ភ្នំពេញៈ អគ្គស្នងការនគរបាលជាតិបានដាក់ចេញនូវវិធានការ ៦ ចំណុចដើម្បីធានានូវសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយជូនដល់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម និងកូរ៉េខាងមុខ ដោយបានណែនាំដល់កងកម្លាំងទាំងអស់ត្រូវក្ដាប់ឲ្យបាននូវសកម្មភាពបង្កអសន្តិសុខ ឬការញុះញង់នានាធ្វើឲ្យសង្គមមានចលាចល។
នៅថ្ងៃទី ២៤-២៧ ខែមករាឆ្នាំ ២០២០ ប្រជាជនកម្ពុជាមួយចំនួនក៏ដូចជាប្រជាជននៅលើពិភពលោកដែលជាប់សែស្រឡាយចិន និងវៀតណាមនឹងរៀបចំពិធីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម និងកូរ៉េដែលមានរយៈពេល ៣ ថ្ងៃនៅតាមគេហដ្ឋាន និងទីអារាម ព្រះវិហារ។ ដើម្បីធានានូវសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពសង្គមបានល្អប្រសើរជូនប្រជាពលរដ្ឋចូលរួមអបអរសាទរក្នុងឱកាសនេះ អគ្គស្នងការនគរបាលជាតិបានណែនាំដល់ប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋានអង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តត្រូវប្រមូលផ្ដុំយកចិត្តទុកដាក់ពង្រឹងនូវវិធានការធានាស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់សង្គមដោយផ្តោតលើការងារមួយចំនួន។
តាមសេចក្តីណែនាំរបស់ស្ថាប័ននេះបានដាក់ចេញវិធានការចំនួន ៦ ចំណុចដូចជា ទី ១ ត្រូវយកចិត្តទុកដាក់ប្រមូលព័ត៌មានពាក់ព័ន្ធសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ពិសេសក្ដាប់ឲ្យបាននូវឧបាយកល សកម្មភាពបង្កអសន្តិសុខ ឬការញុះញង់នានាធ្វើឲ្យសង្គមមានចលាចល។ ទី ២ ត្រូវចាត់វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមទីអារ៉ាម ព្រះវិហារចិន វៀតណាម កូរ៉េ ក៏ដូចជាទីសក្ការៈ និងរមណីយដ្ឋានមួយចំនួនដែលមានការប្រារព្ធពិធីបុណ្យផ្សេងៗ ដោយយកចិត្តទុកដាក់ បង្ការទប់ស្កាត់មិនឲ្យមានបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសសកម្មភាពបង្កការអុកឡុកដោយក្មេងទំនើង និងត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ។
ចំណែកទី ៣ អគ្គស្នងការបានបន្តថា ត្រូវយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ បង្ការភាពកកស្ទះ និងបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កលក្ខណៈឲ្យពលរដ្ឋធ្វើដំណើរទៅសួរសុខទុក្ខបងប្អូន ឬទៅកម្សាន្តតាមតំបន់រមណីយដ្ឋាននានាប្រព្រឹត្តទៅដោយក្តីសប្បាយរីករាយ និងសុវត្ថិភាព។
ចំពោះទី ៤ ត្រូវសហការជាមួយអាជ្ញាធរដែនដីរំឭកដាស់តឿនពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ជាពិសេសទៀនធូបនៅពេលសែនព្រេនភ្លើងចង្ក្រាន ចរន្តអគ្គិសនី គ្រឿងឆេះ ព្រមទាំងហាមឃាត់មិនឲ្យដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះផ្សេងៗ។ ជាមួយគ្នានោះត្រូវប្រមូលផ្តុំកម្លាំង និងមធ្យោបាយប្រចាំការ ដើម្បីត្រៀមចេញអន្តរាគមន៍ពន្លត់ និងសង្គ្រោះហេតុការណ៍អគ្គិភ័យដែលអាចកើតឡើងជាយថាហេតុ។
ចំពោះវិធានការទី ៥ និងទី ៦ អគ្គស្នងការបានបញ្ជាក់ថា៖ «ត្រូវពង្រឹងបន្ថែមការងារប្រចាំបញ្ជាគ្រប់ថ្នាក់ និងការងារផ្តល់ព័ត៌មានឲ្យបានឆាប់រហ័សដើម្បីដោះស្រាយសភាពការណ៍ដែលកើតមានឡើងជាយថាហេតុឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ត្រូវបូកសរុបសភាពការណ៍ និងលទ្ធផលនៃការអនុវត្តវិធានការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនចិន វៀតណាម និងកូរ៉េ ផ្ញើមកសេនាធិការដ្ឋាននៅថ្ងៃទី ២៨ មករា ឆ្នាំ ២០២០ ជាកំណត់»។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ជាទូទៅនៅតាមរាជធានីខេត្តទាំងអស់បានរៀបចំផែនការរបស់គេ រួចរាល់អស់ហើយ និងជារៀងរាល់ឆ្នាំ គេតែងតែរៀបចំរបៀបរៀបរយ និងការការពារសុវត្ថិភាពក្នុងពេលនោះ។
លោកបន្តថា កត្តាដែលគួរឲ្យយកចិត្តទុកដាក់បំផុតនោះក្នុងឱកាសបុណ្យនេះ គឺការកើតមានអគ្គិភ័យដែលជារៀងរាល់ឆ្នាំតែងតែមានការកើតឡើងជាញឹកញាប់។
លោកបន្តថា៖ «កន្លងទៅក្នុងឱកាសនោះ យើងមិនធ្លាប់មានអ្វីធំដុំនោះទេ ដោយយើងបានគ្រប់គ្រងស្ថានការណ៍បានល្អប្រសើរ។ ឆ្នាំនេះយើងបានរៀបកម្លាំង រៀបចំកន្លែងការពារ ជាពិសេសបង្ការអគ្គិភ័យរួចរាល់ ហើយជាថ្មីនេះយើងគ្រាន់តែកម្រិតបន្ថែមទៀត ដើម្បីឲ្យត្រៀមអន្តរាគមន៍ទៅតាមផែនការ»៕