ភ្នំពេញៈ ​អគ្គ​បញ្ជាការដ្ឋាន​នៃក្រ​សួង​ការពារ​ជាតិ​ បាន​បង្កើត​គណៈ​ក​ម្ម​ការ​ការ​ងារ​មួយ​ដែល​មាន​សមាស​ភាព​មន្ត្រី​យោធា​ជាន់​ខ្ពស់ ​៩ រូប​​​ ដើម្បី​​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​ចោទ​ប្រ​កាន់​នាយ​ទាហាន​ជាន់​ខ្ពស់ ២ ​រូប​ ពាក់​ព័ន្ធ​ភាព​មិន​ប្រ​ក្រ​តី​ក្នុង​ការ​អនុ​វត្តតួ​នាទីនៅ​ក្នុង​ជួរ​កង​ទ័ព​។

​យោង​តាម​សេច​ក្ដី​សម្រេច​របស់​អគ្គ​មេ​បញ្ជា​ការ​កង​យោធ​ពល​ខេម​រ​ភូ​មិន្ទ​កាល​ពី​ថ្ងៃ​ទី​ ២៨​ ​ខែ​ មិថុនា​ ឆ្នាំ ២០១៩​ បាន​សម្រេច​បង្កើត​គណៈ​កម្មការ​ការ​ងារ​ចំ​ពោះ​កិច្ច​ត្រួត​ពិនិត្យ​ អង្កេត​ស្រាវ​ជ្រាវ​ទៅ​លើ​រូប​លោក​ ​សៀក​ ​សុជាតិ​ ​នាយ​រង​សេនា​ធិ​ការ​ចម្រុះ​ ​នា​យក​ទី​ចាត់​ការ​ ​កា​រ​ងារ​ព្រំដែន​ ​និង​លោក​ ​សុខ​ ​សាកល​ អតី​ត​មេ​បញ្ជា​ការ​តំបន់​ប្រតិ​បត្តិ​ការ​សឹក​រង ព្រះ​សីហ​នុ ​និង​បច្ចុ​ប្បន្ន​ជា​មេ​បញ្ជា​ការរ​ង​ ​យោធភូមិ​ភាគ ​៣។​ ​ ​

​ថោង​ ​សូលី​​ម៉ូ​ អ្នក​នាំ​ពាក្យ​ អគ្គ​បញ្ជា​ការ​ដ្ឋាន​កង​យោធពល​ខេម​រភូ​មិ​ន្ទ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ​ការ​បង្កើត​គណៈ​កម្ម​កា​រ​ការងារ​ស្រាវ​ជ្រាវ​ស៊ើប​អង្កេត​នេះ​ គឺ​ឆ្លើយ​តប​ទៅ​នឹង​លិខិត​ដែល​ផ្ញើមកពី​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​ហើយ ​ដើម្បី​ ​ស្រាយបំភ្លឺ​ទៅ​លើ​ពាក្យ​បណ្ដឹង​ប្ដឹង​នា​យ​ទា​ហាន​អនា​មិក​​ចូល​ទៅ​អង្គ​ភាព​ប្រ​ឆាំង​អំ​ពើ​ពុករលួយ​។​

លោក​ ​សូលី​ម៉ូ​ ​បានថ្លែង​​ថា៖ ​«​ការ​បង្កើត​គណៈ​កម្មកា​រ​ការ​ងារ​ស្រាវ​ជ្រាវ​ស៊ើប​អង្កេត​នេះ​គឺ​ឆ្លើយតប​ទៅ​នឹង​លិខិត​ដែល​ផ្ញើ​មក​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ហើយ​យើង​មិន​ទាន់​ដឹង​ច្បាស់​ថា​ តើ​រឿង​នេះ​ពិត​ឬ​មិន​ពិត​យ៉ាង​ណាទេ​ ​យើង​រង់​ចាំ​គណៈ​កម្ម​ការ​គេ​ស្រាវ​ជ្រាវ​សិន​»​។​

