ភ្នំពេញៈ អគ្គស្នងការនគរបាលជាតិលោក នេត សាវឿន បានបញ្ជាឲ្យមន្ត្រីនគរបាលពង្រឹងសមត្ថភាពបម្រើសេវាជូនពលរដ្ឋតាមរយៈការកែប្រែឥរិយាបថធ្វើការងារតាមមូលដ្ឋានដើម្បីទទួលបានការដំឡើងឋានន្តរស័ក្តិ និងប័ណ្ណសរសើរ។
ការប្រកាសបញ្ជានេះធ្វើឡើងកាលពីថ្ងៃទី ២៨ ខែកញ្ញា នៅខេត្តកំពតក្នុងពិធីប្រកាសតែងតាំងលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតថ្មីថ្នាក់ឧត្តមសេនីយ៍ត្រីចំណែកលោក ថ្លាង ភិរិន ស្នងការចាស់ត្រូវទៅបំពេញការងារថ្មីក្នុងតួនាទីជាអនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់សាធារណៈរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
បើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិក្នុងពិធីតែងតាំងនោះលោក នេត សាវឿន បានប្រកាសឲ្យប៉ុស្តិ៍រដ្ឋបាលនគរបាលទាំងអស់ធ្វើការកែប្រែឥរិយាបថខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរហើយការកែប្រែនេះទៀតសោតគឺធ្វើឡើងតាមរយៈការប្រឡងប្រជែងអនុវត្តការងារនៅតាមមូលដ្ឋាន។
លោកថា៖ «ប៉ុស្តិ៍នគរបាលត្រូវកែអាកប្បកិរិយារបស់ខ្លួនត្រូវធ្វើល្អ ផ្តល់ទំនុកចិត្តល្អ ការពារសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋជាមួយនឹងភ្ញៀវទេសចរពិសេសកាត់បន្ថយការព្រួយបារម្ភរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដូចជា បទល្មើសចោរប្លន់ ល្បែងស៊ីសង បទល្មើសគ្រឿងញៀន និងបទល្មើសចរាចរណ៍ជាដើម»។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ ដែលទើបទទួលតំណែងថ្មីជាស្នងការខេត្តកំពតបានឲ្យដឹងថា ការបញ្ជាកែប្រែឥរិយាបថការងារនេះគឺដោយសារថ្នាក់ដឹកនាំស្ថាប័ននេះទទួលស្គាល់នូវកំហុសឆ្គងរបស់មន្រ្តីនគរបាលមួយចំនួនកន្លងមកដែលបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋមានភាពយឺតយ៉ាវមិនបានបែងចែកការងារបម្រើរដ្ឋ និងការងារផ្ទាល់ខ្លួន។
លោកថា៖ «នៅទីណាក៏មានបញ្ហានេះដែរទើបឯកឧត្តមអគ្គ (នេត សាវឿន) ប្រកាសពង្រឹងរឿងនេះ។ មន្រ្តីនគរបាលត្រូវស្វាគមន៍រីករាយរាក់ទាក់នៅពេលដែលពលរដ្ឋស្នើសុំឲ្យជួយ»។
តំណាងបណ្តាញគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជាលោក សន ជ័យ បានហៅយន្តការនេះជាផ្នែកមួយនៃការលើកទឹកចិត្តដើម្បីកែប្រែឥរិយាបថមិនសមរម្យរបស់នគរបាល។
លោកថា៖ «តាមបទពិសោធការអនុវត្តច្បាប់របស់មន្ត្រីនគរបាលត្រូវបានពលរដ្ឋរិះគន់ច្រើនធ្វើការមិនបានល្អមិនស្តាប់យោបល់ពលរដ្ឋប្រើអំណាចហួសហេតុការផ្តល់សេវាសាធារណៈទារលុយហើយក្នុងនោះមន្ត្រីគ្នាឯងក៏រិះគន់គ្នាទៅវិញទៅមកដែរ»។
លោកជ័យបាននិយាយថាការដំឡើងឋានន្តរស័ក្តិដល់នគរបាលគប្បីផ្អែកលើសមត្ថភាពបុគ្គលចំណេះដឹង សីលធម៌ វិជ្ជាជីវៈ ស្នាដៃការងារ។ «ការចូលបម្រើការងាររបស់មន្ត្រីនគរបាលតាមខ្សែ តាមរយៈការសូកប៉ាន់គប្បីត្រូវបញ្ឈប់ព្រោះបែបនេះអ្នកទាំងនោះគិតតែពីស្រង់ដើមចំពោះថ្លៃសូកប៉ាន់មិនគិតបម្រើប្រជាពលរដ្ឋក្នុងតួនាទីរបស់ខ្លួននោះទេ»៕