
មន្ត្រីនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងពិធីបិទវគ្គបណ្តុះបណ្តាលភ្នាក់ងារសន្តិសុខឯកជន។ នគរបាល
ភ្នំពេញៈ លោក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ឲ្យបណ្ដាម្ចាស់ក្លិបកម្សាន្ដ ខារ៉ាអូខេ និងកន្លែងកម្សាន្ដផ្សេងៗ បង្កើនការប្រើប្រាស់ភ្នាក់ងារសន្ដិសុខឯកជន ក្នុងការការពារសន្ដិសុខសណ្ដាប់ធ្នាប់នៅកន្លែងប្រកបអាជីវកម្មរបស់ខ្លួន ដោយមិនត្រូវប្រើប្រាស់កម្លាំងសមត្ថកិច្ចទេ ព្រោះខុសពីការកំណត់ដោយច្បាប់។
លោក លឹម សុខារស្មី បានថ្លែងក្នុងពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន កាលពីថ្ងៃចន្ទដែលមានសិក្ខាកាមជាភ្នាក់ងារសន្ដិសុខឯកជនប្រមាណ ២០០ នាក់ បានចូលរួមថា៖ «នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន សូមអំពាវនាវដល់បណ្ដាគ្រឹះស្ថាន កម្សាន្ដសប្បាយទាំងអស់ជាពិសេសក្លិបកម្សាន្ដ ខារ៉ាអូខេ និងកាស៊ីណូ មិនត្រូវប្រើប្រាស់កងកម្លាំងប្រដាប់អាវុធឡើយ ដោយត្រូវជ្រើសយកភា្នក់ងារសន្ដិសុខឯកជន មកការពារកន្លែងរបស់ខ្លួនព្រោះភ្នាក់ងារសន្ដិសុខឯកជនទាំងនោះ មានការបំពាក់បំប៉នជំនាញ សមត្ថភាពវិជ្ជាជីវៈត្រឹមត្រូវស្របតាមច្បាប់»។
លោកបន្ថែមថា អគ្គស្នងការដ្ឋាននគរបាលជាតិ មាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ជាសេនាធិការ តែងតែយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងគាំពារធ្វើយ៉ាងណាឲ្យវិស័យសន្ដិសុខឯកជននេះ មានការរីកចម្រើន និងប្រកបដោយស្ថិរភាព។
លោក សុខារស្មី បានរំឭកថា ការបន្ដណែនាំនេះ គឺស្របតាមប្រសាសន៍របស់លោកស ខេង ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលធ្លាប់បានណែនាំកាលពីនៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ កន្លងទៅ ដោយបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដោយហាមដាច់ខាត មិនអនុញ្ញាតឲ្យមានការយកកងកម្លាំងសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ទៅការពារនៅកន្លែងកម្សាន្ដ ពិសេសក្លិប ខារ៉ាអូខេ និងកាស៊ីណូជាដើម។
លោកបន្ថែមថា វិស័យសន្តិសុខឯកជន ក៏ជាវិស័យដ៏សំខាន់មួយ ដែលត្រូវចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏ដូចជាការពារផលប្រយោជន៍ជាតិ និងការអភិវឌ្ឍប្រទេសជាតិ ព្រោះភ្នាក់ងារសន្តិសុខ ជាកម្លាំងជំនួយក្នុងការជួយឃាត់ជនល្មើស ដោយបានរាយការណ៍ភ្លាមៗដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្រគល់ជននោះឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។
ក្នុងពិធីប្រកាសឲ្យចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ កន្លងទៅ លោក ស ខេង ថ្លែងថា៖ «កម្លាំងសមត្ថកិច្ចរបស់យើង ជាមន្ដ្រីរាជការទាំងស៊ីវិល ទាំងកងទ័ព ទាំងនគរបាល ទាំងកងរាជអាវុធហត្ថ អ៊ីចឹងអ្នកគ្រប់គ្រងសុំឲ្យមើល កុំចាត់តាំងកម្លាំងរបស់ខ្លួនទៅយាមខារ៉ាអូខេ»។
លោកក៏បានលើកទឹកចិត្តឲ្យតាមបណ្ដាក្លិបកម្សាន្ដ ខារ៉ាអូខេ ឬកន្លែងសប្បាយទាំងអស់គួរតែប្រើប្រាស់ភ្នាក់ងារសន្ដិសុខឯកជនឲ្យបានច្រើន ខណៈដែលបច្ចុប្បន្នភា្នក់ងារសន្ដិសុខឯកជន ក៏ទទួលបានការបណ្ដុះបណ្ដាល ពីអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ។
គួរបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិមាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ជាសេនាធិការ បានបើកវគ្គបណ្ដុះបណ្ដាលជាបន្ដបន្ទាប់ ដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ដែលកំពុងបម្រើសេវានៅក្នុងប្រទេស កម្ពុជា ដើម្បីលើកកម្ពស់វិស័យសន្ដិសុខឯកជនឲ្យកាន់តែមានប្រសិទ្ធភាព ដោយមានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច៕