ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ផ្នែកពន្លត់អគ្គិភ័យរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងនៅថ្ងៃម្សិលមិញថា គ្រោះថ្នាក់ភ្លើងឆេះផ្ទះលក់ហ្គាស នៅសង្កាត់ទួលសង្កែ ២ ខណ្ឌឫស្សីកែវ កាលពីថ្ងៃសៅរ៍គឺបានបង្កឡើងដោយសារជាងផ្សារដែកធ្វើធ្នើដាក់សម្ភារ ធ្វើការដោយ «ខ្វះការប្រុងប្រយ័ត្ន»។
លោក ព្រំ យ៉ន ប្រធានការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គ្រោះអគ្គិភ័យនៅទីតាំងខាងលើនេះ ដើមហេតុមកពីជាងផ្សារដែក ដែលត្រូវបានជួលមកផ្សារធ្វើធ្នើរដាក់សម្ភារនៅឃ្លាំងស្តុកហ្គាស យីហោ សេង ហួត បានធ្វើឲ្យធ្លាក់កម្ទេចធូបផ្សារដែក លើគំនរកំប៉ុងហ្គាសតូចៗ បណ្ដាលឲ្យផ្ទុះឆេះ និងរាលដាលទៅកាន់ឃ្លាំងសម្ភារផ្ទះបាយមួយទៀត រួមទាំងបន្ទប់ជួលចំនួន ២ និងវិឡាភ្លោះកូនកាត់កម្ពស់ ៤ ជាន់ ១ ខ្នងថែមទៀត ដែលសរុបជាទឹកប្រាក់ អស់ជាង ១ លានដុល្លារ។
លោក យ៉ន ថ្លែងថា៖ «ទោះជាបែបណាក្ដីឃ្លាំង ស្តុកហ្គាស និងស្តុកសម្ភារ ព្រមទាំងផ្ទះវិឡា និងបន្ទប់ជួល ទាំងនោះ គឺជាកម្មសិទ្ធិរបស់លោក សេង ហួត ជាមន្ត្រីនគរបាលបម្រើការនៅក្រសួងមហាផ្ទៃ។ មកដល់ថ្ងៃនេះ សមត្ថកិច្ចយើងនៅមិនទាន់ទទួលបានពាក្យបណ្ដឹងពីលោក សេង ហួត ក្នុងការទាមទារសំណងខូចខាតណាមួយពីក្រុមជាងផ្សារដែក ដែលធ្វើការដោយធ្វេសប្រហែសទាំងនោះនៅឡើយទេ»។
លោក យ៉ន ថ្លែងថា នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនោះ ក្រុមកម្លាំងកងពន្លត់អគ្គិភ័យមកពីអង្គភាពចម្រុះបានប្រើប្រាស់រយៈពេលប្រមាណ ៣ ម៉ោង ដោយប្រើប្រាស់ទឹកសរុបចំនួន ៥០ ម៉ែត្រគុប។ យ៉ាងណាក៏ដោយនៅក្នុងហេតុការណ៍នោះ ពុំបានបង្កឲ្យពលរដ្ឋណាម្នាក់ស្លាប់ឬរងរបួសទេ លើកលែងតែក្រុមមន្ត្រីកងពន្លត់អគ្គិភ័យ ២ នាក់ ដែលម្នាក់ឈ្មោះ សេក ធឿន អាយុ ៥៥ ឆ្នាំ មកពីនាយកដ្ឋានកងពន្លត់អគ្គិភ័យនៃក្រសួងមហាផ្ទៃ និងម្នាក់ទៀតឈ្មោះឡៃ អៀង អាយុ ២៣ ឆ្នាំ មកពីក្រុមហ៊ុន OCIC រងរបួសស្រាល។
លោក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យនៃក្រសួងមហាផ្ទៃ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០១៩ នេះ គ្រោះអគ្គិភ័យនៅទូទាំងប្រទេសបានកើតឡើងចំនួន ៣៩៩ ករណី ដោយបានសម្លាប់ប្រជាពលរដ្ឋចំនួន ១៧ នាក់ និង ៤៧ នាក់ទៀតរងរបួស។
លោក វន្ថា ថ្លែងថា៖ «ខេត្តក្រុងដែលមានករណីគ្រោះអគ្គិភ័យច្រើនជាងគេ គឺរាជធានីភ្នំពេញ បន្ទាប់មកខេត្តសៀមរាប ប៉ុន្តែខេត្តដែលមានករណីមនុស្សស្លាប់ច្រើនជាងគេក្នុងគ្រោះអគ្គិភ័យគឺខេត្តស្ទឹងត្រែង»។
លោកបានបន្តថា តាមការសិក្សាស្រាវជ្រាវ គ្រោះអគ្គិភ័យ ដែលបានកើតឡើងកន្លងមកនេះ ត្រូវបានកត់សម្គាល់ឃើញថា ៤១ ភាគរយ បង្កឡើងដោយសារការផ្ទុះឆ្លងចរន្តអគ្គិសនី ៣៩ ភាគរយ គឺបានបង្កឡើងដោយការប្រើប្រាស់ភ្លើង (ចង្ក្រានដាំស្ល ដុតធូប ទៀន ដុតព្រៃ) ដោយខ្វះការប្រុងប្រយ័ត្ន និង ២០ ភាគរយទៀត គឺគ្មានមូលហេតុច្បាស់លាស់ និងកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។
លោកបានប្រាប់ឲ្យដឹងទៀតថា នៅក្នុងសប្ដាហ៍ទី៤ នៃខែ មិថុនា ឆ្នាំ ២០១៩ នេះ នាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យនៃក្រសួងមហាផ្ទៃ នឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិមួយស្ដីពី «ការពង្រឹងវិធានការទប់ស្កាត់ អគ្គិភ័យតាមគោលដៅ» ដែលសិក្ខាសាលានេះ នឹងមានការអញ្ជើញមន្ត្រីសំខាន់ៗមកពីស្ថាប័ន និងអង្គភាពពាក់ព័ន្ធមួយចំនួន រួមទាំងតំណាងក្រុមហ៊ុនមួយចំនួនចូលរួម ពិសេសគឺខាងក្រុមហ៊ុនប្រេងឥន្ធនៈ សណ្ឋាគារ ភោជនីយដ្ឋាន និងរោងចក្រ៕