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​យោង​តាម​សេច​ក្ដី​ជូន​ដំ​ណឹង​ស្ដី​ពី​កិច្ច​ប្រ​ជុំលើក​ទី​៤៧ ​អាណត្តិ​ទី​២ ​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ប្រ​ឆាំង​អំ​ពើ​ពុករលួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ​២៧​ ​ខែ​ មិថុនា​ ឆ្នាំ​ ២០១៩​ បាន​ឲ្យ​ដឹង​ថា ​ស្ថាប័ន​ប្រ​ឆាំង​អំ​ពើពុក​រលួយ​ទទួល​បាន​ពាក្យ​ប្ដឹង​ក្នុង​ខែ​មិថុនា​ចំនួន ​៣៥​ បណ្ដឹង​ ក្នុង​នោះ​មាន​ពាក្យ​បណ្ដឹង​អនា​មិក​ចំ​នួន​ ១៦​​ បណ្ដឹង។​ អង្គ​ភាព​ប្រឆាំង​អំ​ពើ​ពុក​រលួយ​បាន​វិភាគ​និង​ស្រាវ​ជ្រាវ​បឋម​ ២៣​ បណ្ដឹង ​គឺ​មិន​ពាក់​ព័ន្ធ​នឹង​អំ​ពើ​ពុក​រលួយ​ឬ​មិន​មាន​តម្រុយ​នៃ​អំ​ពើ​ពុក​រលួយ​ទេ​។​

​សេច​ក្ដី​ជូន​ដំ​ណឹង​ដដែល​នេះ​បាន​ឲ្យ​ដឹងទៀត​ថា​៖​ «​ក្នុង​ខែ​មិថុនា ​នេះ​ដែរ​ អង្គ​ភាព​ប្រ​ឆាំង​អំ​ពើពុក​រលួយ​បាន​បញ្ជូន​លិខិត​ ៣២ ​ពាក្យ​បណ្ដឹង ​ជូន​ស្ថា​ប័ន ​និង​បុគ្គល​ពាក់​ព័ន្ធ​ធ្វើ​ការ​បំ​ភ្លឺ​»​។​

​លោក​ គិ​ន​ ​ភា​ ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្ត​រជា​តិ​នៃ​រាជ​បណ្ឌិត្យ​សភា​ក​ម្ពុជា​បាន​ឲ្យ​ដឹង​ថា​ការ​ជូន​លិខិត​ពាក្យ​ប្ដឹង​ទៅ​ស្ថា​ប័ន​និង​បុគ្គល​ពាក់​ព័ន្ធ​ធ្វើ​ការបំ​ភ្លឺ​វា​ជួយ​កាត់​បន្ថយ​ អំពើ​ពុក​រលួយ​នៅ​ក្នុង​ស្ថា​ប័ន​រដ្ឋ​ហើយ​ក៏ជា​ការ​ផ្ញើសារ​ដល់​មន្ត្រី​ជាន់​ខ្ពស់​​ផ្សេង​ៗ​ទៀត​កុំ​ឲ្យ​ប្រ​ព្រឹត្តអំពើ​ពុក​រលួ​យ​។​

លោក​ ភា​ ថ្លែង​​ថា​៖​ «​នេះ​គឺជា​រឿង​ល្អ​ហើយ​យើង​ជំរុញ​ឲ្យ​មានការ​អនុ​វត្ត​ច្បាប់​ទាំង​អស់​គ្នា ​ហើយ​ ដើម្បី​បង្កើន​ភាព​ស្អា​តស្អំ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ ហើយ​នេះ​គឺ​ជា​ការ​ផ្ញើសារ​មួយ​ទៅ​បណ្តា​ស្ថា​ប័ណ្ណថ្នាក់​ដឹក​នាំ ​ឬ​នាយ​ទាហាន​ឯទៀត​»​។

​លោក​ សៀក ​សុជាតិ​ នាយ​រង​សេ​នា​ធិ​ការ​ចម្រុះ​ និង​នាយក​ទី​ចាត់​ការ​ការ​ងារព្រំដែនកាល​ពី​ម្សិល​មិញ​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ ​ខណៈ​លោក ​ ឱម​ យ៉ិន​ទៀង​ ​ប្រធាន​អង្គ​ភាព​ប្រឆាំង​អំ​ពើ​ពុក​រលួយ​មិន​អាច​ទាក់​ទង​បា​ន​ទេ​៕​