ភ្នំពេញៈ ផ្ទះឈើប្រក់ស័ង្កសីចំនួន ២០ ខ្នងដែលមានមនុស្សរស់នៅប្រមាណ ៣៥ គ្រួសារត្រូវបានអគ្គិភ័យឆេះខ្ទេចកាលពីម៉ោង ៥ ព្រឹកម្សិលមិញនៅសង្កាត់បឹងទំពុន ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញតែគ្មានមនុស្សគ្រោះថ្នាក់ទេឯមូលហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវដោយហៅម្ចាស់ផ្ទះបង្កមកសួរ ខណៈអ្នកជិតខាងមិនសុខចិត្តនឹងម្ចាស់ផ្ទះដើមហេតុ។
លោក ឈាង ផាន់ណារ៉ា ស្នងការរងទទួលផែនពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍ថាករណីគ្រោះអគ្គិភ័យឆេះផ្ទះពលរដ្ឋនៅសង្កាត់បឹងទំពុន ២ នេះគឺសមត្ថកិច្ចលោកនៅមិនទាន់ដឹងពីមូលហេតុឲ្យពិតប្រាកដទេ ខណៈនៅកំពុងស្រាវជ្រាវ។
លោកបានប្រាប់ថា៖ «ករណីនេះយើងកំពុងស្រាវជ្រាវរកមូលហេតុពិតហើយដំបូងនេះយើងមិនទាន់ដឹងថាការឆេះនេះបណ្តាលមកពីមូលហេតុអីនោះទេ»។
ពាក់ព័ន្ធនឹងការឆេះនេះដែរលោក ឃុន ឡេង នាយប៉ុស្តិ៍នគរបាលសង្កាត់បឹងទំពុន ២ បានឲ្យដឹងដែរថា ម្ចាស់ផ្ទះបង្កហេតុនោះឈ្មោះ សម្បត្តិ ចាន់ថារិទ្ធ ភេទប្រុស អាយុ ២៦ ឆ្នាំដែលមានប្រពន្ធឈ្មោះ ឡូ សុភី មានកូន ២ នាក់ ប៉ុន្តែមិនរស់នៅជុំជាមួយគ្នាទេ។
លោកបានប្រាប់ថា៖ «យើងកំពុងហៅម្ចាស់ផ្ទះដែលបង្កអគ្គិភ័យមកសាកសួរ ប៉ុន្តែយើងនៅមិនទាន់ដឹងថា បណ្តាលមកពីអ្វីពិតប្រាកដទេ ហើយគាត់ជាម្ចាស់ផ្ទះក៏មិនដឹងថាមកពីអ្វីដែរ។ យើងគ្រាន់តែធ្វើកំណត់ហេតុពីចម្លើយរបស់ម្ចាស់ផ្ទះបង្ក តែយើងមិនទាន់ដឹងថានឹងឃាត់ខ្លួនគាត់ឬយ៉ាងណានៅឡើយទេ»។
លោកប្រាប់បន្តថាគ្រោះអគ្គិភ័យនេះសមត្ថកិច្ចបានរកឃើញថា ផ្ទះដែលឆេះមាន ២០ ខ្នង ហើយគ្រួសាររងគ្រោះមានប្រមាណ ៣៥ គ្រួសារដែលផ្ទះភាគច្រើនមានទំហំ ៤ គុណនឹង ៧ ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសី។ ប៉ុន្តែក្នុងហេតុការណ៍នេះពុំមាននរណាម្នាក់គ្រោះថ្នាក់ទេ។
លោកប្រាប់បន្ថែមថានៅពេលលោកកោះហៅបុរសម្ចាស់ផ្ទះមកសាកសួរ គាត់បានប្រាប់ថាគាត់មានកូន ២ នាក់ ប៉ុន្តែកូនៗមិននៅជាមួយគាត់ទេគឺនៅជាមួយម្តាយគេ។
លោកថាបើតាមចម្លើយមុនពេលកើតហេតុ គាត់បានចាកចេញពីផ្ទះនៅពេលទៀបភ្លឺថ្ងៃទី ២៤ ខែមិថុនាដើម្បីយកម៉ូតូទៅលក់ និងបានបញ្ជាក់ប្រាប់ថាគាត់គ្មានមុខរបរអ្វីពិតប្រាកដទេ។
ទោះយ៉ាងណាលោក អ៊ុល សុផាត អាយុ ៦១ ឆ្នាំដែលជាអ្នកជិតខាងរងគ្រោះម្នាក់បានប្រាប់កាលពីម្សិលមិញថា នៅផ្ទះបង្កនោះម្ចាស់ផ្ទះមិនសូវនៅទេ តែនៅយប់មុនកើតហេតុគឺពីក្បាលព្រលប់ ម្ចាស់ផ្ទះបង្កបានមកសុំតភ្លើងអគ្គិសនីពីផ្ទះអ្នកជិតខាងដើម្បីផឹកស៊ីជាមួយមិត្តភក្តិ។ លុះដល់ម៉ោងប្រមាណ ៥ ទៀបភ្លឺស្រាប់គេឃើញភ្លើងឆាបឆេះចេញពីផ្ទះនោះ ហើយម្ចាស់ផ្ទះក៏ចេញមកឈរមើលភ្លើងឆេះដែរ ព្រោះពេលនោះគាត់ក៏ស្លន់មិនដឹងធ្វើយ៉ាងម៉េចដែរទេ។
លោក សុផាត បន្តថា៖ «ខ្ញុំជាអ្នករងគ្រោះម្នាក់គឺខ្ញុំចង់ឲ្យគាត់ឆ្លើយសារភាពសុំទោស គ្មាននរណាគេយកទោសពៃរ៍អីគាត់ទេសុទ្ធតែខ្មែរដូចគ្នា។ បើគ្នាមានបំណងចង់ឲ្យឆេះផ្ទះនោះគឺគាត់រត់ចោលហើយ ហើយពេលឆេះគាត់នៅក្នុងផ្ទះនោះ តែគាត់ក៏ស្លន់ដែរនៅពេលនោះ»។
ប៉ុន្តែសម្រាប់លោក ណុប រស្មី អាយុ ២៩ ឆ្នាំដែលផ្ទះលោកត្រូវភ្លើងឆេះដែរនោះបាននិយាយថា ការឆេះនោះជាការឆ្លងចរន្តអគ្គិសនី ប៉ុន្តែបើតាមលោកដឹងគឺផ្ទះបង្កហេតុនោះមិនប្រើភ្លើងអគ្គិសនីទេ។
ដោយបានអះអាងថាជាតំណាងឲ្យជនរងគ្រោះផ្សេងទៀតលោក រស្មី បានបញ្ជាក់ថា ពួកគាត់កើតទុក្ខមិនសុខចិត្តទេប្រសិនបើសមត្ថកិច្ចមិនឃាត់ខ្លួនជនម្ចាស់ផ្ទះបង្កអគ្គិភ័យទេនោះ។
លោក ណុប រស្មី បានបន្ដថា៖ «យើងផឹកស៊ីហើយមកបង្កមហន្តរាយដល់គេឯង ព្រោះម្ចាស់ផ្ទះផឹកស៊ីដល់ម៉ោងជាង ១២ យប់ ។ នេះមិនគ្រោះថ្នាក់ដល់ជីវិតមនុស្ស វាឆេះត្រឹមតែទ្រព្យសម្បត្តិ។ ពួកខ្ញុំជាជនរងគ្រោះ មិនសុខចិត្តឲ្យជននោះរួចខ្លួនទេ»៕