
នគរបាលកំពុងធ្វើចរាចរណ៍ នៅតាមផ្លូវព្រះនរោត្តម ក្នុងរាជធានីភ្នំពេញកន្លងមក។ ហុង មិនា
ភ្នំពេញៈ ខណៈដែលគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សជាមធ្យមប្រមាណពី ៥ ទៅ ៦ នាក់ ក្នុង ១ ថ្ងៃអគ្គស្នងការនគរបាលជាតិ បានស្នើទៅក្រសួងអប់រំ យុវជននិងកីឡាឲ្យដាក់បញ្ចូលមុខវិជ្ជាច្បាប់ចរាចរណ៍ក្នុងកម្មវិធីសិក្សាសម្រាប់សិស្ស ចាប់ពីថ្នាក់បឋមដល់ថ្នាក់វិទ្យាល័យ។
បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញផ្សាយកាលពីថ្ងៃទី ២០ មីនា ឆ្នាំ ២០១៩ ក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០១៩ នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៦៩៣ លើក បណ្ដាលឲ្យស្លាប់មនុស្ស ៣១០ នាក់និងរបួស ១ ០៧៧ នាក់ក្នុងនោះចំនួន ៥២ នាក់ ខេត្តកណ្តាល ២៧ នាក់ និងខេត្តកំពង់ស្ពឺមានអ្នកស្លាប់ ២១ នាក់។
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ កាលពីម្សិលមិញថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជារឿងសំខាន់ណាស់ ដែលត្រូវរួមគ្នាដោះស្រាយ ហើយប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា។ លោកថា ការបន្ថែមម៉ោងសិក្សា លើមុខវិជ្ជា ច្បាប់ចរាចរណ៍ និងការបញ្រ្ជាបចំណេះដឹងពីសុវត្ថិភាពចរាចរណ៍ក្នុងកម្មវិធីសិក្សាគឺជារឿងសំខាន់ ព្រោះបច្ចុប្បន្ន ការសិក្សាមុខវិជ្ជានេះ ក្នុងកម្មវិធីសិក្សានៅមានតិចតួចនៅឡើយ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកពីសប្ដាហ៍មុននៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូនលោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអចិន្រៃ្តយ៍អនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានស្នើឲ្យក្រសួងអប់រំ ដាក់បន្ថែមម៉ោងលើមុខវិជ្ជាច្បាប់ចរាចរណ៍បញ្ចូលក្នុងកម្មវិធីសិក្សាដល់សិស្ស ដោយកន្លងមក ការសិក្សាលើមុខវិជ្ជានេះ គឺមានតែ ១៥ ម៉ោង ក្នុងមួយឆ្នាំ ហើយឥឡូវ ស្នើដាក់បន្ថែមឲ្យដល់ ៣០ ម៉ោងក្នុង ១ ឆ្នាំ។
លោកថ្លែងថា៖ «យើងសូមសំណូមពរជូនគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកដើម្បីដាក់ជូនក្រសួងអប់រំលោកពិចារណាបន្ថែម។ បញ្ហាច្បាប់ចរាចរណ៍នេះ បទពិសោធ យើងមើលឃើញស្រុកគេ មិនចាំបាច់ថ្នាក់ធំទេគេបានបញ្ជ្រាបតាំងពីនៅថ្នាក់មត្តេយ្យសិក្សារហូតមក តាមរយៈសម្ភារសិក្សាផ្សេងៗឲ្យសិស្សអាចស្វែងយល់ពី គំនូសសញ្ញាចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍ជាដើម»។
