ភ្នំពេញៈ លោក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជននៃអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃសុក្របានអំពាវនាវដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជនទាំងអស់ឲ្យសហការជាមួយកម្លាំងសមត្ថកិច្ចដើម្បីជួយការពារសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងពិធីបុណ្យអុំទូកនាខែវិច្ឆិកាខាងមុខនេះ។
លោក លឹម សុខារស្មី បានថ្លែងក្នុងពិធីបិទវគ្គបំប៉នជំនាញសន្ដិសុខលើកទី ២២ កាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ជាកម្លាំងជំនួយយ៉ាងសំខាន់ដល់កម្លាំងសមត្ថកិច្ចពេលមានពិធីបុណ្យជាតិសំខាន់ៗដែលមានពលរដ្ឋមកជួបជុំគ្នាច្រើន ព្រោះសន្ដិសុខឯកជនអាចសហការផ្ដល់ព័ត៌មានបានរហ័សទាន់ពេលវេលាពីទីតាំងដែលពួកគេបានឈរជើងទៅដល់កម្លាំងសមត្ថកិច្ច។
លោក សុខារស្មី បានថ្លែងថា៖ «ការអំពាវនាវដល់ក្រុមហ៊ុនសន្ដិសុខឯកជនឲ្យចូលរួមសហការនេះមិនមែនមានន័យថា សមត្ថកិច្ចមិនមានកម្លាំងគ្រប់គ្រាន់ក្នុងការរក្សាសន្ដិសុខជូនប្រជាពលរដ្ឋនោះទេ។ ប៉ុន្ដែកម្លាំងសន្ដិសុខឯកជនជាកម្លាំងមួយតែងតែចូលរួមសហការជាមួយសមត្ថកិច្ចនៅពេលមានពិធីបុណ្យធំៗមានមនុស្សរាប់លាននាក់មកលេងកម្សាន្ត។ ដូច្នេះសន្ដិសុខឯកជនគឺជាអ្នកដែលនៅជិតពលរដ្ឋជាងគេ»។
លោកថ្លែងថា សន្ដិសុខឯកជនជាកម្លាំងមួយដែលធ្លាប់បានទទួលការបណ្ដុះបណ្ដាលជំនាញ និងច្បាប់ពីសមត្ថកិច្ចជំនាញនៃនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ហើយមានទំនាក់ទំនងល្អជាមួយកម្លាំងសមត្ថកិច្ច ដូច្នេះនៅពេលឃើញមានបទល្មើសអ្វីកើតឡើងនឹងផ្ដល់ព័ត៌មានភ្លាមៗដើម្បីឲ្យសមត្ថកិច្ចចុះអន្តរាគមន៍។
លោកបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជនមានចំនួន ២៥១ ក្រុមហ៊ុន ដែលបានស្នើសុំចុះបញ្ជី និងប្រកបអាជីវកម្មផ្តល់សេវាសន្តិសុខទូទាំងប្រទេសមានចំនួនជាង ១ ម៉ឺននាក់។ ចំណែកសហគ្រាស គ្រឹះស្ថានដែលមានកម្លាំងសន្ដិសុខសម្រាប់បម្រើឲ្យសហគ្រាសដោយមិនផ្ដល់សេវាកម្មមានសន្ដិសុខជិត ២ ម៉ឺននាក់។
លោក ហេង ម៉េងហូ អគ្គនាយកក្រុមហ៊ុនសន្តិសុខលីប្រា ប្រាប់ភ្នំពេញ-ប៉ុស្ដិ៍កាលពីម្សិលមិញថានឹងចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់នាពេលបុណ្យអុំទូកខាងមុខនេះ។
លោកថ្លែងថា៖ «ក្រុមហ៊ុនសន្តិសុខលីប្រា រីករាយក្នុងការចូលរួមសហការ និងគាំទ្រដល់អំពើល្អសម្រាប់សង្គមជាតិយើង»។
លោក ម៉េងហូ បានឲ្យដឹងថា កន្លងមកក្រុមហ៊ុនបានចូលរួមបញ្ជូនកម្លាំងតបតាមការស្នើសុំពីខាងក្រសួងក្នុងពិធីបុណ្យធំៗ រួមមានបុណ្យអុំទូក ពិធីសម្ពោធវិមានឈ្នះៗ ជាដើមក្នុងការរួមចំណែកថែរក្សាសន្ដិសុខ សុវត្ថិភាពដល់សង្គមជាតិ។ ទៅអនាគតក្រុមហ៊ុនមានបំណងចង់ជួយដល់សមត្ថកិច្ចបន្ថែមទៀត ដោយផ្ដល់បច្ចេកវិទ្យាទំនើប Artificial intelligence (AI) ដើម្បីគ្រប់គ្រងសុវត្ថិភាពសាធារណៈផងដែរ៕