ភ្នំពេញៈ អ្នក​ជាប់ឃុំ​ប្រមាណ​ជាង ១ ម៉ឺន​នាក់ នៅក្នុង​ពន្ធនាគារ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ទទួល​ការចាក់​វ៉ាក់សាំង​រួចរាល់ ដើម្បី​ការពារ​ការឆ្លង​ជំងឺ​កូវីដ១៩ ក្នុងនោះ​មាន​អ្នក​ជាប់ឃុំ​តែ ៤ នាក់​ប៉ុណ្ណោះ​បាន​បដិសេធ​មិន​ទទួល​វ៉ាក់សាំង ដោយហេតុ​និន្នាការ​ប្រឆាំង។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ។

លោក នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១១ ខែឧសភា​នេះ​ថា មន្ដ្រី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៅ​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​ក្រុម​ការងារ​ចាក់​វ៉ាក់សាំង​នៃ​មន្ទីរពេទ្យ ១៦ ឧសភា បាន​ប្រើ​រយៈពេល ៣ ថ្ងៃ ចាប់ផ្ដើម​ចាក់​ថ្ងៃទី ៧ ដល់​ថ្ងៃទី ៩ ខែ​ឧសភា គឺ​បាន​បញ្ចប់​ចាក់វ៉ាក់សាំង​នេះ​ដល់​ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នៅ​រាជធានី​ភ្នំពេញ។

លោក​បាន​ថ្លែងថា៖ «យើង​ធ្វើ​លឿន​លើស​ផែនការ ដូច្នេះ​យើង​បញ្ចប់​ការចាក់​វ៉ាក់សាំង​នៅក្នុង​ពន្ធនាគារ​នៅ​រាជធានី​ភ្នំពេញ​តាំងពី​ល្ងាច​ថ្ងៃ​អាទិត្យ។ ឥឡូវ​យើង​កំពុង​ស្នើ​គោលការ​ទៅ​ចាក់​វ៉ាក់សាំង​ដល់​ជន​ជាប់ឃុំ​នៅ​ខេត្ដ​ព្រះសីហនុ ព្រោះ​ទីនោះ​មាន​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ១៩​ខ្លាំង ជន​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្ដ​ព្រះសីហនុ​មាន​ជាង ១ ៧០០ នាក់»។

ក្រោយ​មាន​ការផ្ទុះ​ការឆ្លង​រីករាលដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩ កាលពី​ថ្ងៃទី ៨ ខែឧសភា​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ផ្សាយ​របាយការណ៍​លទ្ធផល​នៃ​ការវិភាគ​វត្ថុ​សំណាក​រក​មេរោគ​កូវីដ១៩ ដោយ​បាន​រកឃើញ​មាន​ករណី​វិជ្ជមាន​ថ្មី​នៅក្នុង​សហគមន៍​ចំនួន ១២៦ នាក់​ក្នុងនោះ ៣៤ នាក់​គឺជា​ជន​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្ត​នេះ។

លោក នុត សវនា បាន​បញ្ជាក់ថា ត្រឹម​ថ្ងៃទី ១១ ខែឧសភា​នេះ គឺ​មិនទាន់​រកឃើញ​ករណី​វិជ្ជមាន​បន្ថែមទៀត​នៃ​ជន​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្ដ​ព្រះសីហនុ​នៅឡើយ​ទេ ខណៈ​បច្ចុប្បន្ន​ក្រុមគ្រូពេទ្យ​កំពុង​យក​សំណាក​របស់​អ្នកពាក់ព័ន្ធ​មក​ពិនិត្យ​នៅឡើយ។

លោក​បាន​ថ្លែងថា៖ «យើង​ទើប​ធ្វើតេស្ដ​លើក​ទី ១ រួចហើយ ឥឡូវ​កំពុង​រង់ចាំ​លទ្ធផល។ រយៈពេល ៣ ទៅ ៤ ថ្ងៃ​ខាងមុខ ក្រុមគ្រូពេទ្យ​នឹង​មក​យក​សំណាក​ធ្វើតេស្ដ​ម្ដងទៀត»។

