ភ្នំពេញៈ សមត្ថកិច្ចបានឲ្យដឹងថា លំនៅឋានប្រជាពលរដ្ឋចំនួន ១៥ ល្វែងស្មើនឹង ១៦០ បន្ទប់ស្ថិតនៅស្របតាមបណ្ដោយផ្លូវរថភ្លើងក្នុងភូមិបាក់ទូកសង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងកាលពីវេលាម៉ោង ១:៣០ នាទីរំលងអធ្រាត្រចូលថ្ងៃទី ០៦ ខែមករាឆ្នាំ ២០២០។
លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លំនៅឋានប្រជាពលរដ្ឋដែលរងការឆេះខូចខាតទាំងនោះ ភាគច្រើនជាសំណង់មិនរៀបរយ ធ្វើពីឈើប្រក់ស័ង្កសី ហើយប្រជាពលរដ្ឋដែលរស់នៅក្នុងបន្ទប់ផ្ទះជួលនោះភាគច្រើនជាជនចំណាកស្រុកពីបណ្ដាខេត្តមួយចំនួន ដើម្បីរកការងារធ្វើក្នុងរាជធានីភ្នំពេញ។
លោកបានបញ្ជាក់ថា៖ «គ្រោះអគ្គិភ័យនេះ មិនបង្កឲ្យពលរដ្ឋណាម្នាក់រងរបួស ឬបាត់បង់ជីវិតនោះទេ»។
លោក ពិសី បានបន្តថាយ៉ាងណាក៏ដោយរហូតដល់រសៀលថ្ងៃចន្ទម្សិលមិញនេះ ក្រុមមន្ត្រីនគរបាលជំនាញផ្នែកបង្ការ និងពន្លត់អគ្គិភ័យនៅពុំទាន់ស្រាវជ្រាវដឹងអំពីមូលហេតុនៃការឆេះនេះនៅឡើយទេ ប៉ុន្តែបើតាមសម្ដីរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ ករណីគ្រោះអគ្គិភ័យនេះអាចបណ្ដាលមកពី «ការផ្ទុះឆ្លងចរន្តអគ្គិសនី»។ ជុំវិញករណីនេះលោក ព្រំ យ៉ន ប្រធានការិយាល័យនគរបាលកងពន្លត់អគ្គិភ័យរាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃម្សិលមិញថា ក្រុមមន្ត្រីនគរបាលជំនាញពន្លត់អគ្គិភ័យកំពុងបន្តត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកសួរជនរងគ្រោះ ពិសេសម្ចាស់ទីតាំងបន្ទប់ជួល ដើម្បីស្រាវជ្រាវរកមូលហេតុដែលនាំឲ្យកើតមានគ្រោះអគ្គិភ័យនេះ។
លោក យ៉ន បានថ្លែងថា៖ «ក្នុងជំហានដំបូងនេះ ក្រុមមន្ត្រីជំនាញបានសន្និដ្ឋានថា ករណីគ្រោះអគ្គិភ័យនេះបណ្ដាលមកពីការផ្ទុះឆ្លងចរន្តអគ្គិសនី ដោយក្នុងតំបន់នេះជាសំណង់មិនរៀបរយ និងមានខ្សែភ្លើងតខ្វាត់ខ្វែងមិនស្របតាមស្តង់ដាបច្ចេកទេស»។
លោក យ៉ន បានបន្តថា ដើម្បីពន្លត់អគ្គិភ័យនេះក្រុមសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តបាញ់ទឹកចំនួន ៤២ គ្រឿង និងចំណាយពេលអស់ជិត ២ ម៉ោងពោលគឺភ្លើងចាប់ផ្ដើមឆេះនៅវេលាម៉ោង ១:៣០ នាទីរំលងអធ្រាត្រចូលថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២០ ហើយរលត់អស់ទាំងស្រុងនៅវេលាម៉ោង ៣:១៥ នាទីព្រឹកថ្ងៃដដែល។
បើតាមលោក យ៉ន នៅក្នុងដើមខែមករា ឆ្នាំ ២០២០ នេះនៅរាជធានីភ្នំពេញមានករណីគ្រោះអគ្គិភ័យកើតឡើងចំនួន ២ លើកហើយ ដែលលើកទី ១ កើតឡើងនៅរសៀលថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២០ ក្នុងសង្កាត់បឹងកេងកង ២ ខណ្ឌបឹងកេងកងដោយបានបង្កការខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ២ ខ្នងផ្ទះ និងលើកទី ២ នេះនៅក្នុងសង្កាត់ទួលសង្កែ ១ ខណ្ឌឫស្សីកែវ ដោយបានបំផ្លាញផ្ទះអស់ ១៥ ល្វែងស្មើនឹង ១៦០ បន្ទប់ រួមទាំងទ្រព្យសម្បត្តិជាច្រើនលានទៀត។ ប៉ុន្តែគ្មានពលរដ្ឋណាម្នាក់រងរបួស ឬស្លាប់នៅក្នុងគ្រោះអគ្គិភ័យទាំង ២ លើកនោះទេ៕