ភ្នំពេញ: លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ដាក់​បទបញ្ជា​បន្ទាន់​ដល់​នគរបាល​ក្នុង​គោលដៅ​នានា​ក្នុង​រាជធានី​ភ្នំពេញ បញ្ឈប់​ជា​បណ្ដោះ​អាសន្ន​ចំពោះ​ការអនុវត្ត​ច្បាប់​ផាក​ពិន័យ​បទល្មើស​ច្បាប់​ចរាចរណ៍​ និង​ផ្អាក​ការពិនិត្យ​ជាតិ​អាល់កុល​នៅ​​ពេល​យប់​ដោយ​បង្វែរ​ភារកិច្ច​មក​សម្រួល​ចរាចរណ៍ កាត់​បន្ថយ​ការកកស្ទះ​ប្រមូល​ផ្ដុំ​គ្នាច្រើន​ ខណៈ​មេរោគ​កូវីដ​១៩​កំពុង​រាតត្បាត​ចូល​ក្នុង​សហគមន៍​ចាប់​តាំងពី​ព្រឹត្ដិការណ៍​ «សហគមន៍​ ២៨​វិច្ឆិកា»​។​ ​

ការបង្វែរ​ភារកិច្ច​នេះ​ត្រូវ​បាន​បិទបញ្ចប់​នៅ​ពេល​មាន​ការណែនាំ​ជាថ្មី​ពី​មេដឹកនាំ​។

យោង​តាម​សារ​សំឡេង​របស់​លោក ស ថេត អគ្គស្នងការរង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​ ១ ខែ​ធ្នូ​បាន​ឱ្យ​ដឹង​ថា លោក នេត សាវឿន បាន​ណែនាំ​ក្នុង​រយៈពេល​ ១៥ ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី ១ ​រហូត​ដល់​ថ្ងៃទី​ ១៥ ​ខែ​ធ្នូ​នេះ​ស្នើឱ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ធ្វើការ​ផ្អាក​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​កំពុង​អនុវត្ត​ទៅ​តាម​អនុក្រឹត្យ​លេខ​ ៣៩ ​ជា​បណ្ដោះអាសន្ន។ ​បន្ទាប់មក​នៅ​ថ្ងៃទី​ ១៦ ​​ខែ​ធ្នូ​ថ្នាក់ដឹកនាំ​នឹង​ពិចារណា​ឡើង​វិញ​ចំពោះ​ការបន្ត​អនុវត្ត​ច្បាប់​ចរាចរណ៍​។

លោក ស ថេត បញ្ជាក់​ទៀត​ថា ​ថ្នាក់ដឹកនាំ​ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​ដែល​ទទួល​បន្ទុក​នៅ​ក្នុង​​ខណ្ឌ​នីមួយៗ ត្រូវ​តែ​ធ្វើការ​ណែនាំ​តាម​គោលដៅ​រៀងៗ​ខ្លួន​ចាប់ពី​ថ្ងៃទី ១ ​ធ្នូ​។

លោក ជឹម ស៊ីថា អធិការ​នគរបាល​ខណ្ឌ​ដង្កោ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ​លោក​បាន​ទទួល​បទបញ្ជា​របស់​ថ្នាក់​លើ​រួច​រាល់​ហើយ ដោយ​ក្រុម​ការងារ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​ទាំងអស់​នឹង​គោរព​​។

លោក អធិការ​នគរបាល​ខណ្ឌ​ដដែល​នេះ​បាន​ថ្លែង​បញ្ជាក់​ថា​៖​ «​យើង​បាន​ទទួល​បញ្ជា​ហ្នឹង​ហើយ ​ខ្ញុំ​អត់​មាន​មតិ​អ្វី​ទេ​ គឺ​យើង​គោរព​តាម​អនុសាសន៍​របស់​ថ្នាក់​ដឹកនាំ​យើង​»​៕