ភ្នំពេញៈ មន្ដ្រីនគរបាលពាក់ស័ក្ដិ ៣ ឈ្មោះ ហេង ហាប់ ដែលលួច iPad ពលរដ្ឋ ត្រូវបានលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពីម្សិលមិញបានបញ្ជាឲ្យសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ខណៈផ្ទុះការរិះគន់ជាបន្ដបន្ទាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុក។
លោក នេត សាវឿន ប្រាប់ភ្នំពេញប៉ុស្ដិ៍ ពីម្សិលមិញថា លោកបានបញ្ជាឲ្យសមត្ថកិច្ចជំនាញកសាងសំណុំរឿងមន្ដ្រីនគរបាលពាក់ស័ក្ដិ ៣ ដែលបានលួច iPad របស់ពលរដ្ឋនៅហាងវីង (Wing) មួយកន្លែង ទៅសាលាដំបូងរាជធានីភ្នំពេញរួចហើយ នារសៀលថ្ងៃទី ៣ មិថុនា ឆ្នាំ ២០១៩ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
លោកបញ្ជាក់ថា៖ «បន្ទាប់ពីយើងបានសាកសួរបានមួយជំហាន ឥឡូវយើងបញ្ជូនឲ្យតុលាការគេសួរមួយជំហានទៀត។ យើងបញ្ជូនតែសំណុំរឿងទៅសិនទេ បើមានបទបញ្ជាពីតុលាការយ៉ាងណា គឺយើងធ្វើតាមហ្នឹងទៀត»។
លោក អីុ រិន្ទ និងលោក សួស វិទ្យារ៉ាន់ឌី អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ពីម្សិលមិញបានបដិសេធការធ្វើអត្ថាធិប្បាយជុំវិញករណីនេះ ដោយលោកទាំង ២ បានបង្វែរសំណួរទៅលោក លី សុផាណា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញវិញ ដែលលោកក៏មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមបានដែរ។
លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក ថ្លែងពីម្សិលមិញថា មន្ដ្រីនគរបាលពាក់ស័ក្ដិ ៣ ដែលរងការចោទប្រកាន់ថា ច្រឡំដៃលួច iPad ពលរដ្ឋនោះ ពិតជាបានចូលសារភាពនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកមែន ប៉ុន្ដែមន្ត្រីនគរបាលនោះបានសហការជាមួយក្រសួងមហាផ្ទៃ ដោយពួកគាត់ជាអ្នករៀបចំរបាយការណ៍ ហើយថា លោកមិនបានដឹងរឿងនេះច្បាស់ទេ។
លោកបញ្ជាក់ថា៖ «ប៉ុន្ដែខ្ញុំដឹងរឿងមិនច្បាស់ទេ គឺមន្ត្រីជំនាញខាងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ គាត់មកធ្វើការងារនេះ»។
លោក ង៉េង ជួរ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ពីម្សិលមិញបដិសេធធ្វើអត្ថាធិប្បាយលើករណីនេះ ដោយអះអាងថា លោកកំពុងជាប់រវល់ប្រជុំ មិនអាចនិយាយទូរស័ព្ទបានទេ។
តាមសារព័ត៌មាន Fresh News ចុះផ្សាយថ្ងៃទី ៣០ ឧសភា ថា មន្ដ្រីនគរបាលពាក់ស័ក្ដិ ៣ នេះឈ្មោះ ហេង ហាប់ អាយុ ២៤ ឆ្នាំ បម្រើការងារនៅនាយកដ្ឋានការពារព្រំដែនទឹក ដោយត្រូវបានមន្ត្រីជំនាញនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយសារភាពថា ច្រឡំដៃយក iPad ព្រមទាំងធ្វើកិច្ចសន្យា និងមានអ្នកធានាត្រឹមត្រូវ។
ក្រោយពីវីដេអូខ្លីមួយបង្ហាញពីសកម្មភាពមន្ត្រីនគរបាលបន្លំលួចយក iPad ១ គ្រឿង នៅលើបណ្ដាញសង្គមហ្វេសប៊ុក ខណៈមន្ត្រីរូបនោះចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ «រស្មី សាមគ្គី» ស្ថិតនៅខណ្ឌទួលគោក ស្រាប់តែផ្ទុះការរិះគន់យ៉ាងខ្លាំង នៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៩ នេះ ទើបជនស្ស័យរូបនេះ ចូលសារភាពកំហុស និងយក iPad ប្រគល់ឲ្យម្ចាស់វិញ៕