សៀមរាបៈ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្រសួង​មហាផ្ទៃ​បាន​បញ្ជា​ឱ្យ​អង្គភាព​ពន្ធនាគា​ខេត្តសៀមរាប ពង្រឹង​ការគ្រប់គ្រង​បន្ថែមទៀត​ក្នុង​ការទប់ស្កាត់​ការលួច​ប្រើ​ទូរស័ព្ទ​របស់​ជន​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ដែល​អាចធ្វើឱ្យ​ជន​ជាប់ឃុំ បញ្ជា​ឱ្យ​បក្ខពួក​របស់គេ​ឱ្យ​ប្រព្រឹត្ត​ធ្វើ​បទល្មើស​ផ្សេងៗ​នៅក្រៅ​ពន្ធនាគារ​។

លោក​ នុត សវនា អ្នកនាំពាក្យ អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្រសួង​មហាផ្ទៃ ឱ្យដឹង​កាលពី​ម្សិលមិញ​ថា លោក​ ឆែម សាវុធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៅក្នុង​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​បំពាក់​ឋានន្តរស័ក្ដិ និង​ប្រកាស​មុខតំណែង​ជូន​មន្ត្រី​អង្គភាព​ពន្ធនាគារ​ខេត្ត​សៀមរាប​កាលពី​ថ្ងៃទី​ ១០ ​ខែកុម្ភៈ​បាន​ឱ្យ​មន្ត្រី​ពង្រឹង​ការគ្រប់គ្រង​លើ​ការលួច​ប្រើ​ទូរស័ព្ទ​ព្រោះ​លោក​យល់ឃើញ​ថា បើសិនជា​ជន​ជាប់ឃុំ​អាច​លួច​ប្រើ​ទូរស័ព្ទ​បាន ពួកគេ​អាច​បញ្ជា​ទៅដល់​បក្ខ​ពួកគេ​នៅ​ខាងក្រៅ​ឱ្យធ្វើ​សកម្មភាព​បទល្មើស​ទៀត​បាន ជាពិសេស​សកម្មភាព​គ្រឿងញៀន​។

លោក​ថ្លែងថា​៖ «​ដូចនេះ​យើង​ចាំបាច់​ត្រូវ​ធ្វើការ​រឹតបន្តឹង​ និង​គ្រប់គ្រង​លើ​បញ្ហា​នេះ​ឱ្យបាន​ល្អ ដោយសារ​តែ​នៅ​ពន្ធនាគារ​ខេត្តសៀមរាប​នេះ​មាន​អ្នក​ជាប់ឃុំ​ច្រើន ដែល​ត្រូវ​មន្ត្រី​ទាំងអស់​បង្កើន​ការគ្រប់គ្រង​ឱ្យបាន​ល្អ​»​។

ទោះជា​យ៉ាងណា​លោក នុត សវនា បញ្ជាក់ថា ចំពោះ​ការលួច​ប្រើប្រាស់​ទូរស័ព្ទ​នៅក្នុង​ពន្ធនាគារ​នេះ​មិនមែន​មានតែ​ករណី​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ សូម្បីតែ​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​នៅលើ​ពិភពលោក​ក៏​មាន​ករណី​លួច​ប្រើ​ដូច​នៅ​កម្ពុជា​ដែរ​។

លោក​បន្តថា​៖ «​កន្លងមកនេះ យើង​មាន​ការពង្រឹង​ការឆែកឆេរ​ជាប្រចាំ​នៅតាម​គោលដៅ​នីមួយៗ ប៉ុន្តែ​វា​មាន​ការលំបាក​ដោយ​ការយាមកាម និង​ការឆែកឆេរ​នេះ​មាន​វេន​ច្រើន​ជាពិសេស​នៅពេល​យាមកាម និង​ឆែកឆេរ​នៅ​វេន​យប់​វា​នៅ​មាន​ភាពចន្លោះ​ប្រហោង​»​។

