The Phnom Penh Post Search

Search form

អគ្គិភ័យ​ឆេះ​ផ្ទះ​អស់​ ៦៤ ​ខ្នង​ និង​ទ្រព្យសម្បត្តិ​ជាច្រើន​ទៀត​នៅ​ខណ្ឌ​ឫស្សីកែវ

Content image - Phnom Penh Post
មន្ត្រី​ព្យាយាម​ពន្លត់ភ្លើង​ឆេះ​ផ្ទះ​ក្នុង​សង្កាត់​ឫស្សីកែវ​កាលពី​វេលា​ជិត​ភ្លឺ​ម្សិលមិញ​។ រូប ហេ្វសប៊ុក

អគ្គិភ័យ​ឆេះ​ផ្ទះ​អស់​ ៦៤ ​ខ្នង​ និង​ទ្រព្យសម្បត្តិ​ជាច្រើន​ទៀត​នៅ​ខណ្ឌ​ឫស្សីកែវ

ភ្នំពេញៈ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ចំនួន​ ៦៤​ ខ្នង​រួមទាំង​ទ្រព្យសម្បត្តិ​ត្រូវ​បាន​វិនាស​ដោយ​ភ្លើង​ទាំង​ស្រុង​កាលពី​ម្សិលមិញ​នៅ​វេលា​ទៀបភ្លឺ​ស្ថិត​នៅ​ក្នុង​ភូមិ​មិត្តភាព សង្កាត់-ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ប៉ុន្តែ​មិន​មាន​មនុស្ស​ស្លាប់ និង​របួស​នៅក្នុង​ឧបទ្ទវហេតុ​នោះ​ទេ​។ នេះ​បើ​យោង​តាម​របាយការណ៍​នគរបាល​។

លោក ទៀង ច័ន្ទសារ អធិការនគរបាល​ខណ្ឌ​ឫស្សីកែវ​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា បើ​តាម​ការសន្និដ្ឋាន​ជា​បឋម​របស់​សមត្ថកិច្ច​គឺ​អគ្គិភ័យ​ឆាបឆេះ​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​ហើយ​ផ្ទះ​ដែល​ឆេះ​នោះ​មាន​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម និង​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​លាយ​ចម្រុះ​គ្នា​។

លោក ច័ន្ទសារ ថ្លែង​ថា​៖ «​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ទាន់​ពេលវេលា​។ យើង​បាន​រំដោះ​ចាស់ជរា និង​ស្ត្រី​មាន​ផ្ទៃពោះ​ទៅ​កន្លែង​សុវត្ថិភាព​»​។

លោក ច័ន្ទសារ បាន​អះអាង​ផង​ដែរ​ចំពោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​មក​ជួយ​ពន្លត់ភ្លើង​នោះ​មាន​រថយន្ត​មកពី​ខណ្ឌ​ជ្រោយចង្វារ​មកពី​សាលា​រាជធានី​ភ្នំពេញ និង​ខាង​ខណ្ឌ​ឫស្សីកែវ​ដែល​សរុប​ទាំងអស់​មាន​ចំនួន​ ៣២ ​គ្រឿង និង​ប្រើ​អូប័រ​បាញ់​ទឹក​ចំនួន ​២ ​គ្រឿង​ថែម​ទៀត​។

ទោះ​យ៉ាង​ណា​លោក​អធិការ​ខណ្ឌ​រូប​នេះ​បញ្ជាក់​ប្រាប់​ថា ចំពោះ​ការខូចខាត​ទ្រព្យសម្បត្តិ​យ៉ាង​ណា​នោះ​លោក​មិន​អាច​វាយតម្លៃ​កំណត់​បាន​ថា​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ​។

លោក តូច គឹមសុង នាយប៉ុស្តិ៍​នគរបាល​ខណ្ឌ​ឫស្សីកែវ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​តំបន់​ដែល​ឆេះ​នោះ​មាន​ផ្លូវ​តូចចង្អៀត​អ៊ីចឹង​ហើយ​មន្ត្រី​ពន្លត់​អគ្គិភ័យ​មិន​អាច​បើក​រថយន្ត​ចូល​ដល់​ទេ ដូច្នោះ​ត្រូវ​អូស​ទុយោ​ចូល​ប្រហែល​ជាង​ ២០០ ​ម៉ែត្រ​ជា​មធ្យោបាយ​ពន្លត់ភ្លើង​។