លោក សវនា បច្ចុប្បន្ន​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ដាក់ចេញ​វិធានការណ៍​តឹងរ៉ឹង​ជា​បន្តបន្ទាប់ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីករាលដាល់​ជំងឺ​កូវីដ១៩ ចូល​ទៅក្នុង​ពន្ធនាគារ។ ក្រោយពេល​មាន​ការផ្ទុះ​ការឆ្លង​ក្នុង​ពន្ធនាគារ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​រឹតបន្ដឹង​វិធានការណ៍​បន្ថែមទៀត ដែល​វិធានការណ៍​នេះ​មាន​ការចូលរួម​តាក់តែង​ដោយ​គណៈកម្មការ​កាកបាទ​ក្រហម​អន្តរជាតិ និង​អង្គការ​សុខភាព​ពិភពលោក​ក៏​បាន​ទទួលស្គាល់​លើ​វិធានការណ៍​ដែល​កំពុង​អនុវត្ដ​នេះ។

លោក​បាន​ថ្លែងថា៖ «យើង​ញែក​ក្រុម​អ្នក​វិជ្ជមាន​ដាក់​នៅ​អគារ​ដាច់ដោយឡែក អ្នក​ដែល​សង្ស័យ​ក៏​នៅ​អគារ​ដោយឡែក យើង​មាន​វិធានការណ៍​ទៅតាម​ចំណាត់ថ្នាក់​បែបនេះ ទាំង​មន្ដ្រី​ពន្ធនាគារ និង​ជន​ជាប់ឃុំ គឺ​មិន​ឱ្យ​ពួកគាត់​ចេញពី​ពន្ធនាគារ​ទេ»។

លោក សវនា បាន​បញ្ជាក់ថា ក្រោយពេល​បញ្ចប់​ការធ្វើ​តេស្ត​រក​មេរោគ​កូវីដ១៩ ចំពោះ​អ្នក​ជាប់​ពាក់ព័ន្ធ​ចប់​រួចរាល់​នៅក្នុង​ពន្ធនាគារ​ខេត្ដ​ព្រះសីហនុ គឺ​នឹង​ចាប់ផ្ដើម​អនុវត្ដ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​ជន​ជាប់ឃុំ​តែម្ដង ខណៈ​បច្ចុប្បន្ន​គឺ​ទទួល​បាន​គោលការណ៍​ពី​ថ្នាក់ដឹកនាំ និង​លោកនាយក​រដ្ឋមន្ត្រី​រួចហើយ​ ដើម្បី​ផ្ដល់​វ៉ាក់សាំង​ដល់​ជន​ជាប់ឃុំ​ក្នុង​ខេត្ដ ដែល​ជា​ខេត្ដ​គោលដៅ។

លោក​បាន​ឱ្យដឹង​ទៀត​ថា ក្រៅពី​ខេត្ដ​ព្រះសីហនុ​ជា​ខេត្ដ​គោលដៅ​សម្រាប់​ផ្ដល់​វ៉ាក់សាំង​ដល់​ជន​ជាប់ឃុំ ខេត្ដ​សៀមរាប និង​ខេត្ដ​កណ្ដាល​ក៏​ជា​ខេត្ដ​គោលដៅ​ ដើម្បី​ផ្ដល់​វ៉ាក់សាំង​ដល់​ជន​ជាប់ឃុំ​ផងដែរ ព្រោះ​ខេត្ដ​ទាំងនេះ​កំពុង​ប្រឈម​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩​ខ្លាំង​ជាងគេ។

លោក សវនា បានឱ្យដឹងថា​បច្ចុប្បន្ន​ជន​កំពុង​ជាប់ឃុំ​សរុប​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ប្រមាណ​ជាង ៤ ម៉ឺន​នាក់៕