បើតាម​លោក សវនា អ្វី​ដែល​សំខាន់​គឺ​វា​កើតឡើង​ដោយសារ​កត្តា​មនុស្ស​មានចិត្ត​មិន​ស្មោះត្រង់​ និង​ឆ្លៀត​រក​ផលប្រយោជន៍​។ ការលួច​ប្រើ​ទូរស័ព្ទ​ក្នុង​ពន្ធនាគារ​នេះ បើ​តេ​ទៅ​ក្រុមគ្រួសារ ឬ​សាច់ញាតិ វា​មិន​អី​នោះទេ ប៉ុន្តែ​បើ​ពួកគេ យក​តេ​ដោយ​បញ្ជា​ចេញពី​គុក ឱ្យ​រៀបចំ​ផែនការ​អ្វី​ផ្សេងៗ​នោះ នឹង​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។

លោក​ថ្លែងថា​៖ «​វា​មាន​ច្រើន​ណាស់​នៅក្នុង​ហ្នឹង វា​សុទ្ធ​ឧក្រិដ្ឋជន ហើយ​ឧក្រិដ្ឋជន​វា​មាន​បណ្តាញ​របស់​វា អ៊ីចឹង​វា​ទាក់ទង​ឆ្លងឆ្លើយ​គ្នា​ពីនេះ ពី​នោះ ព័ត៌មាន Update អ៊ីចឹងទៅ​។ ជួនកាល​វា​បញ្ជា​ពី​នោះ​ដោយ​វា​ចង់​ធ្វើ​អ្វីមួយ​នោះ គឺ​ពិបាក​រក​តម្រុយ​ណាស់​។ ពេលខ្លះ​ទៀត ពួកវា​តេ​ទាក់ទង​ឱ្យ​លួច​រត់គេច ឬ​រំដោះ​ចេញ​ជាដើម​ដែល​នេះ វា​ប៉ះពាល់​ដល់​សន្តិសុខ​ផ្ទៃក្នុង​របស់​ពន្ធនាគារ​ទៀត​»​។

លោក អំ សំអាត នាយករង​អង្គការ​សិទ្ធិមនុស្ស​អង្គកា​លីកាដូ​បាន​ដាក់​ជា​ចម្ងល់​ថា ហេតុអ្វី​បានជា​អ្នកទោស​អាច​លួច​យក​ទូរស័ព្ទ​ទៅ​ប្រើប្រាស់​នៅក្នុង​ពន្ធនាគារ​បាន​? បញ្ហា​នេះ លោក​ស្នើសុំ​ឱ្យ​មាន​ការស្រាវជ្រាវ​រក​មូលហេតុ​ករណី​លួច​យក​ទូរស័ព្ទ​ទៅ​ប្រើប្រាស់​នៅក្នុង​ពន្ធនាគារ​នេះ​ឱ្យ​ច្បាស់លាស់​។

លោក អំ សំអាត សន្និដ្ឋាន​ថា ករណី​នេះ​អាច​ពាក់ព័ន្ធ​ទៅនឹង​ការអនុវត្ត​ច្បាប់​មាន​ចន្លោះប្រហោង​របស់​មន្ត្រី​នៅក្នុង​ពន្ធនាគារ​។ លោក​បាន​សម្តែង​ការព្រួយបារម្ភ​ផងដែរ ចំពោះ​ឧក្រិដ្ឋជន ឬ​ឈ្មួញ​ជួញដូរ​គ្រឿងញៀន​ធំៗ ដែល​អាច​ប្រើប្រាស់​ទូរស័ព្ទ​បាន ហើយ​បញ្ជា​ចេញ​ពី​ពន្ធនាគារ​ឱ្យ​មាន​ការចែកចាយ​គ្រឿងញៀន​បន្តទៀត​ដែល​នេះ​គឺជា​ហានិភ័យ​ថ្មី​មួយ​ថែមទៀត​។

បើតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បច្ចុប្បន្ននេះ​នៅ​ទូទាំងប្រទេស​កម្ពុជា មាន​ជនជាប់ឃុំ​ជិត​ ៤ ​ម៉ឺន​នាក់​ ក្នុង​នោះ​ពន្ធនាគារ​ខេត្តសៀមរាប​ស្ថិត​នៅក្នុង​លំដាប់​ទី​២ ដែលមាន​ជន​ជាប់ឃុំ​រហូតដល់​ជិត​ ៣ ​ពាន់​នាក់ បន្ទាប់ពី​ពន្ធនាគារ​ព្រៃស​៕