លោកថា៖ «យើងមើលដូចជាគេធ្វើឡានជ័រ ធ្វើរូបតុក្កតា សុទ្ធតែមានន័យមួយ ដែលណែនាំសិស្សឲ្យយល់ពីច្បាប់ ឲ្យក្មេងៗយល់ពីចំណេះដឹងចរាចរណ៍ ប្រភេទភ្លើងស្ដុប ដែលនេះសុទ្ធតែជារូបមន្ដមួយបញ្ច្រៀបឲ្យសិស្ស ឆាប់យល់ជាជាងឲ្យពួកគាត់អានច្បាប់ចរាចរណ៍ទាំងស្រុងតែម្ដង វាពិបាកយល់ណាស់។
លោក នេត សាវឿន បានលើកឡើងដែរថា លោកក៏បានសំណូមពរឲ្យក្រសួងអប់រំពិចារណាដាក់មុខវិជ្ជាច្បាប់ចរាចរណ៍នេះ នៅក្នុងវិញ្ញាសាប្រឡង ឬសម្រាប់សរសេរសារណា ដើម្បីអាចឲ្យសិស្សធ្វើការសិក្សាស្រាវជ្រាវរឹតតែស៊ីជម្រៅថែមទៀត។
លោកបញ្ជាក់ថា៖ «រឿងចរាចរណ៍នេះ សំខាន់ណាស់ ទាល់តែអ្នកទាំងអស់គ្នាជួយគ្នា បានយើងទៅរួច។ រឿងនេះយើងនឹងនិយាយនៅក្នុងគណៈកម្មការសុវត្ថិភាពចរាចរណ៍ ហើយយើងនឹងសំណូមពរទៅក្រសួងអប់រំ ដើម្បីឲ្យលោកពិចារណាបន្ថែមថាតើអាចដាក់បន្ថែមបានប៉ុន្មាន (បន្ថែមមុខវិជ្ជាច្បាប់ចរាចរណ៍)»។
បើតាមលោក ហ៊ឹម យ៉ាន ស្ថានភាពចរាចរណ៍ គឺមានការប្រែប្រួលខ្លាំងក្នុងឆ្នាំ ២០១៩ នេះដោយសារតែកំណើនយានយន្ដ បានកើនឡើងរហូតដល់ ៣០,៨ ភាគរយ ដែលធ្វើឲ្យមានភាពមមាញឹកតាមដងផ្លូវ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ភាគច្រើននៅតាមផ្លូវជាតិលេខ ៤ លេខ ៦ និងផ្លូវជាតិលេខ ៥។
ជាមួយគ្នានេះ លោក យ៉ាន ក៏បានស្នើដល់ក្រសួងសាធារណការនិងដឹកជញ្ជូនឲ្យបង្កើនការដាក់បដា អប់រំផ្សព្វផ្សាយ នៅតាមដងផ្លូវនានានៅគ្រប់រាជធានី-ខេត្ដ ដោយត្រូវជំរុញបង្កើនឲ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត នៅតាមចំណុចសំខាន់ៗ ក្នុងភូមិសាស្ដ្ររាជធានី-ខេត្ដនីមួយៗ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួង អប់រំ បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា៖ «ក្រុមការងារបច្ចេកទេស របស់ក្រសួង អប់រំ យុវជន និងកីឡា កំពុងតែពិនិត្យសិក្សាទៅលើការងារនេះ»។
អ្នកស្រី លឹម សុខជា ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានសាទរចំពោះសំណូមពររបស់អគ្គស្នងការនគរបាលជាតិនេះ។
អ្នកស្រីបានថ្លែងកាលពីម្សិលមិញថា៖ «ខ្ញុំពិតជាសប្បាយចិត្ដណាស់ ដែលបានដឹងថា មានការស្នើបែបនេះ ព្រោះកន្លងមកការសិក្សាពីរឿងចរាចរណ៍នេះ នៅក្នុងកម្មវិធីសិក្សាក្រសួងអប់រំ មិនទាន់បានដាក់បញ្ចូលក្នុងកម្មវិធីសិក្សារបស់ជាតិនៅឡើយទេ គឺបានត្រឹមយកទៅដាក់ក្នុងម៉ោងសិក្សាអំពីបំណិនជីវិត ដែលម៉ោងសិក្សានេះ គឺជាម៉ោងបន្ថែម របស់សិស្សប៉ុណ្ណោះ»៕