ភ្នំពេញៈ អគ្គ​នាយក​ដ្ឋាន​ពន្ធដា​របាន​​ព្រមាន​ចាត់​វិធា​នការ​ចំពោះ​បុគ្គល​មួយ​ចំនួន​ដែល​បាន​អូស​ទាញ​ បោក​បញ្ឆោត​បុគ្គល​ផ្សេង​ទៀត ​ក្នុង​ចេត​នា​គេច​វេះ​ពី​ការ​បង់​ពន្ធ​តាម​រយៈ​ការ​ប្រព្រឹត្ត​សកម្ម​ភាព​ល្មើស​ច្បាប់​ផ្សេងៗដែល​អាច​ប្រឈម​មុខ​នឹងការ​ជាប់​ពន្ធ​នា​គារ​ដល់​ទៅ ៥ ឆ្នាំ។

កា​រប្រកាស​ចាត់​វិធាន​ការនេះ បន្ទា​ប់ពី​សង្កេត​ឃើញថា កន្លង​មកមាន​បុគ្គល​មួយ​ចំនួនបាន​អូស​ទាញ​បោក​បញ្ឆោត​បុគ្គល​ផ្សេង​ទៀត​ដែល​មាន​ការ​យល់ដឹ​ងទា​ប​ឲ្យ​ឈរ​ឈ្មោះ​ជា​ម្ចាស់​ភាគហ៊ុន និង​ជា​អភិបា​លក្នុង​ការប​ង្កើត​ក្រុម​ហ៊ុន​នៅ​ក្រសួង​ពាណិជ្ជ​កម្ម និង​ចុះ​បញ្ជី​ពន្ធ​ដារ​នៅ​អគ្គ​នាយ​កដ្ឋាន​ពន្ធ​ដារ។

នៅពេល​ទទួល​បាន​វិញ្ញា​បន​បត្រ ចុះបញ្ជី​អាករ​លើ​តម្លៃ​បន្ថែម​រួចហើយក៏បាន​យក​ទៅ​ប្រើ​ប្រាស់​ចេញ​វិក្កយ​បត្រ​ក្លែង​ក្លាយ​​ទៅ​ឱ្យ​ក្រុមហ៊ុន​មួយ​ផ្សេ​ង​ទៀត​ ក្នុង​គោល​បំណង​ក្លែង​បន្លំ​ដាក់​បញ្ចូល​ជា​ឥណ​ទាន​អាករ​លើ​ធាតុ​ចូល​ សម្រាប់​កាត់​កង​អាករ​លើ​ធាតុ​ចេញ​ និង​បញ្ចូល​ជា​បន្ទុក​ចំណាយ​ដើម្បី​កាត់​បន្ថយ​ពន្ធ​លើ​ប្រាក់ចំណូល។

នេះ​បើតាម​សេចក្តី​ជូន​ដំណឹង​របស់​អគ្គ​នាយ​កដ្ឋាន​ពន្ធ​ដា​រ ស្តី​ពី​ការ​ទប់ស្កា​ត់កា​រ​គេចវេះ​បង់​ពន្ធ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ។

លោក​ គង់ ​វិបុល ​ប្រតិភូ​រាជរដ្ឋា​ភិបា​ល ​ទទួល​បន្ទុក​ជា​អគ្គ​នាយ​ក​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ ​ដែល​បាន​ចុះ​ហត្ថ​លេខា​ក្នុង​សេច​ក្តី​ជូន​ដំណឹង​នេះ​បាន​ចាត់​ទុក​សកម្មភា​ព​ប្រព្រឹត្ត​បទ​ល្មើស​ទាំង​នេះ គឺជា​ការ​គេច​វេះ​ពន្ធ និង​ការ​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​លើ​បទ​ប្ប​ញ្ញត្តិ​ស្តី​ពី​ពន្ធ​ដារដែលអា​ច​ជាប់​ទោស​ពី​ ១ ​ឆ្នាំ​ដល់​ ៥​ ឆ្នាំ​។

លោក​បាន​បញ្ជាក់​ថា៖​ «អគ្គ​នាយ​ក​​ដ្ឋា​ននឹង​ចាត់​វិធាន​ការ​ចាំ​បាច់​នានា​តាម​ច្បាប់​ជា​ធរមាន​ ដើម្បី​ស្វែងរក​បុគ្គល​ដែល​បាន​ប្រ​ព្រឹត្ត​បទ​ល្មើស​មក​ផ្តន្ទាទោ​ស​តាម​ច្បាប់។ ដូច្នេះ​ដើម្បី​ចៀស​វាង​នូវ​ការ​ដាក់​ទោស​ទ​ណ្ឌ សូម​ឲ្យ​សា​ធារ​ណជន និង​ធុរ​កិច្ច​ទាំង​អស់​ចៀស​វាង​នូវ​ការ​ប្រព្រឹត្ត​បទល្មើ​ស និង​អនុ​វត្ត​ច្បាប់​ស្តីពី​សារ​ពើព​ន្ធ​ឲ្យ​បាន​ត្រឹម​ត្រូវ​»។

