ភ្នំពេញ: អគ្គស្នងការរងនគរបាលជាតិលោក ហ៊ឹម យ៉ាន បានជំរុញឲ្យអនុវត្តផែនការសកម្មភាព បង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើ លួច ឆក់ ក្នុងរាជធានីភ្នំពេញ ឲ្យធ្លាក់មកនៅកម្រិតទាបបំផុត ដើម្បីចូលរួមកាត់បន្ថយបទល្មើសព្រហ្មទណ្ឌ ជាពិសេស លោកបានលើកទឹកចិត្តដល់កម្លាំងដែលមានភារកិច្ចអនុវត្តផែនការនេះឲ្យបានម៉ឺងម៉ាត់បំផុត។
ការថ្លែងរបស់លោក ហ៊ឹម យ៉ាន បែបនេះ បានធ្វើឡើង កាលពីថ្ងៃ ៩ មីនា នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបង្ការ និងទប់ស្កាត់បទល្មើសលួចឆក់ក្នុងរាជធានីភ្នំពេញប្រចាំខែ កុម្ភៈ និងទិសដៅការងារប្រចាំខែ មីនា ឆ្នាំ ២០២០ ដោយលោកបានជំរុញ និងលើកទឹកចិត្តដល់គណៈបញ្ជាការដឹកនាំអនុវត្តផែនការនេះ។
លោកបានបន្តថា មន្ត្រីនគរបាល ត្រូវពង្រឹងយន្តការ បញ្ជាដឹកនាំកិច្ចសហការគ្រប់ថ្នាក់ ដើម្បីបង្កើនប្រសិទ្ធភាព បង្ការ បង្ក្រាបបទល្មើស លួច ឆក់ ឲ្យស្ថិតក្នុងកម្រិតទាបបំផុតក្នុងការចូលរួមកាត់បន្ថយបទល្មើសព្រហ្មទណ្ឌឲ្យបានថយចុះ។
លោក ហ៊ឹម យ៉ាន បញ្ជាក់ថា៖ «ខ្ញុំសូមលើកទឹកចិត្តទៅដល់មន្ត្រីនគរបាលពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងការងារគ្រប់គ្រងមុខសញ្ញា និងនីតិវិធី កសាងសំណុំរឿងដើម្បីមានភ័ស្តុតាងរឹងមាំដាក់បន្ទុកផ្ដន្ទាទោសឲ្យបានកម្រិតខ្ពស់ ស្របទៅតាមក្រមព្រហ្មទណ្ឌនៃព្រះរាជណាចក្រកម្ពុជា»។
ទន្ទឹមនឹងនេះ លោក ហ៊ឹម យ៉ាន ក៏បានណែនាំឲ្យមានការពិនិត្យឡើងវិញលើករណីមុខសញ្ញាឆក់ដែលត្រូវបានដោះលែង ហើយធ្វើសកម្មភាពឡើងវិញផងដែរ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំនិងចាត់វិធានការបន្តព្រមទាំងបង្កើនការស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបករណីដែលនៅសេសសល់បន្តទៀត។
លោក សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ បានថ្លែងកាលពីថ្ងៃម្សិលមិញថា លោកបានចូលរួមក្នុងកិច្ចប្រជុំ នេះដែរ។
លោកបានអះអាងថា ករណីបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើលួច និងករណីឆក់នៅក្នុងរាជធានីភ្នំពេញនេះគឺ លោកហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានជំរុញលើកទឹកចិត្តឲ្យមន្ត្រីជំនាញនគរបាលគ្រប់ជាន់ថ្នាក់បង្កើនការអនុវត្តផែនការនេះឲ្យមានប្រសិទ្ធភាព។
លោកបន្តថា បន្ទាប់ពីទទួលបទបញ្ជា និងការលើកទឹកចិត្តពីថ្នាក់លើបែបនេះ កម្លាំងនគរបាលទាំងអស់នឹងប្រឹងប្រែងបន្តទៀតដើម្បីចូលរួមកាត់បន្ថយបទល្មើសព្រហ្មទណ្ឌឲ្យបានថយចុះ។
លោក សុង លី បញ្ជាក់ថា៖ «ការងារដែលថ្នាក់លើបានផ្ដាំផ្ញើនេះយើងបានធ្វើកន្លងមកជាហូរហែរួចមកហើយ ប៉ុន្ដែឯកឧត្តម ហ៊ឹម យ៉ាន ក៏បានលើកទឹកចិត្តពួកខ្ញុំបន្ថែមទៀត ដើម្បីបន្តកិច្ចប្រឹងប្រែងអនុវត្តច្បាប់ និងរៀបចំសណ្ដាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញរបស់យើង។ បទល្មើសដែលយើងតែងចុះបង្ក្រាបញឹកញាប់ជាងគេគឺករណីឆក់ទ្រព្យសម្បត្តិពលរដ្ឋ ដូចជា ឆក់កាបូបលុយ ឆក់ទូរស័ព្ទ និងសម្ភារផ្សេងៗទៀត បន្ទាប់ពីនេះ មានករណីប្លន់ និងករណីលួច ក៏មានច្រើនដែរ»។
តាមរបាយការណ៍សង្ខេបស្ដីពីការអនុវត្តផែនការសកម្មភាព បង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើ លួច ឆក់ នៅក្នុងរាជធានីភ្នំពេញប្រចាំខែកុម្ភៈ ដែលអានដោយលោក ស៊ុយ សុគន្ធា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងជាប្រធានលេខាធិការដ្ឋាន បង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើ លួច ឆក់ នៅក្នុងរាជធានីភ្នំពេញបានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី ២៩ ខែកុម្ភ: ឆ្នាំ ២០២០ សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបបានចំនួន ៦២ ករណី ក្នុងចំណោមបទល្មើសដែលបានកើតឡើង ៧១ ករណី។
លោកបន្តថា នៅក្នុងខែកុម្ភៈនោះ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបានចំនួន ៨៨ នាក់ ស្មើ ៨៦ ភាគរយ បើធៀបទៅនឹងខែ មករា ឆ្នាំ ២០២០ ខណៈបទល្មើសកើនឡើង ១៣ ករណីស្មើនឹង ២៤ ភាគរយ។
ទន្ទឹមនឹងនេះ ក្នុងចំណោមជនសង្ស័យ ៨៨ នាក់នោះ សមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀនឃើញមានអ្នកផ្ទុកចំនួន ៧៨ នាក់ ស្មើនឹង ៨៩ ភាគរយ៕