ភ្នំពេញៈ អគ្គ​នាយក​ដ្ឋានកាំកុង​ត្រូល​កម្ពុជា បាន​ច្រាន​ចោល​ចំពោះ​ការ​លើក​ឡើង​របស់​អតី​ត​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​លោក​សម រង្ស៊ី ដែល​ថ្លែង​តាម​ឃ្លីប​វីដេអូមួយ​​ថា ម្ហូប​អាហារ និង​បន្លែ​បង្ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​គីមី​ ដែលកំពុង​តែ​​បំផ្លាញ​បន្តិច​ម្តង​ៗ​​ទៅ​ដល់​សុខ​ភាព​របស់​ប្រជា​ពល​រដ្ឋ​។

តាម​រយៈ​លិខិត​របស់​អគ្គ​នាយក​ដ្ឋាន​កាំ​កុង​ត្រូល ​ដែល​ភ្នំពេញ​បុ​ស្ដិ៍​ទទួល​បាននៅ​ថ្ងៃ​ទី ៣០ ខែកញ្ញា បាន​សរសេរ​ថា​ អ្វី​ដែល​លោក​ សម រង្ស៊ី លើក​ឡើង​ គ្រាន់​តែ​ជាការ​កេង​ចំណេញ​ផ្នែក​នយោ​បាយ​ បំពាន​ការ​ពិត​ទាំង​ស្រុង​គ្មាន​​ដឹង​ពី​ស្ថាន​ភាព​ពិត និង​អ្វី​ដែល​រាជរដ្ឋាភិបាល និង​ប្រជា​ពលរដ្ឋ​កម្ពុជា ​បាន​និង​កំពុង​ធ្វើ និង​ទទួល​ផល​ពី​ការ​ខិតខំ​ចូល​រួម​គ្រប់​ភាគី​ពាក់​ព័ន្ធ ពិសេស​លើ​បញ្ហា​សុវត្ថិ​ភាព​ម្ហូប​អាហារនេះ​ឡើយ​​។

លិខិត​ដដែល​បាន​បញ្ជាក់​​ថា​៖​«ចំពោះ​បញ្ហា​ពាក់ព័ន្ធ​នឹង​សុវត្ថិ​ភាព​ម្ហូប​អាហារ រាជ​រដ្ឋា​ភិបាល​ បាន​រៀប​ចំ​គ្រប់​គ្រាន់ និង​ច្បាស់​លាស់ ​ប្រកប​ដោយ​លក្ខណៈ​បច្ចេក​ទេស ​និង​វិទ្យា​សាស្ដ្រ ​ដើម្បី​ធានា​សុវត្ថិ​ភាព សុខភាព ព្រម​ទាំង​ការផ្ដល់​ឲ្យ​បាន​ពេញ​លេញ នូវ​អាហារ​មាន​គុណ​ភាព​ជូន​ប្រជា​ពល​រដ្ឋ​»​។

តាម​រយៈ​លិខិត​របស់​អគ្គនា​យក​ដ្ឋាន​កាំកុង​ត្រូល​ដដែល​បាន​រំឭក ចំពោះ​មតិ​លើក​ឡើង​របស់​លោក ហ៊ុន សែន នា​ពេល​កន្លង​មក ធ្លាប់​ប្រាប់​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ពហិការ​ ចំពោះ​ម្ហូប​អាហារ​ ដែល​មាន​លួច​លាយ​សារ​ធាតុ​គីមី​។

លិខិត​បន្ដ​សរ​សេ​រប​ញ្ជាក់​៖​«​ការ​ហាម​ឃាត់​នោះ​គឺ​សម្ដេច​តេ​ជោ មាន​បំណង​ឲ្យ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទាំង​អស់ មាន​ការ​ប្រុង​ប្រយ័ត្ន ចេះ​មើល ចេះ​ជ្រើ​ស​រើស ផលិតផល​ទំនិញ​ម្ហូប​អាហារ​ ឲ្យ​បាន​សម​ស្រប​ប៉ុណ្ណោះ​ ពីព្រោះ​បញ្ហា​សុវត្ថិ​ភាព​ម្ហូប​អាហារ គឺជា​បញ្ហា​របស់​យើង​ទាំង​អស់​គ្នា​»។

តាម​រយៈ​គេហ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​លោក សម រង្ស៊ី ​ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃទី ​២៧​ ខែកញ្ញា ​ឆ្នាំ ​២០១៨ បាន​សរសេរ​ថា​៖ «សូម​ការពារ​ប្រជា​ពល​រដ្ឋ​ខ្មែរ កុំ​ឲ្យ​គេ​សម្លាប់​បន្តិច​ម្តងៗ ​ដោយ​គេ​បញ្ចូល​ជាតិ​គីមី ដែល​ជា​ជាតិ​ពុល ក្នុង​ចំណី​អាហារ ដែល​ប្រជា​ពលរដ្ឋ​ទិញ​មក​ហូប​ចុក​រាល់​ថ្ងៃ​ពី​ទីផ្សារ»។

