The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អគ្គលេខាធិការ​រង អ.ស.ប ផ្ញើ​លិខិត ដោយ​វាយ​តម្លៃ​ខ្ពស់​លើ​សុន្ទរក​ថា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី៧៧ របស់​គណៈកម្មាធិការ​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក




អគ្គលេខាធិការ​រង អ.ស.ប ផ្ញើ​លិខិត ដោយ​វាយ​តម្លៃ​ខ្ពស់​លើ​សុន្ទរក​ថា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី៧៧ របស់​គណៈកម្មាធិការ​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក

Content image - Phnom Penh Post
លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុងជំនួបជាមួយលោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការ​រង អសប និង​ជា​ប្រធាន UNESCAP នាពេលកន្លងមក។ រូបថត FN

អគ្គលេខាធិការ​រង អ.ស.ប ផ្ញើ​លិខិត ដោយ​វាយ​តម្លៃ​ខ្ពស់​លើ​សុន្ទរក​ថា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី៧៧ របស់​គណៈកម្មាធិការ​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក

ភ្នំពេញ៖ អគ្គលេខធិការ​រង​នៃ​អង្គការ​សហប្រជាជាតិ (អសប) និង​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​នៃ​អង្គការ​សហប្រជាជាតិ​បាន​សរសេរ​លិខិត​ថ្លែង​អំណរគុណ និង​វាយ​តម្លៃ​ខ្ពស់​ដល់ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ថ្លែង​សុន្ទរកថា នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី៧៧ របស់ UNESCAP កាល​ពី​ខែ​មេសា តាម​ប្រព័ន្ធ​វីដេអូ។

យោង​តាម គណៈកម្មាធិការ​ជាតិ​អេស្កាប់ (NC-ESCAP) «សេដ្ឋកិច្ច​ និង​សង្គម​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក» បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃទី ៤ ខែ​ឧសភា​ថា លោកស្រី អាមិដា សលស្សែស អាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការ​រង អសប និង​ជា​ប្រធាន UNESCAP បាន​ផ្ញើ​លិខិត​កាល​ពី​ថ្ងៃទី ៣០ ខែ​មេសា ដោយ​បាន​កំណត់​សុន្ទរកថា លោក ហ៊ុន សែន ជា​ត្រី​វិស័យ​ជួយ​ដល់​ការ​ពិភាក្សា​ និង​ចូលរួម​ចំណែក​ដ៏​ធំធេង​ក្នុង​ការ​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​លើក​ទី៧៧ របស់ UNESCAP ទទួល​បាន​លទ្ធផល​ជោគជ័យ។

គណៈកម្មាធិការ​ជាតិ​អេស្កាប់ បាន​ថ្លែង​ដោយ​យោង​តាម​លិខិត​របស់​លោកស្រី​អគ្គលេខាធិការ​រង UN បាន​ឱ្យ​ដឹង​ថា៖ «ទោះបី​ជា​ស្ថានការណ៍​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​ឆ្លង​កូវីដ ១៩ កាន់​តែ​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ​ការ​ប្រជុំ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ក៏​ដោយ អង្គ​សន្និបាត​បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ និង​បាន​អនុម័ត​លើ​សេចក្តី​សម្រេច​មួយ​ស្តីពី ការ​ស្តារ​ឡើង​វិញ ក្រោយ​វិបត្តិ​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​តំបន់​នៅ​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ដែល​បាន​ផ្តល់​នូវ​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ និង​លើក​កម្ពស់​ភាព​ធន់ និង​រឹងមាំ​របស់​បណ្តា​ប្រទេស​អាស៊ី និង​ប៉ាស៊ីហ្វិក ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​នាពេល​អនាគត។ ការ​សម្រេច​ចិត្ត​របស់​សន្និបាត​ទាំង​មូល​ក៏​ជា​មូលដ្ឋាន​ដ៏​រឹងមាំ​មួយ​ទៀត ក្នុង​ការ​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ប្រកប​ដោយ ចីរភាព និង​បរិយាប័ន​នៅ​ក្នុង​តំបន់​ផង​ដែរ»។