ដោយ​មិន​គិតដល់​ទោស​ទណ្ឌ​ផ្សេង​ទៀត​ អភិ​បាល បណ្ណា​ធិកា​រកម្ម​សិទ្ធិ​ករ​របស់​ស​ហ​គ្រាស​ណា​មួយ​ឬ​បុគ្គល​ទទួល​ខុស​ត្រូវ​ឱ្យ​សហគ្រាស​ណា​មួយ​ដែល​បាន​ប្រព្រឹត្ត​អំពើ​គេច​វេះ​ពន្ធ ​នឹង​ត្រូវ​រង​ការ​ផ្តន្ទា​ទោស​តាម​មាត្រា ១២៧ នៃ​ច្បាប់​ស្តីពី​សារ​ពើ​ពន្ធ ដោយ​ពិន័យ​ជា​ប្រាក់​ពី ១០ លាន​រៀលដល់ ២០ លានរៀលឬជាប់​ពន្ធ​នា​គារ​ពី ១ ឆ្នាំដល់ ៥ ឆ្នាំឬ​ទោស​ទាំង ២ នេះ​។​

ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​សុំ​ការអ​ត្ថា ធិ​ប្បា​យ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​ពី​លោក​ គង់ វិបុល បាន​ទេ កាលពី​ម្សិល​មិញ ព្រោះ​តែ​លោក មិន​លើក​ទូ​រស័ព្ទ។​

កាលពី​ខែ​មិថុ​នា​កន្លង​ទៅ អគ្គ​នា​យក​ដ្ឋា​ន​ពន្ធដា​រ បាន​ឲ្យ​ដឹង​ថា សម្រាប់​រយៈ​ពេល​ ៥ ខែដំបូង​ នៅ​ដើម​ឆ្នាំនេះ​ ចំណូល​ពន្ធអាក​រ​ដែល​ប្រមូល បា​ន​តាម​ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័​យ ចំណូល​អន​ឡាញ មាន​ចំនួន ​៥ ៣៤៣,​៣៩ ពាន់លាន​រៀល ឬ​ប្រ​ មាណ​ ១ ​៣៣៥,​៨៥ ​លាន​ដុល្លារ ស្មើ​នឹង ​៥៨,៣៧​ ភាគ​រយ នៃ​ផែន​ការ​ប្រចាំឆ្នាំ​។ ចំនួន​នេះ បើ​ប្រៀបធៀប​រយៈ​ពេល​ដូច​គ្នាក្នុង​ឆ្នាំ ២០១៨ ​មាន​ការ​កើន​ឡើង​ចំនួន​ ១ ​១៦៦,​៩០​ ពាន់​លាន​រៀល​ ឬ​ប្រមាណ ២៩១,​៧៣​ លាន​ដុល្លារ​ ស្មើ​នឹង ២៧,៩៤​ ភាគ​រយ​។

លោក​ ព្រាប ​កុល​ នាយ​ក​ប្រតិ​បត្តិ​អ​ង្គការ​តម្លា​ភាព​កម្ពុជា​បាន​ប្រាប់​ភ្នំ​ពេ​ញប៉ុ​ស្តិ៍​កាល​ពី​ម្សិ​លមិញ​ថា​ កា​រ​ព្រមាន​របស់​ស្ថា​ប័ន​មួយ​នេះ​ មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ​ ប៉ុន្តែ​ចំពោះ​ការ​អនុវត្ត​ច្បាប់​គឺជា​រឿង​ចាំ​បាច់​ដែ​លត្រូវ​តែ​មាន​វិ​ធាន​ការដើម្បី​ទប់​ស្កាត់​ការ​គេច​វេះ​ពីកា​រ​បង់ពន្ធ។

លោក​បន្ត​ថា​ ក្នុង​ពេល​បច្ចុប្បន្ន ចំណូល​ពន្ធដែល​រ​ដ្ឋាភិ​បា​ល​ប្រ​មូល​​បាន មា​នកា​រកើន​ឡើង​ចន្លោះ​ពី ៨​ ទៅ​ ២០ ​ភាគរយ ដូច្នេះ​ការ​អនុវត្ត​ច្បាប់​ និង​ការព​ង្រឹងច្បា​ប់កា​ន់តែប្រ​សើរគឺ​ជាក​ត្តានាំឲ្យការ​ប្រមូ​ល​ចំណូ​ល​ពន្ធ​ចូល​រដ្ឋ​មាន​ការ​កើន​ឡើង​ហ្នឹង​ដែរ។

លោក​បញ្ជាក់​ថា៖ ​«វាជា​កំណើ​នគួរ​ឲ្យកត់ស​ម្គាល់ហើ​យយើង​ក៏ស​ង្ឃឹមថា នឹ​ងមាន​ការកើន​ឡើង​​ហ្នឹង​ទៀត​បើអ្នក​រកស៊ីធំៗ​ពួក​ឧក​ញ៉ា​ឬ​ឈ្មួញ​អ្នក​មាន​លុយ​ មាន​អំណាច​ហ្នឹងគា​ត់​ស្ម័គ្រ​ចិត្ត​បង់​ពន្ធ​ ដែល​អាច​នឹង​មាន​ចំណូច​បន្ថែម​ទៀត ព្រោះ​មានអ្នក​មាន ​ឧកញ៉ា​មួយ​ចំនួន ​ដែល​មាន​ខ្នង​ទៅ គាត់​មាន​វិធី​ដើម្បី​គេច​ពន្ធ»៕