លោក សម រង្ស៊ី បាន​និយាយ​តាមរយៈ​វីដេអូ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក ចំពោះ​បញ្ហា​ចំណី​អាហា​រនេះ​ដោយ​ចោទ​សួរ​ថា តើនរ​ណា​ត្រូវ​ធានា សុវត្ថិភាព​ចំណី​អាហារ​សម្រាប់​ប្រជា​ពលរដ្ឋ ហើយ​ធានា​យ៉ាង​ដូច​ម្ដេច?។

លោក​បាន​អះអាងថា៖«ចំណី​អាហារ​នៅ​ប្រទេស​កម្ពុជា ដូចជា​ផ្លែ​ឈើ បន្លែ សាច់ ត្រី ច្រើន​តែ​បង្កប់​ដោយ​ជាតិ​គីមី ប្រកប​ដោយ​គ្រោះ​ថ្នាក់។ ដូច្នេះ​យើង​ត្រូវ​សម្គាល់ ជាតិ​គីមី​ទាំង​អស់​នោះ ​នៅក្នុង​ទំនិញ អី​វ៉ាន់​ហូប​ចុក ដែល​លក់​នៅ​តាម​ទីផ្សារ»។

ឆ្លើយ​តប​ចំពោះ​អ្វីដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់បាន​លើកឡើង​ចំពោះ​បញ្ហា​ប​ចំណីអាហារ​មាន​សារជាតិ​គីមី និង​ប្រាប់​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទិញ​អ្វី​ដែល​មាន​ជាតិគីមី​នាពេល​កន្លងមក​នោះ លោក រង្ស៊ី ថា៖«លោក ហ៊ុន សែន និយាយ​បែបនេះ អំពី​សុវត្ថិភាព​ចំណី​អាហារ អំពី​ហានិភ័យ​ សម្រាប់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកប្រើប្រាស់ បង្ហាញ​ឲ្យ​ឃើញថា គាត់​អត់​យល់​អ្វី​ទាល់តែសោះ គាត់​មិនមាន​ស្មារតី​ទទួលខុសត្រូវ​ទេ។ គាត់​គួរ​ណាស់​សិក្សា អំពី​បទពិសោធន៍ នៅ​ប្រទេស​ជឿន​លឿន មិនមែន​តែ​នៅ​សហរដ្ឋអាមេរិក និង​ទ្វីប​អឺរ៉ុប​ទេ សូម្បីតែ​នៅ​ប្រទេស​ជិត​ខាង​កម្ពុជា ដូច​ជា ប្រទេស ឥណ្ឌា ហ្វីលី​ពីន វៀតណាម និង​ប្រទេស​ថៃ គេ​មាន​អ្នក​ដឹកនាំ​ដែលមាន​ចំណេះ​វិជ្ជា​ខ្ពស់​ខ្ពស់ ដែលមាន​ស្មារ​តី ទទួល​ខុស​ត្រូវ ​ហើយ​គេ​ចាត់វិធានការ គេ​រៀបចំ​ឲ្យ​មាន​ស្ថាប័ន ឲ្យ​មាន​ក្រសួង ឲ្យ​មាន​វិទ្យាស្ថាន​ឲ្យ​មាន​យន្ដការ ឲ្យ​មាន​មន្ទីរ​ពិសោធន៍ ដើម្បី​ការពារ​សុខភាព​ប្រជាពលរដ្ឋ​នៅ​ប្រទេស​គេ»។

ផ្ទុយ​ពីអ្វី​ដែល​លោក សម រង្ស៊ី បាន​លើក​ឡើង អគ្គនាយក​ដ្ឋាន​កាំកុង​ត្រូល បាន​បង្ហាញ​ថា៖«ចំពោះ​ការលើក​បង្ហាញ​ពី​ការធ្វើការ​របស់​មន្ដ្រី មន្ទីរពិសោធន៍​នៅ​ស្រុក​គេ ក៏​គ្រាន់តែ​ចង់​ស​ម្ញែង អួត​អាង ​បំភ្លៃ​ការពិត​ថា មានតែ​ស្រុក​អាមេរិក ឬ​ប្រទេស​ដទៃ​ ហើយ​មក​បង្អាក់​បង្អោន​ជាតិ​សាសន៍​កម្ពុជា​យើង​ប៉ុណ្ណោះ»។

លិខិត​របស់ អគ្គនាយក​ដ្ឋាន​កាំកុងត្រូល​បន្ដ​បង្ហាញ​ថា កម្ពុជា មាន​មន្ទីរ​ពិសោធន៍​ម្ហូបអាហារ​ ដែលមាន​សមត្ថ​ភាព​វិភាគ​ឃើញ​សារ​ធាតុ​គីមី មេរោគ​ចម្លង កត្ដា​គ្រោះថ្នាក់​ជា​រូបវន្ដផ្សេងៗ មិន​ចាញ់​ប្រទេស​ជឿនលឿន ទាំង​លើ​ឧបករណ៍ សម្ភារ យកមក​បំពាក់​ប្រើប្រាស់​នៅ​មន្ទីរពិសោធន៍ និង​មន្ដ្រី​ជំនាញ សុទ្ធតែ​បាន​ឆ្លង​កាត់ការ​រៀនសូត្រ​មាន​បទ​ពិសោធន៍​ពី​ក្នុង និង​ក្រៅ​ប្រទេស៕