស្កាត់​ការតែងតាំង​មុខ​តំណែង​លើស​ពី​តម្រូវ​ការកំណត់​ក្នុង​រចនាសម្ព័ន្ធ​របស់​នាយកដ្ឋាន ការិយាល័យ អង្គភាព​ពុំ​សមស្រប​ទៅ​នឹង​ទំហំ​ការងារ និង​ធានា​បាន​នូវ​ប្រសិទ្ធភាព​ក្នុង​ការដឹកនាំ​គ្រប់គ្រង អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ស្នើ​គ្រប់​បណ្ដា​នាយកដ្ឋាន​ចំណុះ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ផ្អាក​រាល់​ការលើក​សំណើសុំ​តែងតាំង​មុខតំណែង​មន្ត្រី​នគរបាល នាយរង​ប៉ុស្តិ៍ នាយរង​ការិយាល័យ និង​អនុប្រធាន​នាយកដ្ឋាន​»​។

លោក​ថា ការតែងតាំង និង​ការផ្ទេរ​សម្រួល​ភារកិច្ច មន្ត្រី​នគរបាល​ពី​នាយកដ្ឋាន ការិយាល័យ អង្គភាព​នៅក្នុង​រចនាសម្ព័ន្ធ​ដែល​លើស​ពី​តម្រូវការ​ជាក់ស្ដែង​ត្រូវ​រង់ចាំ​ការធ្វើ​វិភាគ​មុខងារ និង​ការសម្រេច​ពី​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជាមុនសិន​។

លោក កែវ វណ្ណថន អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បញ្ជាក់​ពី​ម្សិលមិញ​ថា អគ្គនាយកដ្ឋាន​ពិតជា​បាន​ចេញ​លិខិត​ស្នើឲ្យ​ផ្អាក​តែងតាំង​មុខតំណែង និង​ផ្ទេរ​សម្រួល​ភារកិច្ច​មន្ត្រី​មែន​។

កាលពី​ម្សិលមិញ​លោក គៀត ច័ន្ទថារិទ្ធ ក៏​បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​ស្តីពី​ការវិភាគ​មុខងារ និង​ចំនួន​ក្របខណ្ឌ​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។ ការវិភាគ​មុខងារ​នេះ គឺជា​ការអនុវត្ត​​ទិសដៅ​របស់​ក្រសួង​មហាផ្ទៃ​ក្នុង​ការកែទម្រង់​ស្ថាប័ន​អង្គភាព​ចំណុះ​ក្រសួងមហាផ្ទៃ​ក្នុង​គោលបំណង ដើម្បី​ធ្វើការ​វាយតម្លៃ​រក​ឲ្យ​ឃើញ​ពី​តម្រូវការ​ជាក់ស្តែង​នៃ​ទំហំ​ការងារ​របស់​អង្គភាព​នីមួយៗ និង​តម្រូវការ​ក្របខ័ណ្ឌ​ដែល​ត្រូវការ​ប្រើប្រាស់​ពិតប្រាកដ​។

លោក​ថា ការកែទម្រង់​នេះ​ធ្វើយ៉ាងណា​ធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិភាព នៃ​ការប្រើប្រាស់​ថវិកាជាតិ​។ លោក​បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​នាយកដ្ឋាន ការិយាល័យ​ត្រូវ​ខិតខំ​បន្ត​យកចិត្ត​ទុកដាក់​គ្រប់គ្រង​មន្ត្រី​ក្រោម​ឱវាទ​ទាំង​ការបំពេញ​ការងារ និង​វិន័យ​ដោយ​ស្មារតី​សាមគ្គីភាព និង​ភាពស្និទ្ធស្នាល​។

លោក ផាត សុផានិត អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ពី​ម្សិលមិញ កំណែទម្រង់​នេះ​ធ្វើ​ឡើង​នៅ​គ្រប់​អគ្គនាយកដ្ឋាន​ទាំងអស់​។ លោក​បញ្ជាក់ថា​៖ «​ជារួម​គ្រប់​អគ្គនាយកដ្ឋាន​ទាំងអស់​ចំណុះ​ក្រសួង​កំពុង​ធ្វើ​កិច្ចការ​នេះ ដោយ​ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​ផង និង​របស់​ក្រសួង​មហាផ្ទៃ​ផង​»​។

លោក ឡាំ សុជាតិ នាយក​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ​កម្ពុជា ស្វាគមន៍​ចំពោះ​ការសម្រេច​បែប​នេះ ខណៈ​ដែល​ប្រទេស​ជាតិ​កំពុង​ស្ថិត​នៅក្នុង​ឥទ្ធិពល​នៃ​ជំងឺ​កូវីដ​១៩​។ ក្រសួង និង​ស្ថាប័ន​នានា​ក៏​គួរតែ​ផ្អាក​ការតែងតាំង​មុខតំណែង ឬ​ការជ្រើសរើស​មន្ត្រី​ដែល​មិនមាន​ភាពចាំបាច់​ខ្លាំង ដើម្បី​ទុក​ថវិកាជាតិ​ទប់ទល់​នឹង​វិបត្តិ​កូវីដ​​ ១៩​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ក្នុង​សម័យ​ដែល​មាន​ការប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ ដោយសារ​កូវីដ ហើយ​ចំណូល​ជាតិ​ថយ ការចំណាយ​ត្រូវតែ​មាន​ការរឹតត្បិត ហើយ​ត្រូវ​មាន​ប្រសិទ្ធភាព​។ ខ្ញុំ​គិតថា ក្នុង​កាលៈទេសៈ​លំបាក​នេះ​រដ្ឋាភិបាល​គួរតែ​ពិចារណា​ក្នុង​ការតែងតាំង​មន្ត្រី​ថ្មី ឬ​ជ្រើសតាំង​ថ្មី​។ គួរ​យក​មន្ត្រី​ដែលមាន​ស្រាប់​ឲ្យ​ចូល​ធ្វើការ​ពេញលេញ ពេញ​ម៉ោង​ទាំងអស់​គ្នា​នោះ​នឹង​មាន​ប្រសិទ្ធភាព និង​លទ្ធផល​ខ្ពស់​ហើយ​»​។

លោក​បន្ត​ថា​៖ «​បើ​ឡើង​តំណែង ឡើង​ប្រាក់​បៀវត្សរ៍ ហើយ​កើន​ចំណាយ​របស់​រដ្ឋ​។ ក្នុង​កាលៈទេសៈ​នេះ យើង​ព្យាយាម​សន្សំសំចៃ ហើយ​យើង​ព្យាយាម​ធ្វើការ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ រដ្ឋាភិបាល​បាន​តាំងចិត្ត​ថា ទោះបី​កូវីដ​ក៏ដោយ ក៏​មន្ត្រី​រាជការ មិន​ត្រូវ​បាន​កាត់​ប្រាក់ខែ​ទេ​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ប្រាក់​សម្រាប់​អភិវឌ្ឍ​នៅសល់​តិចតួច​ណាស់​។ ដូច្នេះ​នៅក្នុង​ពេលនេះ​មិន​គួរ​ប្រញាប់​ក្នុង​ការឡើង​តួនាទី​ឋានៈ​ទេ​»៕