លោក គឹមសុង ថ្លែង​ថា​៖ «​ពិត​ណាស់​ផ្លូវ​វា​ចង្អៀត​មែន​ដែល​មិន​អាច​ឲ្យ​រថយន្ត​ចូល​ដល់ ដូច្នេះ​កម្លាំង​ពន្លត់​អគ្គិភ័យ​យើង​មាន​តែ​ប្រើ​មធ្យោបាយ​អូស​ទុយោ​ (​ដូច្នេះ​ទើប​ធ្វើឲ្យ​មាន​ការយឺតយ៉ាវ​ក្នុង​ការ​សង្គ្រោះ​ដែល​បណ្ដាល​ឲ្យ​ផ្ទះ​ឆេះ​ច្រើន​)​។

លោក ប៉ក់ សាវឿន មេភូមិ​មិត្តភាព​បាន​ប្រាប់​ដែរ​ថា ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​ ៣ និង​ ១៥ ​នាទី​ទៀបភ្លឺ​ហើយ​រលត់​ទៅ​វិញ​នៅ​ម៉ោង​ ៦ និង​ ២៥​ ​នាទី​ហើយ​ផ្ទះ​ដែល​ឆេះ​នោះ​សរុប​មាន​ ៦៤ ​ខ្នង​ស្មើ​ ៦៧ ​គ្រួសារ​ក្នុង​នោះ​មាន​ ១២ ​គ្រួសារ​ជា​ជនជាតិ​ខ្មែរ​ក្រៅ​ពី​នោះ​ជា​ផ្ទះ​របស់​ជនជាតិ​វៀតណាម​។

លោក​បញ្ជាក់​ប្រាប់​ថា​៖ «​តំបន់​ដែល​ត្រូវ​អគ្គិភ័យ​ឆេះ​នោះ​ជា​តំបន់​មិន​រៀបរយ​នៅ​ប្រប​មាត់ទន្លេ​ហើយ​ក្នុង​ភូមិ​របស់​លោក​ភាគច្រើន​ជា​ប្រជាជន​វៀតណាម​រស់នៅ​។ ប្រជាជន​វៀតណាម​ទាំងនោះ ពួកគាត់​មាន​ជីវភាព​មិន​ធូរធារ​ប៉ុន្មាន​ទេ​ដែល​គ្រួសារ​ខ្លះ​​រត់​ម៉ូតូឌុប ខ្លះ​នេសាទ​ត្រី និង​ខ្លះទៀត​ប្រកបរបរ​ផ្សេងៗ ប៉ុន្តែ​ពួកគាត់​​ស្លូតបូត​មិន​លេង​ល្បែង​ ឬ​មិន​បង្ក​ទំនាស់​ទាស់ទែង​គ្នា​ដែល​រំខាន​ដល់​អាជ្ញាធរ​ទេ​»​។

លោក​ ឈាង ផាន់ណារ៉ា ស្នងការរង​រាជធានី​ភ្នំពេញ​ទទួល​ផែន​ពន្លត់​​អគ្គិភ័យ​បាន​ប្រាប់​ថា ចំពោះ​គ្រោះ​អគ្គិភ័យ​នៅក្នុង​រយៈពេល​ ៦ ​ខែ​ដើម​ឆ្នាំ​ ២០១៨ ​នេះ​មាន​ជាង​ ៥០ ​លើក​ស្លាប់​មនុស្ស​ម្នាក់​។ ចំណែក​ការបាត់បង់​ទ្រព្យសម្បត្តិ​ដែល​វិនាស​ដោយ​ភ្លើង​មិន​ត្រូវ​បាន​គណនា​ដឹង​ទេ​៕

អត្ថបទគួរចាប់អារម្មណ៍