សូម​រំឭកថា លោក ហ៊ុន សែន បាន​ថ្លែង​សុន្ទរក​ថា ក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី៧៧ របស់ UN-ESCAP ក្រោម​ប្រធានបទ ការ​ស្តារ​ឡើង​វិញ​ក្រោយ​វិបត្តិ​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​តំបន់​នៅ​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក តាមរយៈ​ប្រព័ន្ធ​វីដេអូ​កាល​ពី​ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២១ នេះ​ថា សេដ្ឋកិច្ច​សកល​ឆ្នាំ ២០២១ នេះ ទោះបី​ត្រូវ​បាន​រំពឹងថា នឹង​ងើប​ឡើង​វិញ ប៉ុន្តែ​នៅ​តែ​ប្រឈម​នឹង​ភាព​មិន​ប្រាកដ​ប្រជា​ខ្ពស់ ដោយសារ​ហានិភ័យ​នៃ​ការ​វិល​ត្រលប់​មក​វិញ​នូវ​រលក​ថ្មីៗ​នៃ​ជំងឺ​កូវីដ ១៩ ជា​ពិសេស តាមរយៈ​ការ​បម្លែង​ខ្លួន​លឿនលើស​ពី​ការ​រំពឹង​ទុក​នៃ​វីរុស​កូរ៉ូណា ដែល​បន្ត​រំខាន​ដល់​ជីវភាព​សេដ្ឋកិច្ច។

សុន្ទរកថា​នោះ​បាន​ឱ្យ​ដឹង​ទៀត​ថា គម្លាត​នៃ​ការ​ទទួល​បាន​វ៉ាក់សាំង​រវាង​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​ប្រទេស​អភិវឌ្ឍន៍ ក៏​អាច​បង្ក​ជា​ហានិភ័យ និង​រាំង​ស្ទះ​ដល់​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​តំបន់ និង​សកល ពោល គឺ​មាន​ប្រទេស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​អាច​ងើប​ឡើង​វិញ​បាន​ប្រសើរ ខណៈ​ដែល​ប្រទេស​ភាគ​ច្រើន​ផ្សេង​ទៀត​បន្ត​រង​ផល​ប៉ះពាល់​ទាំង​ក្នុង​ផ្នែក​សុខាភិបាល និង​ផ្នែក​សេដ្ឋកិច្ច។

លោក ហ៊ុន សែន ថ្លែង​ថា៖ «ក្នុង​បរិការណ៍​នេះ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ និង​ការ​ពង្រឹង​គុណភាព និង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​សុខាភិបាល គឺ​ជា​ការងារ​អាទិភាព​បំផុត​សម្រាប់​យើង​ទាំង​អស់​គ្នា។ កម្ពុជា​សូម​គូស​បញ្ជាក់​ពី​សារៈសំខាន់ និង​ភាព​បន្ទាន់​នៃ​ការ​បែងចែក និង​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ប្រកប​ដោយ​សមធម៌ និង​ថ្លៃ​សមរម្យ ជាពិសេស​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍។ ជាមួយ​គ្នា​នេះ កម្ពុជា​សូម​អំពាវនាវ​ដល់​ប្រទេស​មួយ​ចំនួន​កុំ​ប្រមូល​ទិញ​វ៉ាក់សាំង​លើស​តម្រូវ​ការ​របស់​ខ្លួន និង​សូម​កុំ​ឱ្យ​មាន​ការ​ប្រើប្រាស់​វ៉ាក់សាំង​ជា​ឧបករណ៍​នយោបាយ»។

លោក​បញ្ជាក់​ថា កម្ពុជា​ជឿជាក់​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ និង​ការ​ស្តារ​ឡើង​វិញ​ក្រោយ​វិបត្តិ​ទាមទារ​ឱ្យ​ទាំង​អស់​គ្នា​ត្រូវ​ឆ្លើយ​តប​ជា​បន្ទាន់ និង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​សកល ដោយ​ឈរ​លើ​ស្មារតី​សាមគ្គីភាព​រួម​ទាំង​កិច្ច​សហការ និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក៕

អត្ថបទគួរចាប់អារម្មណ៍