ព្រះសីហនុៈ អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ ​លោក ​នេត្រ សាវឿន បាន​​សម្រេច​បញ្ជូន​​មន្ត្រី​នគរ​បាល​ជាន់​ខ្ពស់​ចំនួន ១១ រូប​ឲ្យ​ទៅ​ជួយ​ដឹក​នាំ​ពង្រឹង​ការ​ការ​ពារ​​សន្តិ​សុខ​ដល់​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ​ ខណៈ​ដែល​ប្រជា​ពល​រដ្ឋ​និង​សង្គម​ស៊ី​វិល​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ ចំពោះ​កំណើន​យ៉ាង​ច្រើន​នៃ​ជន​ជាតិ​ចិន ហើយ​តែង​តែ​បង្ក​ឲ្យ​មាន​បទ​ល្មើស​​ជាច្រើន​កើត​ឡើង​នៅ​ក្នុង​​ខេត្ត​ទេស​ចរណ៍​ដ៏​ល្បី​ល្បាញ​ជាប់​មាត់​សមុទ្រ​មួយ​នេះ​។

បើ​តាម​លិខិត​បង្គាប់​ការ ដែល​ចុះ​ហត្ថ​លេខា​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គ​ស្នង​ការ​នគរបាល​ជាតិ ចុះ​ថ្ងៃ​ទី ៣១ ខែសីហា ឆ្នាំ​ ២០១៨ បាន​សម្រេច​ចាត់​បញ្ជូន​ក្រុម​ការ​ងារ ចំនួន​ ១១ ​រូប ក្នុង​នោះ​មាន​​លោក​នាយ​ឧត្តម​សេនីយ៍ ថោង លីម អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ ជា​ប្រធាន និង​ឧត្តម​សេនីយ៍​ចំនួន ៩ រូប​ និង​វរសេនីយ៍​ចំនួន​មួយ​រូប ដែល​មាន​តួនាទី​ជា​អនុប្រធាន​និង​សមា​ជិក​«ដើម្បី​ចុះ​ជួយ​ដឹក​នាំ ពង្រឹង​ការ​ងារ​សន្តិ​សុខ សណ្តាប់​ធ្នាប់ និង​របៀប​រៀប​រយ​សង្គម នៅ​ខេត្ត​ព្រះ​សីហនុ»។

លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ ​អគ្គស្នង​ការនគបាល​ជាតិ​ បាន​ថ្លែង​ប្រាប់​ភ្នំពេញ​បុស្ដិ៍​ កាល​ពី​ម្សិល​មិញ​ថា ការ​ដែល​អគ្គ​ស្នង​ការ​នគរបាល​ជាតិ បញ្ជូន​​កង​កម្លាំង​ជំនាញ​ទៅ​បន្ថែម​នេះ ព្រោះ​ក្នុង​រយៈកាល​ចុង​ក្រោយ​នេះ វិនិយោគិន​បរទេស ​បាន​សម្រុក​ទៅ​វិនិយោគ យ៉ាង​គំហុក ​នៅ​ខេត្ដ​ព្រះ​សីហនុ។

លោក​ថ្លែង​ថា៖«ពេល​មាន​ការ​វិនិយោគបរទេស​ធំៗច្រើន​អ៊ី​ចឹង គឺយើង​ត្រូវ​ការពារ​សន្ដិសុខឲ្យគេ ដើម្បី​ឲ្យគេ​ឃើញ​ថា ស្រុក​យើង​​ សុខ​សប្បាយ​ល្អ​ចឹង​ ដើម្បី​ឲ្យ​អ្នក​វិនិយោគ គេបន្ដ​មក​ច្រើន​ថែម​ទៀត​»។

បើតាម​លោក ​ច័ន្ទថា​រិទ្ធ នៅខេត្ដ​ព្រះ​សីហនុនាពេល​បច្ចុប្បន្ន ​មិនមែន​មាន​តែ​ជនជាតិចិន ដូច​​ការ​លើក​ឡើង​មួយ​ចំនួន​​នោះ​ទេ ក្នុង​នោះ​ក៏មាន​វិនិយោគិន ​កូរ៉េ និង​ម៉ាឡេស៊ី ​ជា​ច្រើន​ផងដែរ​។

លោក​បន្ថែម​ថា៖«​ចិន​គឺមក​ច្រើន​ហើយ តែ​កូរ៉េ ខាង​ម៉ាឡេ​ អីក៏គាត់​មកដែរ តែ​គ្នា​យើង គាត់​មើល​ឃើញ​តែ​ខាង​ចិន​។ ប៉ុន្ដែ​តាម​ពិត​ចំពោះការ​រកស៊ី ចិន​គាត់​ច្រើន​ជាង​គេ គាត់​ធ្វើអ្វី​លឿន​ជាង​គេ​»។

​បញ្ជាក់​ថា​ ការ​បញ្ចូន​ក្រុមការងារ​ជំនាញ​ចុះទៅ​បន្ថែមនេះ មិនមែន​ជាហេតុ​ការ​មិន​ល្អ​ទេ ហើយ​ក្នុង​ខេត្ដ​ព្រះ​សីហនុ មកដល់ពេលនេះ មិនមាន​ហេតុ​ការណ៍​មិន​ល្អ​ណា​មួយ​កើត​ឡើង​នោះ​ទេ​ គ្រាន់​តែមាន​ការ​ខុស​ឆ្គងខ្លះ ​ដែល​មិន​អាច​ចៀសផុត​»។

លោក ស្រី ជាប សុធារី មន្រ្ដី​សម្រប​សម្រួល​សមាគម​អាដ​ហុក (Adhoc) ប្រចាំ​ខេត្ដ​ព្រះសីហនុ​ បាន​ឲ្យ​ដឹង​ថា នៅ​ខេត្ដ​ព្រះសីហនុ បច្ចុប្បន្ន​ មាន​ករណី​កើត​ឡើង​មិនដាច់​ទេ គ្រាន់​តែ​មិន​សូវ​មាន​អ្វីធំ​ដុំ​ ជា​ករណី​ដដែល​ៗ ពិសេស​ករណី​ជម្លោះ​ជនជាតិ​ចិន និង​ជន​ជាតិ​ចិន​​​។

លោក​ស្រី​ថ្លែង​ថា​៖«បញ្ហាបទល្មើស​មាន​រាល់ថ្ងៃ ប៉ុន្ដែ​បើចង់​បាន​ព័ត៌មាន​លម្អិត​ទាក់​ទង​រឿង​ហ្នឹង​ ទាល់តែ​សួរទៅស្នងការ​ខេត្ត​។ មុននេះ​ (ល្ងាច​ថ្ងៃ​ព្រហស្បត៍) ខ្ញុំ​ទើប​មកពី​សង្កាត់​លេខ​ ៤ ចង់​ទៅសួរ​រឿង​ថ្ងៃមុន ដែល​មាន​ជនជាតិចិន​ទៅអុកឡុក​កន្លែង​ម៉ាស្សា​មួយ​កន្លែង​។ ទៅ​ដល់​ទីនោះ គឺមិន​បាន​ជួប​ប៉ូលិស​អីម្នាក់​សោះ។ ពេលសួរ​ទៅ​ ទើប​ដឹង​​ថា​ មាន​ករណី​មនុស្ស​ស្លាប់​នៅ​ម្ដុំ​តោពីរ ហើយ​ប៉ូលិស​ទៅ​ទីនោះ​អស់​»។

លោស្រី​បន្ថែមថា​៖«ឥឡូវ​ប៉ូលិស​នៅ​ប្រចាំ​ការ ២៤​ម៉ោង ​ប្ដូរវេន​គ្នា​ប្រចាំការ ព្រោះមិនអាច​អត់​មាន​អ្នក​ប្រចាំការ​បាន​ទេ ​ព្រោះ​មាន​ករណី​កើត​ឡើង​រហូត​។ ប៉ុន្ដែ​ឥឡូវ​យើង​បាន​ក្រុម​ការងារ ​ប្រជាការពារភូមិ គាត់​បាន​ចុះជួយ​ការងារ​នេះខ្លះ។ តែ​យើង​នៅតែ​ព្រួ​យបារម្ភ ព្រោះ​ជនជាតិ​ចិន​មាន​ច្រើន​ឡើងៗ យើង​មិន​ដឹង​ជាគោល​នយោ​បាយ​របស់​រាជ​រដ្ឋាភិបាល​យ៉ាង​ម៉េច​ទេ តែការ​ព្រួយបារម្ភនេះ ព្រោះយើង​ជា​ជន​ជាតិ​​ខ្មែរ​ម្នាក់​​»។

បើ​តាម​លោក ស្រី សុធារី ​ប្រជាការ​ពារ​ភូមិ ​គឺជាប្រជា​ពលរដ្ឋ​ធ្វើការងារ​ស្ម័គ្រចិត្ដ ដែល​មាន​គ្នា​​ប្រលែល ​៤០​នាក់ ​ដោយ​​បែង​ចែកគ្នា ​ឃ្លាំ​មើល​ទៅ​តាម​សង្កាត់​ផ្សេងៗ​គ្នា ក្នុង​ក្រុង​កំពង់​សោម​។

លោក រ៉ា ម៉ន ​ប្រជា​ពលរដ្ឋ រស់នៅ​ក្នុង​សង្កាត់ លេខ៤ នៃក្រុង​កំពង់​សោម បាន​លើក​ឡើង​ថា​ បច្ចុប្បន្ន ​គ្រប់​កន្លែង​នៅ​ក្រុង​ជាប់​មាត់​សមុទ្រ​មួយ​នេះ​ គឺ​ពោរ​ពេញ​ទៅ​ដោយ​ជន​ជាតិ​ចិន។

លោក​ថ្លែង​ថា៖«មិន​មែន​មាន​តែជន​ជាតិ​ចិន​ចុះមក​វិនិយោគ​ទេ សូម្បី​តែ​អ្នក​រកស៊ី​ធម្មតា បើក​ហាង និង​កម្មករ​សំណង់ ក៏​សុទ្ធ​តែ​ជន​ជាតិ​ចិន​ដែរ។ ខ្មែរ​យើង​ បើ​មាន​ល្មម មិន​បាច់​ទៅ​រក​ស៊ីអី​ទេ នៅ​កំពង់​សោម​នោះ​»៕